ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ព្រមទាំងបង្ហាញការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនអាមេរិកដែលបានជឿទុកចិត្ត និងបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមកដែលបានចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ការសាទររបស់ប្រមុខរដ្ឋាភិបាលនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងរូបលោក និងលោក Devin Bartaប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ នៅក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យស្ថាប័ននេះបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា។នេះបើតាមតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត ដែលបានបង្ហាញពីខ្លឹមសារនៃជំនួបនោះ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖«អរគុណចំពោះក្រុមហ៊ុនអាមេរិកដែលតែងតែជឿជាក់ និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា»។
ទន្ទឹមនឹងនេះ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ភាគីសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាថា រដ្ឋាភិបាលប្តេជ្ញាយកចិត្តទុកដាក់ធានាបរិយាកាសវិនិយោគល្អនៅកម្ពុជាជាមួយនឹងការពង្រឹងភាពធន់នូវប្រព័ន្ធសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ការពង្រីកការទូទាត់តាម QR-Code កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ព្រមទាំងច្បាប់វិនិយោគ និងគោលនយោបាយលើកទឹកចិត្តដល់វិនិយោគិននានាផងដែរ។
បន្ថែមពីនេះលោកថា រដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យឱកាសនៃការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់(High Tech Industrial Park) ខណៈរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើទិសដៅអភិវឌ្ឍន៍វិស័យឌីជីថល។
ជាមួយគ្នានេះ លោក Devin Barta បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលតែងបង្កភាពងាយស្រួលផ្តល់បរិយាកាសវិនិយោគល្អចំពោះធុរកិច្ចអាមេរិកនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការរវាង AmCham Cambodia និងរដ្ឋាភិបាលវិញក៏មានភាពល្អប្រសើរផងដែរ។
ប្រភពពីតេឡេក្រាមដដែលបានឱ្យដឹងថា៖«លោកប្រធានសភាពាណិជ្ជកម្មបានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI)មកកម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្ត្រីលើផ្នែកភាពជាម្ចាស់នៃសហគ្រាសធុនតូច ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម»។
ក្រៅពីនេះ លោកបានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា ពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia តួយ៉ាង ការលើកកម្ពស់ទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។
ជុំវិញរឿងនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា តាមការកត់សម្គាល់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា តែងធ្វើការជិតស្និទ្ធជាមួយកម្ពុជាក្នុងការរៀបចំវេទិកាធុរកិច្ច ជំនួបវិនិយោគិននានា ខណៈសមាជិករបស់ស្ថាប័ននេះក៏មានការកើនឡើងផងដែរដែលជារួម AmCham Cambodia បានអនុវត្តការងាររបស់ខ្លួនបានយ៉ាងល្អ។
ជាក់ស្តែងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៣ ស្ថាប័ននេះបានជួយសម្របសម្រួលជាមួយសភាពាណិជ្ជកម្មអាមេរិកដែលបង្កើតវេទិកាធុរកិច្ចអាមេរិក-កម្ពុជាប្រកបដោយជោគជ័យ។
លោកបានបញ្ជាក់ថា៖«អ្នកវិនិយោគសុទ្ធតែសំខាន់ទាំងអស់ មិនថាអ្នកវិនិយោគអាមេរិកនោះទេ ប៉ុន្តែកន្លងមកការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកមានទំហំធំ ខណៈមានប្រព័ន្ធអនុគ្រោះពន្ធ GSP MSM ដែលអំណោយផលច្រើនសម្រាប់កម្ពុជា ក្រុមហ៊ុនខ្មែរយើង ក្រុមហ៊ុនបរទេស ទាំងក្រុមហ៊ុនអាមេរិក ក្នុងការវិនិយោគ កែច្នៃនាំចេញទីផ្សារទៅអាមេរិក»។
លោកបន្ថែមថា AmCham Cambodia ដើរតួនាទីសំខាន់សម្រាប់សម្របសម្រួលនិងការទាក់ទាញវិនិយោគិនអាមេរិកមកបណ្តាក់ទុននៅកម្ពុជាតាមរយៈការធ្វើទំនាក់ទំនងល្អជាមួយស្ថានទូតអាមេរិក ការិយាល័យពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអាមេរិក ជាដើម ដែលជាការជួយពង្រឹងកិច្ចសហប្រតិបត្តិការ។
លើសពីនេះ លោកក៏បានសាទរផងដែរចំពោះការចាប់អារម្មណ៍របស់ប្រមុខរដ្ឋាភិបាលដែលចង់ឱ្យក្រុមហ៊ុនអាមេរិកវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ផ្នែកឌីជីថលដែលសហរដ្ឋអាមេរិកមានសក្តានុពលស្រាប់។
គួរជម្រាបជូនថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញបានបង្កើតឡើងកាលពីឆ្នាំ១៩៩៦ ដោយមានសមាជិកពីបណ្តាក្រុមហ៊ុនអាមេរិកនិងកម្ពុជាសហការគ្នាក្នុងគោលដៅលើកកម្ពស់កាលានុវត្តភាពធុរកិច្ចវិនិយោគនិងពាណិជ្ជកម្មក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