អ្នកវិភាគ​លើក​ឡើង​ថា ស្ថានភាព​នៅ​កម្ពុជា​មិន​អាច​នាំ​ឲ្យ​ចលនា​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ទទួល​បាន​ជោគជ័យ​ទេ ប្រសិន​បើ​វា​មិន​វិវត្ត​ទៅ​កាន់​តែ​អាក្រក់​ជាង​នេះ បន្ទាប់​ពី​ចលនា​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់​ដោយ​ក្រុម​អតីត​គណបក្ស​ប្រឆាំង។

រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​ធ្នូ​នេះ បាន​រៀប​ចំ​វេទិកា​តុ​មូល ក្រោម​ប្រធាន​បទ «ការ​បង្កើត​ចលនា​តស៊ូ​នៅ​ក្រៅ​ប្រទេស»។ ទោះ​បី​ជា​​ប្រធាន​បទ​នេះ​លើក​ឡើង​ពី​ការ​តស៊ូ​ ឬ ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ប្រទេស​មួយ​ចំនួន​ ក៏​ដោយ​ក៏​វេទិកា​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពី​លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ​និង​សកម្មជន​ផ្សេង​ទៀត បាន​បង្កើត​ចលនា​តស៊ូ​ជា​បន្ត​បន្ទាប់ ដូចជា​ចលនា​សង្គ្រោះ​ជាតិ ហើយ​ចុង​ក្រោយ​នេះ​គឺ​ចលនា «ផ្ការីក»។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​​នេះ​ថា៖ «រាល់​​ចលនា​ជាតិ​តស៊ូ តែង​ប្រើ​យុទ្ធសាស្ត្រ​ផ្ការីក។ ក្នុង​យុទ្ធសាស្ត្រ​នេះ មិន​ចាំ​បាច់​លើក​កម្លាំង​ទៅ​វាយ​យកទី​តាំងណា​មួយ​ពីក្រៅទេ ​តែ​ត្រូវ​ប្រើ​វិធី​ឲ្យ​កម្លាំង​បង្កប់​ផ្ទុះ​ពី​ខាង​ក្នុង​មក​វិញ»។

លោក​សរសេរ​បន្ត​ថា៖ «ត្រូវ​រៀប​ចំ​និង​បង្កើន​កម្លាំង​បង្កប់ ដោយ​លើកទឹក​ចិត្ត​អ្នក​តស៊ូ ​ដែល​ស្រឡាញ់​ជាតិ និង​ស្រឡាញ់​យុត្តិធម៌ ហើយ​ស្អប់​ខ្ពើម​អំណាច​ផ្តាច់ការ​ អំពើ​ពុករលួយ ភាព​អយុត្តិធម៌ ​វប្បធម៌​គ្រួសារ​និយម និង​ទង្វើ​ក្បត់​ជាតិ»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង ចលនា​តស៊ូ​របស់​អតីត​គណបក្ស​ប្រឆាំង​ បាន​ច្បាប់​ផ្ដើម​ជា​បន្ត​បន្ទាប់​​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧។

លោក​ថា ​ជាទូទៅ ទាំង​នៅ​កម្ពុជា និង នៅ​ប្រទេស​ផ្សេងៗ​ទៀត ឬស​គល់​ដែល​ធ្វើ​ឲ្យ​មាន​ការ​ក្រោក​ឈរ​ពី​សំណាក់​ប្រជាពលរដ្ឋ ឬ​ ឫសគល់​នៃ​ចលនា​បដិវត្តន៍​កើត​ចេញ​មក​អំពើ​​អយុត្តិធម៌​នៅ​ក្នុង​សង្គម ​បូក​នឹង​កត្តា​រួម​ផ្សំ​ពី​ខាង​ក្រៅ ​ដូចជា ការ​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ​របស់​មហា​អំណាច​ជា​ដើម។ 

លោក មាស នី អ្នក​ស្រាវជ្រាវ​និង​អ្នក​ឃ្លាំ​មើល​សង្គម ថ្លែង​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា។ AKP

ហេតុ​ដូច្នេះ ​ដើម្បី​ពន្លត់​ភ្លើងទាំ​ង​អស់​បាន​  អ្នក​ដែល​មាន​ទំនូរខុ​សត្រូវ ​ជាពិសេស​រាជរដ្ឋាភិបាល​ត្រូវ​ចាត់​ទុក​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ជា​រឿង​សំខាន់ ហើយ​ត្រូវ​រក​ដំណោះ​ស្រាយ​​សម្រាប់​បញ្ហា​ទាំង​នោះ។

ស្រដៀង​គ្នា​នេះ លោក មាស នី ឃ្លាំមើល​បញ្ហា​សង្គម ថ្លែង​នៅ​ក្នុង​វេទិកា​តុ​មូល​នេះ​ថា ក្រុម​អតីត​គណបក្ស​ប្រឆាំង​បង្កើត​ចលនា​តស៊ូ ដោយ​សារ​ពួក​គេ​គិត​ថា វា​មាន​ភាព​ចាំ​បាច់ ដោយ​ផ្នែក​លើ​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស និង​ព័ត៌មាន​ដែល​ពួក​គេ​ទទួល​បាន ពាក់​ព័ន្ធ​នឹង​អំពើ​អយុត្តិធម៌​នានា។

