​ភ្នំពេញៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ប្រាប់​គណៈ​ប្រតិភូ​ជប៉ុន​ថា ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​សម្រប​សម្រួល​ និង​សហ​ការ​ជា​មួ​យនឹង​វិនិយោ​គិន​ជប៉ុន​ ក្នុង​វត្ថុ​បំណង​ប្រែ​ក្លាយ​កម្ពុជា​ជា​ទិស​ដៅ​វិនិ​យោគ​ចម្បង ​និង​ជា​មជ្ឈ​មណ្ឌល​តំបន់​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត​ ថ្លែង​ដូច​នេះ​ នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ ឆ្នាំ​២០២៤ ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ ​លោក ​Yosh​ihis​a Suzuki ប្រធាន​គណៈ​កម្មាធិ​ការ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ធុរ​កិច្ច​មេ​គង្គ​-​ជប៉ុន​ នៃ​សភា​ពាណិជ្ជ​កម្ម ​និង​ឧស្សាហ​កម្ម​ជប៉ុន ​នៅ​វិមាន​សន្តិ​ភាព​។​

​នៅក្នុង​ជំនួប​នោះ ​សភា​ពាណិជ្ជ​កម្ម និង​ឧស្សា​ហកម្ម​ជប៉ុន​បង្ហាញ​ពី​ចំណាប់​អារម្ម​ណ៍​ក្នុងការ​ពង្រីក​ការ​វិនិ​យោគ​លើ​វិស័យ​វាយន​ភណ្ឌ ក្នុង​ទម្រង់​ជា OEM លើ​សម្ភារ​វាយន​ភណ្ឌដែល​បង្ហាញ​ថា ​ផលិត​ផល​ផលិត​នៅ​កម្ពុជា ​(Made In Cambodia)​។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​នៃ​ជំនួប​ដែល​បាន​ផ្សាយ​តាម​រយៈ​តេ​ឡេក្រាម​របស់​លោក​ ហ៊ុន​ ម៉ាណែត​។​

​រីឯ លោក Yoshihisa Suzuki បាន​លើក​ឡើង​ពី​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ដែល​តែង​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​គាំទ្រចំពោះ​ការ​វិនិ​យោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ 

​ជា​មួយ​គ្នា​នោះ​លោក​ក៏បាន​លើក​ឡើង​គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជា​នេះ ក្នុង​ការ​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​កាលានុវត្ត​ភាព​សម្រាប់​ការ​វិនិ​យោគ​នៅ​កម្ពុជា ​ជា​ពិសេស​ការ​ពង្រីក​ការ​វិនិ​យោគ​លើ​វិស័យ​វាយន​ភណ្ឌ ​ក្នុង​ទម្រង់​ជា​Original E​quipment Manufacturer ឬ​ហៅ​ថា ​OEM(​ផលិត​ផល​ដើម​)លើ​សម្ភារ​វាយន​ភណ្ឌ ​ដែល​បង្ហាញ​ថា ​ផលិត​ផល​ផលិត​នៅ​កម្ពុជា(Made In ​Cambodia)​។ 

​លោក​Yoshih​isa Suzuki​ក៏បាន​ថ្លែង​ប្រាប់​លោក​ ហ៊ុន ម៉ា​ណែ​ត ពី​សកម្ម​ភាព​របស់​ស​ភា​ពាណិជ្ជ​កម្ម និង​ឧស្សា​ហ​កម្ម​ជប៉ុន ដែល​ជា​ស្ថា​ប័ន​សេដ្ឋ​កិច្ច ​និង​ពាណិជ្ជ​កម្ម​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ជប៉ុន ​ដែល​បច្ចុប្បន្ន​មាន​ការិយា​ល័យ​ចំនួន​៥១៥និង​មាន​សមា​ជិក​សរុប​ប្រមាណ​ជាង១,២៥​លាន​នាក់​ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​វាយ​នភណ្ឌ​ គ្រឿង​ម៉ាស៊ីន​ និង​លោហធាតុ ថាម​ពល ​សារធាតុ​គីមី ​អាហារ​ លំនៅ​ឋាន បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​ហិរញ្ញ​វត្ថុ​។ 

​ខ្លឹម​សារ​នៃ​ជំនួប​បាន​បញ្ជាក់​ថា៖«​លោក​ប្រធាន​គណៈ​កម្មាធិកា​រ បាន​ជម្រាប​ពី​សកម្ម​ភាព​វិនិយោ​គ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ លើ​វិស័យ​វាយន​ភណ្ឌ កា​រផ្គត់​ផ្គង់​ឧស្ម័ន​និង​លើ​វិស័យ​កសិក​ម្ម ដែល​ផ្តោត​សំខាន់​លើ​ដំណាំ​ល្ង​»​។​

