ភ្នំពេញៈ ប្រហែល១៥ភាគរយ នៃប្រជាជនសរុប និង១៦ភាគរយ នៃផ្ទៃដីកសិកម្មសរុបរបស់កម្ពុជាប្រឈមមុខនឹងហានិភ័យគ្រោះទឹកជំនន់ ហើយនៅត្រឹមឆ្នាំ២០៥០ ការប្រែប្រួល អាកាសធាតុអាចកាត់បន្ថយប្រហែលពី៣ ទៅ៩,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ជាតិ។
នេះបើយោងតាមរបាយការណ៍វាយតម្លៃហានិភ័យគ្រោះមហន្តរាយអាកាសធាតុនៅកម្ពុជា ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យភូមិសាស្រ្ត។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)របស់អង្គការសហប្រជាជាតិ បានបើកសម្ភោធរបាយការណ៍ដ៏សំខាន់មួយនេះ នាថ្ងៃសុក្រ ទី៦ ខែធ្នូនេះ។
នេះគឺជាការប្រើប្រាស់AI និងទិន្នន័យភូមិសាស្រ្តជាលើកដំបូង នៅក្នុងការ វាយតម្លៃ និងវិភាគហានិភ័យគ្រោះមហន្តរាយ នៅ កម្ពុជា ដែលបាន បង្កើតចេញនូវទិន្នន័យយ៉ាងលម្អិតអំពីហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលប្រើប្រាស់ទិន្នន័យចុងក្រោយបំផុតចាប់ពីឆ្នាំ២០០១មក។
មន្រ្តីជំនាញបានលើកឡើងក្នុងពិធីបើកសម្ភោធថា ការប្រើប្រាស់ការវាយតម្លៃបែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ ឬការប្រែប្រួលអាកាសធាតុ ដែលកាន់តែមានសភាពអាក្រក់ឡើងៗ។
របាយការណ៍បង្ហាញថា ប្រទេសកម្ពុជា ប្រឈមមុខខ្លាំងទៅនឹងហានិភ័យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលអាចបង្កឱ្យមាន ផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចសង្គម។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ គ្រោះមហន្តរាយទាំងពីរនេះ បានបណ្តាលឱ្យខាតបង់គិតជាទឹកប្រាក់ចំនួន ១៤៨ លានដុល្លារអាមេរិកជាមធ្យមប្រចាំឆ្នាំ។
ការប្រើប្រាស់បច្ចេកវិទ្យាថី្មនេះវាយតម្លៃថា៖« កម្ពុជាប្រឈមមុខនឹងការគំរាមកំហែងខ្លាំងពីគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត។ជាពិសេសនៅក្នុងឃុំ/សង្កាត់ ដែលមានកម្រិតហានិភ័យខ្ពស់ នៅជុំវិញបឹងទន្លេសាបតាមដងទន្លេសាបតាមដងទន្លេមេគង្គ និងនៅតំបន់វាលទំនាបភាគខាងត្បូង»។ លើសពីនោះ ប្រមាណ២៩ភាគរយ នៃប្រជាជនសរុបនិង៣៣ភាគរយ នៃផ្ទៃដីកសិកម្មសរុប ប្រឈមមុខ នឹងហានិភ័យគ្រោះរាំងស្ងួត។
អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកឃុន សុខាបានថ្លែងក្នុងពិធីនេះថា ការវាយតម្លៃគ្រោះមហន្តរាយ និងអាកាសធាតុនៅកម្ពុជាបានឈានដល់កម្រិតមួយថ្មីទៀត គឺការប្រើប្រាស់ប្រព័ន្ធAI ដើម្បីជួយ ស្វែងរកនូវទិន្នន័យ ឬព័ត៌មាន មកគាំទ្រទៅដល់ ការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ខណៈពេលដែល ការប្រែប្រួលអាកាសធាតុ នៅលើពិភបលោក ហាក់ដូចជាកំពុងតែមានភាពកាន់តែអាក្រក់ឡើងៗ។
