ភ្នំពេញៈ ប្រជា​នេសាទ​បានអះអាង​ថាប្រាប់​ប្រមុខ​រដ្ឋាភិបាល​ថា ទិន្នផលត្រី​មានការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​កន្លង​មក ខណៈពេលដែល មន្រ្តី​ជំនាញ​មិន​ទាន់​អាចសន្និដ្ឋាន​ជាផ្លូវការ បើទោះបីជា​សន្ទុះ​នៃ​ការ​ប្រមូ​ល​ផល​ត្រី​កំពុងតែ​មាន​ច្រើន​លើសលុប។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានចុះទៅពិនិត្យ​​ការ​ប្រ​មូលផ​ល​នេសា​​ទទឹកសាប​ក្នុងខេត្តកណ្តាល នាថ្ងៃទី ៨ ខែ​ធ្នូ ដែលជាថ្ងៃទី១ ដែលត្រីចាប់ផ្តើមត្រូវ។ 

ការចុះពិនិត្យនេះ ត្រូវបានអមដំណើរដោយ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា​ប្រ​មា​ញ់ និងនេសាទ លោកឌិត ទីណា និង រដ្ឋមន្រ្តីក្រសួងធនធានទឹក​ និងឧតុនិយម លោកថោ ជេដ្ឋា។​

យោងតាមបណ្តាញសង្គមរបស់លោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា នាថ្ងៃសៅរ៍ ទី៨ ខែធ្នូ លោកបានឆ្លៀតពេល​ចុះ​​ជួប​សំណេះសំណាល និងមើលការប្រមូលផលនេសាទ របស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្ត​កណ្តាល។ 

ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា៖«តាមបងប្អូននៅទីនោះប្រាប់ថា ឆ្នាំនេះការប្រមូលផលត្រីមានការកើនឡើងច្រើន បើ​ប្រៀប​​​ធៀបជាមួយនៃផលនេសាទនៅឆ្នាំកន្លងទៅ»។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម នាថ្ងៃសុក្រ ទី៦ ខែធ្នូបានជូនដំណឹងដល់ សាធារណជនថា ក្នុង​រដូវ​នេសា​ទឆ្នាំ​២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ 

រដ្ឋបាលជលផលលើកឡើងថា៖«ការបន្លាស់ទីនេះ អំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេ​សគ​ន្ល​ង​ដាយត្រី​តាមដងទន្លេសាប ក្នុងខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង»។

រដ្ឋបាលជលផល បានអំពាវនាវថា ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូម​រួស​រាន់​ រក ទិញ​ត្រី តាមពេលវេលា និងទីកន្លែង​ ដែលបានជម្រាបជូន។

អ្នកនេសាទ ដែលកំពុងតែប្រមូលផលត្រីបានលើកឡើងថា ទិន្នផលត្រីគឺគុណនឹង២។ ប៉ុន្តែនៅមិនទាន់មាន​ការ​ស​ន្និ​ដ្ឋានជាផ្លូវការនោះទេ។ នេះបើយោងតាម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល លោក ពុំ សុថា​នា​ថ្ងៃចន្ទ ទី៩ ខែធ្នូនេះ។

លោកមានប្រសាសន៍ថា៖«តែពិបាកសន្និដ្ឋានណាស់ ដោយមិនទាន់មានលទ្ធផលចុងក្រោយ។ តែ​បើតាមសន្ទុះ​នេះ​យើង​​ថា​លើសគុណនឹង២ផង។ ត្រីដាយនេះ វាត្រូវហួស លើសលុបពេក ដឹងតែកើនឡើងច្រើនហើយ រហូត​ដល់​ដាយ​ត្រី​​​នៅ​លើៗ បង្ហូរចោល។ ភាគរយយើងមិនទាន់កំណត់ទេ តែលើសឆ្នាំទៅច្រើន។ លទ្ធផល​ដាច់​ឆ្នាំសរុប​ប្រចាំ​ឆ្នាំ​ហើយ»។

លោកបន្តថា លទ្ធផលនៃទិន្នផលកើនឡើងនេះ គឺដោយសារតែការបង្រ្កាបបទល្មើសមានប្រសិទ្ធភាពល្អ ដែលមាន​ការ​ស​ហការគ្នាបានយ៉ាងល្អប្រសើរ ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាប្រជាពលរដ្ឋ។ 

