ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បញ្ជាក់​ថា ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ នៅ​តែ​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​ធំៗ​ដូចជា​ ទន្សោង​ ខ្ទីង​និង​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ជាសកល​ជាច្រើន​ទៀត។ សត្វព្រៃ​ចំនួន​ ២៨​ប្រភេទ​ត្រូវ​បាន​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​និង​កំណត់​អត្ត​សញ្ញាណ។

ដែន​ជម្រក​ដែល​ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី និងរតនគិរី​ មាន​សត្វ​ព្រៃ​ធំៗ​និង​ប្រភេទសត្វ​កម្រ​ដូច​ជា​ទន្សោង​ខ្ទីង​និង​ស្វា​កន្ទុយ​ស​​ជិត​ផុត​ពូជ​បំផុត ដែល​ពួក​វា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​ព្រៃ។ 

នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​សិក្សា​របស់​អង្គការ​ជីវិតធម្មជាតិ​នៅ​កម្ពុជា​និង​ក្រសួង​បរិស្ថាន​ក្រោមមូលនិធិរបស់​ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) តាម​រយៈ​សកម្មភាព​ USAID ​មរតក​បៃ​តង​ ដែល​ធ្វើ​ឡើង​ពី​ខែ​សីហា​ឆ្នាំ២០២៣ ដល់​ខែ​មិថុនា​ឆ្នាំ​២០២៤។

ការសិក្សា​នេះ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ស្វ័យប្រវត្តិ​ ដោយ​ថត​បាន​សត្វព្រៃ​ចំនួន​២៨​ប្រភេទ​ដែល​មាន​ទំហំ​ផ្សេង​ៗ​គ្នា​រាប់​ចាប់​តាំង​ពី​សត្វខ្ទីង​ដែល​ជា​ប្រភេទ​អំបូរ​សត្វពាហនៈ​មាន​មាឌ​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក រហូត​ដល់​ប្រភេទ​សត្វក្តាន់ញ៉ែង​ដែល​ជា​ប្រភេទ​​អំបូរ​ក្តាន់​តូច​ជាង​គេ​បំផុត​ទីពីរ​នៅ​លើ​ពិភព​លោក។

សត្វស្វា​កន្ទុយ​ស​និង​សត្វ​ទន្សោង​ជា​ចំណាត់​ថ្នាក់​ដែល​ងាយ​នឹង​ឈាន​ដល់​ការ​ផុត​ពូជ​ ក៏​ត្រូវ​បាន​ថត​បាន​ផង​ដែរ បូក​រួម​និង​សត្វ​កំពុង​រងគ្រោះ​ខ្ពស់​ក្នុង​បញ្ជី​ក្រហម​​របស់​អង្គ​ការ​​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN Red List)។

លោក ប៊ូវរសក្ស នាយក​អង្គការ​ជីវិតធម្មជាតិ​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖«ការ​សិក្សា​នេះ​បញ្ជាក់​ថា​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ដែល​ជា​ទីតាំង​កំពុង​អនុវត្ត​គម្រោង​រេដបូក​នេះ ​ពិត​ជា​មាន​សារៈ​សំខាន់​ជា​សកល។ វត្តមាន​នៃ​ប្រភេទ​សត្វ​ដ៏​អស្ចារ្យ​ដូច​ជាខ្ទីង​និង​ទន្សោង​បាន​បង្ហាញ​ពី​តម្រូវការ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្សរួម​គ្នា​ដើម្បី​ការពារ​ជម្រក​ព្រៃ​ឈើ​ដ៏​សំខាន់​ដែល​នៅ​សេសសល់​នេះ»។

លោក​បន្ត​ថា៖ «ដែន​ជម្រក​សត្វព្រៃ​លំផាត់​ផ្តល់​ទីជម្រក​ដល់​សត្វ​ស្លាប​តំណាង​ជាតិ​កម្ពុជា​គឺ​សត្វ​ត្រយង​យក្ស រួមជាមួយ​និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ផ្សេងៗ​ទៀត​ដូច​ជា សត្វត្រយង​ចង្កំ​ក​ស ​និង​សត្វ​ត្មាត​ភ្លើង​ផងដែរ។ លោក​អំពាវនាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ចូល​រួម​ជាមួយ​ក្រសួង​បរិស្ថាន​ដើម្បី​ការ​ពារ​តំបន់​ទេស​ភាព​​ដ៏​វិសេស​នេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។