លោកមានប្រសាសន៍ថា៖«ការប្រែប្រួលអាកាសធាតុនេះ ក៏វាកើតចេញពីទង្វើរបស់មនុស្ស។ អញ្ចឹងយើងមិនអាច ទៅទប់ស្កាត់កុំឱ្យវាកើតឡើង ហើយបង្កើតទៅជាគ្រោះមហន្តរាយបានទេ។ តើយើងរស់នៅរបៀបម៉េច ដើម្បីមានភាពធន់ទៅនឹងស្ថានភាពបែបហ្នឹង»។
លោកបន្តថា៖«អញ្ជឹងយើងត្រូវនាំគ្នារិះគិត រិះរកគំនិតផ្តួចផ្តើម ហើយនឹងវិធីសាស្រ្ត ដើម្បីចូលរួមក្នុងការ កាត់បន្ថយហានិភ័យហ្នឹងឱ្យនៅកម្រិតតិចបំផុត។ យើងមិនអាចលុបបំបាត់បាន១០០ភាគរយមែន តែធ្វើយ៉ាងណា ឱ្យបាននូវកម្រិតតិចបំផុត»។
លោកបានលើកឡើងថា ប្រទេសកម្ពុជាបានជួបនូវគ្រោះមហន្តរាយជាច្រើនដង ដែលបានបង្កផលប៉ះពាល់ និងការខូចខាត គិតជាថវិកាអស់រាប់រយលានដុល្លារ។ កត្តានេះ ក៏បានបង្កឱ្យកម្រិតជីវភាពពលរដ្ឋ នៅតាមតំបន់ងាយរងគ្រោះថយចុះ ឬក្រីក្រផងដែរ។
លោកថ្លែងថា៖«ដូច្នេះ ការពង្រឹងសមត្ថភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយសំខាន់បំផុតគឺព័ត៌មាន ទិន្នន័យ ដែលយើងត្រូវការ។ ហេតុអ្វីបានជាយើងត្រូវការព័ត៌មាន ទិន្នន័យទាំងអស់ហ្នឹងឱ្យមានភាពសុក្រិត? កាលណាទិន្នន័យដែលយើងបានមកកាន់តែសុក្រិត កាន់តែល្អ នោះការកសាងផែនការរបស់យើង ក៏កាន់តែមានភាពល្អ ហើយផែនការក៏ប្រកបដោយប្រសិទ្ធភាពដែរ»។
លោកបន្ថែមថា ទិន្នន័យទាំងអស់នេះ ត្រូវបានប្រើប្រាស់ ដើម្បីយកទៅរៀបចំនូវផែនការយុទ្ធសាស្ត្រទុកមុន ដើម្បីធ្វើយ៉ាងណាឱ្យមានកម្រិតការកើតនៃគ្រោះមហន្តរាយទាប ព្រោះថា ការកើតឡើងនូវគ្រោះមហន្តរាយតែងតែមានសភាពប្លែកៗ មិននៅដដែលនោះទេ។ លើសពីនេះ ផែនការទាំងអស់នេះក៏បានចូលរួមចំណែកយ៉ាងខ្លាំងទៅដល់ការសម្រេចចិត្ត របស់ថ្នាក់ដឹកនាំផងដែរ។
លោកស្រីClaire Conan នាយិកាប្រចាំប្រទេស នៃWFP បានរំលឹកថា កាលពីឆ្នាំ២០២០ មានបទពិសោធនូវគ្រោះមហន្តរាយគ្រោះទឹកជំនន់មួយ ក្នុងចំណោម៥០ឆ្នាំដ៏ធំ ដែលប៉ះពាល់ ដល់ជីវិត និងជីវភាពរបស់សហគមន៍ជាច្រើននៅកម្ពុជា ដែលនេះ ពិតជាមានលក្ខណៈធ្ងន់ធ្ងរមែនទែន។
លោកស្រីបន្តថា កម្ពុជាប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំង ពីការប្រែប្រួលអាកាសធាតុ ជាពិសេស ក្នុងទំរង់ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលនៅតែបន្ត និងបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចសង្គម។
លោកស្រីបញ្ជាក់ថា៖«ថ្ងៃនេះយើងកំពុងតែស្វែងរកនូវ ចក្ខុវិស័យនៅពេលអនាគត ដែលប្រើប្រាស់បច្ចេកវិទ្យានិងព័ត៌មានភូមិសាស្ត្រនឹងជួយពង្រឹងរបស់យើង ដើម្បីព្យាករណ៍អំពីផលប៉ះពាល់ នៃគ្រោះមហន្តរាយ ជាមួយនឹងភាពសុក្រិតផងដែរ»។
