ភ្នំពេញៈ ជនបរទេស​ចំនួន៩៣​នាក់ត្រូវបាន​ឃាត់ខ្លួន នៅក្នុងការ​ឆ្មក់បង្រ្កាបបទ​ល្មើស​គ្រឿងញៀន​មួយកន្លែង​ស្ថិតក្នុងសង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នាយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែធ្នូនេះ ដោយកម្លាំង​អាវុធហត្ថរាជធានី​ភ្នំពេញ។

ជនជាតិបរទេសទាំងនោះ មានដូចជា ជនជាតិខ្មែរ ចិន វៀតណាម ដែលក្នុងនោះមានស្រី៤៩នាក់ ហើយវត្ថុតាងដែលបានរកឃើញរួមមានថ្នាំញៀនចម្រុះ ជាង៤០០កញ្ចប់ បំពង់ខ្យល់ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានដឹកនាំផ្ទាល់ក្នុងការបង្រ្កាបនេះ។

ទីតាំងគ្រឿងញៀនមួយកន្លែងនេះ ជ្រកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ហើយពេលបច្ចុប្បន្ននេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីបន្តលើករណីនេះ។

ការឆ្មក់បង្រ្កាបនេះធ្វើឡើង ក្រោមកិច្ចសហការណ៍ជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ដែលសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ។

ទាក់ទងទៅនឹងការបទល្មើសគ្រឿងញៀននេះផងដែរ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាស ទោសបន្ថែមលើជនជាប់ចោទពាក់ព័ន្ធគ្រឿងញៀនម្នាក់ឈ្មោះ ង្វៀង វ៉ាន់ណឹង ដោយហាមឃាត់ចំពោះការចូល និងការស្នាក់នៅក្នុងទឹកដីកកម្ពុជា នៅពេលដែលអនុវត្តទោសចប់ក្នុងពន្ធនាគារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៥ ខែធ្នូនេះ។

សេចក្តីប្រកាសបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌ លេខ ៣៤៧៨ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទជនបរទេសជាបុរសចំនួន ២នាក់។ ក្នុងនោះ មានឈ្មោះ ង្វៀង ទៀងមិញ អាយុ ៣៣ឆ្នាំ ដាក់ទោសពន្ធនាគារ អស់មួយជីវិត និងពិន័យជាប្រាក់ ចំនួន១០០លានរៀល ពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ 

ម្នាក់ទៀត ឈ្មោះ ង្វៀង វ៉ាន់ណឹង អាយុ ៣៥ឆ្នាំ ដាក់ទោសពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០សិបលានពីបទ សមគំនិតក្នុងអំពើរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត្រា ២៩ មាត្រា ៤០ ច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៥០ កថាខណ្ឌទី២ ក្រមនីតិវិធីព្រហ្មទណ្ឌ។ ចំពោះវត្ថុចាប់យកប្រភេទគ្រឿងញៀន និងសម្ភារពាក់ព័ន្ធនឹងបទល្មើស ត្រូវបានសម្រេចរឹបអូស៕