លោក​ថ្លែង​ថា៖ «ក៏​ប៉ុន្តែ​ បើ​យើង​មើល​ពី​ស្ថានភាព​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បើសិន​ជា​ក្នុង​ប្រទេស​កម្ពុជា​យើង​មិន​មាន​អី​ជា​ការ​ប្រែ​ប្រួល​នូវ​នយោបាយ​កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​ទេ​ ខ្ញុំ​គិត​ថា ការ​តស៊ូ​វា​គ្រាន់​តែ​និមិត្ត​រូប​មួយ​សម្រាប់​យក​សំឡេង​អី​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ខាង​ក្រៅ​​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល ប៉ុន្តែ​មិន​មាន​អ្វី​លើស​នេះ​ទេ។ ប៉ុន្តែ បើ​ស្ថានការណ៍​ក្នុង​ស្រុក​ខ្មែរ​កាន់​តែ​ដុន​ដាប អាហ្នឹង​វា​អាច​នឹង​ធ្វើ​ឲ្យ​កម្លាំង​ហ្នឹង​រឹត​តែ​ខ្លាំង វា​ដូចជា​ការ​ហុច​ដាវ​ទៅ​ឲ្យ​គូ​បដិបក្ខ»។

លោក​បន្ត​ថា មិន​ដែល​មាន​រដ្ឋណា​មួយ​ទទួល​ថា ការ​បង្កើត​ចលនា​នៅ​ក្រៅ​ប្រទេស គឺ​ជា​រឿង​ស្រប​ច្បាប់​នោះ​ទេ គឺ​សុទ្ធ​តែ​ក្រៅ​ច្បាប់​ទាំង​អស់។ យ៉ាងណា​ក៏​ដោយ​ អ្នក​ខាង​ក្រៅ​ក៏​មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​ដែរ។​ អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​លើ​ការ​វិវត្ត​នៃ​ស្ថានការណ៍​សង្គម​ និង​សេដ្ឋកិច្ច​ក្នុង​ប្រទស។ 

បើ​យើង​រក្សា​បាន​ល្អ​យើង​ដោះស្រាយ​បាន​ល្អ ហើយ​ពលរដ្ឋ​គាំទ្រ ទោះ​បី​អ្នក​ខាង​ក្រៅ​បង្កើត​ចលនា ១០០​ក្រុម​ទៀត​ក៏​នៅ​តែ​ធ្វើ​អ្វី​មិន​កើត។ ខាង​ក្នុង​ប្រទេស​រៀប​ចំ​ឲ្យ​កាន់​តែ​ល្អ ខាង​ក្រៅ​យូរៗ​ទៅ​ខ្សោះ​អស់​កម្លាំង​គ្មាន​ធនធាន​ឈប់​លេង​និយាយ​លេង​អី​ទាំង​អស់»។

លោក សុខ​ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​រៀបរាប់​ពី​ការ​ខាត​បង់​កើត​ចេញ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ ដូចជា​ការ​បាត់​បង់​ខេត្ត​រាប់​សិប​ទៅ​វៀតណាម និង​ថៃ ដោយារ​តែ​ការ​ជម្លោះ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ 

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា។ AKP

លោក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​គួរ​ឲ្យ​បណ្ដោយ​ឲ្យ​មាន​ការ​បង្កើត​បដិវត្តន៍​ប្រឆាំង​នឹង​កម្ពុជា​ណា​មួយ​នោះ​ទេ​ ហើយ​លោក​គួរ​ប្ដឹង​ទៅ​ប្រទេស​ណា​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឆាំង​បង្កើត​ចលនា​បែប​នេះ។

លោក​បន្ត​ថា ចលនា​បែប​នេះ​មិន​បាន​នាំ​ភាព​រីក​ចម្រើន​ដល់​កម្ពុជា​នោះ​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ចលនា​នេះ​រង​វិធានការ​ផ្លូវ​ច្បាប់ ជាប់​ពន្ធនាគារ​ទៀត​ផង។

លោក​ថា៖ «អ្នក​ឯង​គិត​មើល​ទៅ អ្នក​ឯង​ស្រែក​មួយ​ម៉ាត់​ជាប់​គុក​ប៉ុន្មាន​នាក់»។ លោក​លើក​ឡើង​បែប​នេះ សំដៅ​ទៅ​លើ​វិធានការ​ផ្លូវ​ច្បាប់​លើ​សកម្មជន​ប្រឆាំង​ដែល​ធ្លាប់​បាន​ចូលរួម​ក្នុង​ចលនា​នានា​កាល​ពី​កន្លង​ទៅ។

លោក វណ្ណ ប៊ុនណា ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជន (CYN) បាន​ថ្លែង​ថា អ្នក​នយោបាយ​នៅ​តែ​បន្ត​រក​ការ​ប្រកួត​ប្រជែង​នយោបាយ​តាម​វិធី​នានា​ដែល​អាច​ធ្វើ​បាន។

ក្នុង​ករណី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ វិធី​មួយ​ដើម្បី​ប្រលូក​ក្នុង​សង្វៀន​នយោបាយ​គឺ​ការ​បង្កើត​ចលនា​​នានា​ដើម្បី​​រក្សា​សំឡេង ឬ តស៊ូ​មតិ​លើ​រឿង​អ្វី​មួយ។ យ៉ាងណា​ក៏​ដោយ លោក​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មាន​លំហ​​​មួយ​ដែល​​គ្រប់​អ្នក​នយោបាយ​អាច​​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា៕