ភ្នំពេញ៖ អង្គការសម្ព័ន្ធខ្មែរជំនឿ និងការពារសិទ្ធិមនុស្ស លីកាដូ បានអំពាវនាវសម្រាប់ការបរិច្ចាគដើម្បីជួយដល់ស្ត្រី និងកុមារីនៅក្នុងពន្ធនាគារ ដែលខ្វះលទ្ធភាពទទួលបានសំឡីអនាម័យ។
គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយសារស្ត្រី និងកុមារីជាច្រើននាក់ដែលកំពុងជាប់ក្នុងពន្ធនាគារ មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់សំឡីអនាម័យស្ត្រី និងមិនអាចគ្រប់គ្រងវដ្តរដូវប្រកបដោយសុវត្ថិភាព និងសមរម្យបាន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត បានឱ្យដឹងថា សំឡីអនាម័យជាសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់សម្រាប់ស្ដ្រី និងកុមារី ជាពិសេស អ្នកនៅក្នុងពន្ធនាគារ ដែលមិនមានភាពងាយស្រួលដូចជាស្ដ្រី និងកុមារីនៅខាងក្រៅនោះទេ។
លោក សំអាត បានថ្លែងថា៖ «ការស្វែងរកសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនចាំបាច់ទាំងនេះមិនមានភាពងាយស្រួលចំពោះពួកគេនៅក្នុងពន្ធនាគារនោះទេ»។
មានស្ត្រីចំនួន ២៧៤០ នាក់ រួមទាំងអនីតិជនចំនួន ១១៧ នាក់ ត្រូវបានឃុំខ្លួននៅទូទាំង ១៩ ពន្ធនាគារ ដែលត្រួតពិនិត្យដោយអង្គការលីកាដូ។
លោកមើលឃើញថា អគ្គនាយកដ្ឋានពន្ធនាគារមានការយកចិត្ដទុកដាក់ចំពោះបញ្ហានេះដែរ តែវាទាក់ទងនឹងលទ្ធភាព ដោយសារពន្ធនាគារមានច្រើន ហើយចំនួនស្ដ្រីជាប់ពន្ធនាគារក៏មានច្រើន ជាផលលំបាកមួយដែរ។
ជាការចូលរួមចំណែកមួយដល់សុខភាពស្ដ្រី និងកុមារី អង្គការលីកាដូ បានធ្វើការអំពាវនាវដល់សប្បុរសជនជួយលើបញ្ហាអនាម័យ ជាពិសេសវដ្ដនៃរដូវរបស់ស្ដ្រី។
ក្រៅពីការចូលរួមជួយដោះស្រាយបញ្ហាអនាម័យ អង្គការលីកាដូមើលឃើញពីផលលំបាកនៃការចង្អៀតណែននៃអ្នកទោសក្នុងពន្ធនាគារ ដែលជះឥទ្ធិពលដល់សុខភាព និងអនាម័យ។
លោក សំអាត បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បញ្ហានោះ ត្រូវមានយន្ដការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ»។
សប្បុរសជនអាចធ្វើការបរិច្ចាគសំឡីអនាម័យនៅការិយាល័យលីកាដូផ្ទាល់ នៅចន្លោះម៉ោង ៨ព្រឹក ដល់ ម៉ោង ៥ល្ងាច នៅការិយាល័យអង្គការ លីកាដូ ដែលមានអាសយដ្ឋាន ផ្ទះលេខ១៦ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពួកគេក៏អាចបរិច្ចាគជាទឹកប្រាក់ ដែលនឹងប្រើប្រាស់ដោយអង្គការលីកាដូ ដើម្បីទិញសំឡីអនាម័យ និងចែកចាយដល់ស្ត្រី និងកុមារីក្នុងពន្ធនាគារដោយតម្លាភាព។
ការបរិច្ចាគនូវសំឡីអនាម័យចំនួន ពីរកញ្ចប់ អាចជួយស្ត្រី ឬក្មេងស្រី គ្រប់គ្រងរដូវរបស់ពួកគេដោយសុវត្ថិភាពក្នុងរយៈពេលមួយខែ ក្នុងខែធ្នូនេះ។
យោងតាមលីកាដូ បានបន្ដថា៖ «ការបរិច្ចាគជាទឹកប្រាក់ចំនួនប្រាំពីរដុល្លារ នឹងធ្វើឱ្យស្ត្រី ឬក្មេងស្រីម្នាក់ មានសំឡីអនាម័យប្រើប្រាស់គ្រប់គ្រាន់សម្រាប់រយៈពេលប្រាំមួយខែ។ ការបរិច្ចាគជាទឹកប្រាក់ចំនួន ដប់បួន ដុល្លារ នឹងធ្វើឱ្យស្ត្រីឬក្មេងស្រីម្នាក់ មានសំឡីអនាម័យប្រើប្រាស់គ្រប់គ្រាន់សម្រាប់រយៈពេលមួយឆ្នាំពេញ»។
គម្រោង «កុមារតាមម្តាយក្នុងពន្ធនាគារ» របស់អង្គការ លីកាដូ កំពុងធ្វើការងារលើកកម្ពស់សិទិ្ធស្ត្រី និងកុមារីនៅក្នុងពន្ធនាគារ និងខិតខំព្យាយាមផ្តល់ឱ្យអ្នកទាំងនោះ នូវសំឡីអនាម័យដោយឥតគិតថ្លៃ និងលទ្ធភាពក្នុងការប្រើប្រាស់សំឡីអនាម័យឱ្យបានជាប់លាប់។
លីកាដូ បានឱ្យដឹងថា៖ «សុខភាពវដ្តរដូវរបស់ស្ត្រី ជាសិទ្ធិមនុស្ស។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់អស់លោកអ្នកក្នុងការជួយដល់ស្ត្រី និងក្មេងស្រី ឱ្យទទួលបាននូវសម្ភារៈ ដែលពួកគេត្រូវការ ហើយសមនឹងទទួលបាន»។
កាលបរិច្ឆេទសំឡីអនាម័យផុតកំណត់ទទួលជំនួយនៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥។ ទាក់ទងលេខទូរស័ព្ទសម្រាប់ព័ត៌មានលម្អិត ០១២ ៥៣៦ ៣០០ ឬ ០១៥ ៥៥៣ ៨៥៥៕