​គណៈ​កម្មាធិ​ការ​កិច្ច​សហ​ប្រតិ​បត្តិការ​ធុរកិច្ច​មេគង្គ​-​ជប៉ុន​គឺជា​គណៈ​កម្មាធិ​ការ​អន្តរ​ជាតិ​មួយ​នៃ​សភា​ពាណិជ្ជ​កម្ម និង​ឧស្សា​ហកម្ម​ជប៉ុន​ ដែល​ទទួល​បន្ទុក​ក្នុង​ការ​ប្រមូល​ព័ត៌​មាន ធ្វើ​ការ​ស្ទង់​មតិ និង​សិក្សា​ស្រាវ​ជ្រាវ​អំពី​បរិយា​កាស​វិនិ​យោគ​និង​ធុរកិច្ច​នៅក្នុង​ប្រទេស​តំបន់​មេ​គង្គ រួ​មទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ជាការ​ឆ្លើយ​តប ​លោកនា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគ​មន៍​ចំពោះ​លោក ​Yoshihisa Suzuki និង​គណៈ​ប្រតិភូ​ ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្ម​ភាព​អាជីវ​កម្ម​របស់​សភា​ពាណិជ្ជ​កម្ម ​និង​ឧស្សា​ហ​កម្ម​ជប៉ុន​ នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។
 
​ទន្ទឹម​នឹង​នោះ​ដែរ​​លោក​ក៏​ស្វាគ​មន៍​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុម​ហ៊ុន​នៃ​សភាពា​ណិជ្ជក​ម្ម និង​ឧស្សា​ហក​ម្ម​ជប៉ុន ដែល​មាន​បំណង​ចង់​ពង្រីក សកម្ម​ភាព​វិនិ​យោគ​របស់​ខ្លួន​បន្ថែម​ទៀត​។
 
​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ពី​ភាព​ទាក់​ទាញ​នៃ​ច្បាប់​ស្តី​ពី​វិនិ​យោគ​កម្ពុជា ​និង​គោល​នយោ​បាយ​លើក​ទឹក​ចិត្ត​សម្រាប់​វិនិ​យោគិន​ និង​ធុរជន ​ដែល​ធានា​បាន​នូវ​ភាព​ប្រាកដ​និយម​ចំពោះ​បរិយា​កាស​វិនិ​យោគ​ប្រកប​ដោយ​ភាព​អនុ​គ្រោះ និង​ភាព​បត់​បែន​។ 

​លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ៖ «​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​Yoshihisa Suzuki និង​គណៈ​ប្រតិភូ​នា​ឱកាស​នេះ ​សភា​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​ជប៉ុន​នឹង​កាន់​តែ​បង្កើន​នូវ​លទ្ធភា​ព និង​ការព​ង្រីក​នូវ​សក្តានុ​ពល​វិនិ​យោគ​បន្ថែម​ទៀត ​នៅ​កម្ពុជា​ ជា​មួយ​នឹង​ភាព​ជឿជា​ក់ និង​ប្រាកដ​និយម​»​។​

​លោក​បាន​បន្ថែមថា​៖«​រាជរ​ដ្ឋាភិ​បាល​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​សម្រប​សម្រួលនិ​ង​សហ​ការ​ជាមួ​យ​វិនិយោ​គិន​ជប៉ុន​ ក្នុង​វត្ថុបំ​ណង​ប្រែក្លា​យ​កម្ពុជា​ ជា​ទិសដៅ​វិនិយោ​គ​ចម្បង​ និង​ជា​មជ្ឈ​មណ្ឌល​តំបន់​»​។​

​យោង​តាម​របាយ​ការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​គយ និ​ង​រដ្ឋាករ ​បាន​បង្ហាញ​ពី​ទំហំ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា និង​ជប៉ុន​ក្នុង​រ​យៈ​ពេល​១២​ខែ ឆ្នាំ​ ២០២៣ ​មាន​ចំនួន​ជាង១ ​៧៩៩​លាន​ដុល្លារ​អា​មេរិក​ ក្នុង​នោះ​ការ​នាំ​ចេញ​មាន​ទំហំ​ទឹក​ប្រាក់​ជាង​១ ១៧៥​លាន​ដុល្លារ​អា​មេរិ​ក និង​ការនាំ​ចូល​ពី​ជប៉ុន​មក​កម្ពុជា​ មាន​ទំហំ​ទឹក​ប្រាក់​ជាង ​៦២៣​លាន​ដុល្លារ​។​

​របាយ​ការណ៍​ដដែល​បាន​បន្ត​ថា​សម្រាប់​ទំហំ​ទឹក​ប្រាក់​រយៈ​ពេល​១២​ខែ ​ឆ្នាំ​២០២៣​ មាន​ការ​ធ្លាក់​ចុះ​៧,២​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​​ឆ្នាំ​២០២២៕