អ្នកស្រី Kerry Pelzman​ នាយិកា​បេសកកម្ម​នៃ​ USAID បាន​លើក​ឡើង​ថា កិច្ច​សហការ​របស់​ USAID ជាមួយ​ក្រសួង​បរិស្ថាន​និង​អង្គការ​ជីវិតធម្មជាតិ​នៅ​កម្ពុជា ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញា​ចិត្ត​ USAID​ចំពោះ​ការ​អភិរក្ស​ជីវៈ​ចម្រុះ​នៅ​កម្ពុជា​និង​ទទួល​ស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ធម្មជាតិ​ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​និង​កាត់​បន្ថយការ​បំភាយ​ឧស្ម័ន​កាបូន​ឲ្យ​នៅ​ត្រឹម​សូន្យ។

អ្នកស្រី​ថ្លែង​ថា៖ «USAID ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​កម្មវិធី​ដែល​ពង្រឹង​ភាពក្លាហាន​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​ពួក​គេ ​រួម​ទាំង​ការ​ការ​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ​និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​របស់​កម្ពុជា​ផង​ដែរ»។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​ការ​សិក្សា​ស្រាវជ្រាវ​តាម​ដាន​ជីវៈ​ចម្រុះ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខ​ណៈ​ប្រព័ន្ធ​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ ១២៧២ គីឡូម៉ែត្រ​ការ៉េ​នៃ​តំបន់​គម្រោង​រេដបូក ដោយ​មាន​បំពាក់​កាមេរ៉ា​ចំនួន​៤០​ សម្រាប់​រយៈ​ពេល​ ៧៤២៨​ថ្ងៃ ដើម្បី​ថត​យក​រូបភាព។ ​

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ក៏​ផ្តល់​នូវព័ត៌មាន​មូលដ្ឋាន​ដ៏​រឹង​មាំ​មួយ​សម្រាប់​ការ​បន្ត​តាម​ដានពី​ប្រសិទ្ធ​ភាព​នៃ​សកម្មភាព​អភិរក្ស​ក្រោម​គម្រោង​រេដបូក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ទៅ​មុខ​ទៀត​ផង​ដែរ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា កន្លង​មក​ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​៤​ចំណុច​ដើម្បី​ធានា​បាន​នូវ​ការការពារ​និង​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​តំបន់​ការពារ​ធម្មជាតិ​ដែល​សម្បូរ​ដោយ​ព្រៃ​ឈើ​សត្វ​ព្រៃ​និង​ជីវៈ​ចម្រុះ​ផ្សេងៗ​ជាច្រើន​ទៀត។

លោក​ថ្លែង​ថា៖ «លទ្ធផល​នៃ​ការ​សិក្សា​រួមគ្នា​កន្លង​មក​នេះ​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​កម្ពុជា​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ការពារ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​និង​បាន​លើក​កម្ពស់​ជីវភាព​ប្រជាសហគមន៍​កាន់​តែ​ប្រសើរ​នៅ​ក្នុង​តំបន់​ទាំង​នោះ»។

លោក​បន្ត​ថា កម្ពុជា​បាន​ដាក់​ចេញ​យុទ្ធសាស្រ្ត​និង​គោល​នយោបាយ​ជាតិ​ ដូចជា​«យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន» របស់​ក្រសួង​បរិស្ថាន​ក្នុង​គោល​បំណង​តម្រង់​ទិស​និង​ចង្អុល​បង្ហាញ​ការងារ​ជា​អាទិភាព​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ចីរភាព​បរិស្ថាន​និង​សុក្រឹតកម្ម​បរិស្ថាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​និង​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតង​សំដៅ​ធានា​សម្រេច​គោលដៅ​កម្ពុជា​មាន​គម្រប​ព្រៃ​ឈើ​កើន​ឡើង​ច្រើន​និង​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០៕