លើសពីនោះ មន្រ្តីជំនាញ ក៏​បាន​ស​ហ​ការ​ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបង្រ្កាបការផ្សព្វផ្សាយលក់​ឧបករណ៍ឆក់ត្រីខុសច្បាប់​នៅ​តាម​បណ្តាញ​​សង្គម ខណៈពេលដែលអ្នកប្រើប្រាស់ខ្លះបានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ជូនមន្រ្តីជំនាញផងដែរ។

លោកថ្លែងដូច្នេះថា៖«ជាមួយត្រីកើនឡើងហ្នឹង គឺដោយសារតែ មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ មហាជន​ទូទៅ​មាន​ការចូលរួម ហើយមន្រ្តីជំនាញខិតខំទាំងអស់គ្នា....យើងសហការជាមួយអគ្គស្នងការនគរបាលជាតិ ព្រោះគាត់​មាន​បច្ចេ​កវិទ្យាខាងស្រាវជ្រាវ ទៅដល់ទីតាំង ចាត់ការអ្នកផលិតឧបករណ៍ឆក់តាមនិតីវិធី»។ 

អាជ្ញាធរទន្លេសាបបានឱ្យដឹងថា ទិដ្ឋភាពផលនេសាទដាយត្រី និងសកម្មភាពចាប់ត្រីនៅថ្ងៃទី៧ ខែធ្នូ នៅជួរលេខ ១៤ លើកមួយដង បានបរិមាណប្រមាណ ១តោន ក្នុងរយៈពេល ៣០ នាទី និងជួរ ទី ១៥ លើកមួយដង បាន​បរិមាណ​ប្រ​មាណ ១ ទៅ ២តោន ក្នុងរយៈពេល ៤៥ នាទី ។

មន្រ្តីស្រាវជ្រាវ នៃអាជ្ញាធរទន្លេសាប ដែល​កំពុងឈរជើង​ប្រចាំ​ការ​នៅតាម​មាត់​ឡូត៍​ដាយបាន ឱ្យដឹងថា ភាគច្រើនត្រី ដែលចាប់បានជាប្រភេទត្រីខ្នងវែង អាចម៍កុក រៀលអង្គាម រៀលតុប ច្រកែង និងស្លឹកឫស្សីជាដើម។

អាជ្ញាធរទន្លេសាបបានលើកឡើងថា៖«ផលនេសាទពីដាយត្រីកើនឡើង ឬថយចុះ នៅតាមដងទន្លេសាប គឺមាន​ទំ​នាក់​ទំនង​យ៉ាងជិតស្និត ជាមួយក​ម្រិតកម្ពស់​ទឹក និងអាកាសធាតុ រួមជាមួយប្រសិទ្ធភាព នៃការគោរពអនុវត្តច្បាប់ ស្តីពី​ជល​​​ផល និងការ​បង្រ្កាប​បទល្មើសនេសាទខុសច្បាប់ប្រកបដោយភាពម៉ឺងម៉ាត់ពីមន្រ្តីជំនាញពាក់ព័ន្ធ ក្នុងការ​ពង្រឹង​ប្រ​សិទ្ធភាព​ការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្រ្តគ្រប់គ្រងធនធានជលផល»។

ទិន្នផល​នេសាទ​ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល​ឆ្នាំ​ ២០២២-២០២៣ សម្រេចបាន​បរិមាណ ១ ៤៨១ ​តោន ដែល​បរិមាណ​នេះ​កើនឡើង​ប្រមាណ ៤០ ​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ផល​នេសាទ​ដាយ​ត្រី​នា​រដូវ​នេសាទ​ឆ្នាំ​ ២០២១-២០២២ ដែល​ទទួលបាន​ចំនួន ៨៩០​ តោន​។ ការកើនឡើងនេះ ត្រូវបានក្រសួងកសិកម្មលើកឡើងថា ដោយ​សារ​តែ ​លទ្ធផល​ នៃ​ការទប់ស្កាត់​​បទល្មើស​ក្នុង​បឹង​ទន្លេ​សាបប្រកប​ដោយ​ប្រសិទ្ធភាពផងដែរ​៕