ភ្នំពេញៈអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារជិត ៤ ម៉ឺននាក់។
លោកបានលើកឡើងកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ ថា ពេញ ១ ឆ្នាំ ២០២៣ ទីភ្នាក់ងារជាតិមុខរបរ និងការងារសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើកិច្ចការស្វែងរកឱកាសការងារជូនពលរដ្ឋកម្ពុជា ក្នុងនោះក្រសួងទទួលបានអ្នកមកចុះឈ្មោះស្វែងរកការងារមានចំនួន ៣០ ៨៩៧ នាក់ក្នុងឆ្នាំ ២០២៣។
លោកបានបន្តថា ក្នុងនោះដែរទីភ្នាក់ងារជាតិមុខរបរ និងការងារក៏បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជកចំនួន ២៩ ៥៩០ នាក់ និងជួយអ្នកស្វែងរកការងារទទួលបានការងារធ្វើចំនួន ៦ ៥៤៧ នាក់ ផងដែរ ក្នុងឆ្នាំ២០២៣ ។
លោក កត្តា អ៊ន បានបញ្ជាក់ថា៖ «NEA បានរៀបចំកម្មវិធីជាច្រើន ដើម្បីផ្តល់ព័ត៌មានពីឱកាសការងារទៅដល់ពលរដ្ឋ ក្នុងនោះ មានទាំងពិព័រណ៍ការងារ កម្មវិធីពិព័រណ៍ការងារចល័ត សិក្ខាសាលាស្តីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់សិស្សនិស្សិត នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសាកលវិទ្យាល័យផងដែរ»។
ទាក់ទងនឹងការងារនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងតាមរយៈហ្វេសប៊ុកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា មូលធនមនុស្សគឺជាអាទិភាពគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបានគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានបន្តថា ផ្តោតលើចក្ខុវិស័យដ៏វែងឆ្ងាយនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានផ្តួចផ្តើមរៀបចំការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន១លាន៥សែននាក់។
គោលនយោបាយនេះត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ដោយសារមើលឃើញពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជាផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងដើម្បីរួមគ្នាជាមួយរដ្ឋាភិបាលសម្រេចឱ្យបានមហិច្ឆតាជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។
លោកបានបញ្ជាក់ថា ផ្អែកលើតម្រូវការកម្លាំងពលកម្មជំនាញនៅក្នុងទីផ្សារ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង ក្នុងវិស័យសំខាន់ៗចំនួន ៣ ក្នុងរាជធានី-ខេត្តចំនួន ១០ សម្រាប់សាធារណជនងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។
វិស័យទាំងនោះមានដូចជា វិស័យឧស្សាហកម្ម ចំនួន ១៩ ៧៧១ កន្លែង,វិស័យកសិកម្មចំនួន ១០ ៨៨៦ កន្លែង និងវិស័យសេវាកម្មចំនួន ៤ ០៥៦ កន្លែង ដែលមាននៅក្នុងរាជធានី ខេត្តចំនួន ១០ ដូចជា ខេត្តកំពង់ស្ពឺ រតនគិរី រាជធានីភ្នំពេញ កំពង់ឆ្នាំង ក្រចេះ ស្វាយរៀង ពោធិ៍សាត់ កោះកុង កណ្តាល និងខេត្តកំពង់ចាម។
យុវជន គោត សាមាន ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែក IT បាននិយាយថា លោកទទួលបានការងារនៅក្រុមអ៊ីអន បន្ទាប់ពីបានចូលរួមវេទិកាការងារជាមួយនឹងភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងបានសម្ភាសជាប់ការងារមួយនេះ។
លោកប្រាប់ថា៖ «និស្សិត ដែលមិនទាន់មានការងារធ្វើអាចដាក់ពាក្យស្វែងរកការងារបានជាមួយនឹងទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA)បានដោយសារមានសេវាកម្មលឿន និងមានការងារច្រើន សម្រាប់ដាក់ជ្រើសរើសផងដែរ»៕