លោកស្រីបានលើកឡើងថា នៅក្នុងឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុ អាចកាត់បន្ថយផលិតផលក្នុងស្រុក(GDP)ប្រហែលជាប្រមាណ៣ទៅ៩ភាគរយ។ ហេតុនេះ សម្រាប់លោកស្រី ទឹកជំនន់ឆ្នាំ២០២០បានគូសបញ្ជាក់ពីតម្រូវការ ជាបន្ទាន់ សម្រាប់ការវាយតម្លៃហានិភ័យ ឱ្យបានទាន់ពេលវេលា និងសុក្រិត ដើម្បីធ្វើការការពារ នូវអ្នក ដែលត្រូវការ និង ផ្តល់នូវការគាំទ្រ ឱ្យកាន់តែបានលឿន។
លោកស្រីមានប្រសាសន៍បន្តថា៖«ហើយជាពិសេស ការវាយតម្លៃ បែបប្រពៃណី គឺលែងគ្រប់គ្រាន់ទៀតហើយ ក្នុងការ ដោះស្រាយបញ្ហាប្រឈម ទាំងនេះ ដែលកើនឡើង ដោយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ចាប់ទាំងពីពេលនោះ បច្ចេកវិទ្យា ក៏ដូចជាAI ហើយនិងទិន្នន័យភូមិសាស្រ្តនេះ គឺអាចធ្វើការផ្លាស់ប្តូរការស្វែងយល់របស់យើង ក្នុង ការកំណត់ហានិយភ័យផងដែរ»។
ក្នុងពិធីសម្ភោធនេះ ក៏មានការធ្វើបទបង្ហាញពីវិធីសាស្រ្ត ការប្រើប្រាស់AI និងទិន្នន័យភូមិសាស្រ្ត កិច្ចពិភាក្សា ក៏ដូចជាការចោទសួរ ពីការវាយម្លៃហានិភ័យ នៃគ្រោះមហន្តរាយនេះផងដែរ។
ខ្លឹមសារសំខាន់ៗមួយចំនួន ដែលត្រូវបានលើកឡើងក្នុងពេលនោះ មានដូចជាការ ពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋាភិបាលឱ្យ ចេះប្រើប្រាស់AI ម៉ាស៊ីនសិក្សា (ML) និងទិន្នន័យភូមិសាស្ត្រសម្រាប់ជំនួយក្នុងការវិភាគទិន្នន័យគ្រោះមហន្តរាយឱ្យបានកាន់តែច្បាស់លាស់ និងការធ្វើឱ្យប្រសើរឡើងនូវការវាយតម្លៃភាពងាយរងគ្រោះដោយប្រើប្រាស់វិធីសាស្រ្តផ្អែកលើម៉ូដែលនៃAI ដើម្បីរួមបញ្ចូលទិន្នន័យផ្កាយរណបសង្កេតមើលផែនដីនៅពេលវេលាជាក់ស្តែង និងទិន្នន័យសេដ្ឋកិច្ចសង្គមកិច្ចពីទីវាល ដែលអាចធ្វើបច្ចុប្បន្នភាពនៃទិន្នន័យភាពងាយរងគ្រោះបានទាន់ពេលវេលា។
ក្រៅពីនោះក៏មានការលើកឡើងពី ការបង្កើនសុក្រិតភាព និងសុពលភាពនៃ AI ដើម្បីប្រើក្នុងម៉ូដែលវាយតម្លៃហានិភ័យដោយភ្ជាប់ព័ត៌មានទីតាំងភូមិសាស្ត្រជាមួយការប្រមូលទិន្នន័យ ដែលបានមកពីការអង្កេត ជំរឿន និងការវាយតម្លៃនានា។
បន្ថែមពីនោះមាន ការបញ្ចូលទិន្នន័យព្យាករណ៍ការប្រែប្រួលអាកាសធាតុរយៈពេលវែងទៅក្នុងទិន្នន័យអាកាសធាតុកម្រិតមូលដ្ឋាន ដើម្បីឱ្យ ការវាយតម្លៃហានិភ័យអាកាសធាតុកាន់តែមានភាពសុក្រិត និងអាចយកទៅប្រើប្រាស់ក្នុងការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុកាន់តែមានប្រសិទ្ធិភាព។ នេះបើយោងតាមអនុសាសន៍ នៅក្នុងរបាយការណ៍ និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា៕