ភ្នំពេញៈ អង្គការ WFP ប្រចាំនៅអាស៊ី និងប៉ាស៊ីហ្វិក នឹងពង្រឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីគាំទ្រលើការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងផ្ដល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការបង្ហ្រាញជំហរគាំទ្រនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយលោក ចន អាយលីហ្វ (John Aylieff) នាយកកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិប្រចាំនៅអាស៊ី និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំង២ បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ដែលបានចាប់ផ្ដើមអនុវត្តសកម្មភាពការងារនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៥កន្លងមក។ នេះបើយោងហ្វេសប៊ុករបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងជំនួបនោះលោក គន់ គីម បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីស្បៀងអាហារពិភពលោក គឺបានគាំទ្រដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទាំងផ្នែកធនធាន និងបច្ចេកទេស បានធ្វើឱ្យសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការរីកចម្រើនគួរជាទីមោទនភាព។
លោកបន្តថា ជាពិសេសការអនុវត្តសកម្មភាពដែលស្ថិតក្នុងកិច្ចព្រមព្រៀងកម្រិតយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ ក្នុងភាពជាដៃគូលើការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយនៅកម្ពុជា។
លោកបានថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបំពេញការងារបានយ៉ាងល្អក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ជាពិសេសការដឹកនាំសម្របសម្រួល និងអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងវិស័យឯកជន ដោយយល់ច្បាស់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការចូលរួមចំណែកពីវិស័យប្រទាក់ក្រឡាក្នុងការបំពេញដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ»។
បើតាមលោក គន់ គីម ការងារអាទិភាពរបស់ គ.ជ.គ.ម.រួមមានការសម្របសម្រួល ក្នុងចំណោមក្រសួងស្ថាប័ន ផ្នែកមនុស្សធម៌ ការគ្រប់គ្រងព័ត៌មាន ការវិភាគហានិភ័យអាកាសធាតុ និងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន ដើម្បីធានាបានដល់ការអនុវត្តគោលនយោបាយ និងលទ្ធផលនៃការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
បើយោងតាម គ.ជ.គ.ម ក្នុងកិច្ចជំនួបនេះដែរ លោក ចន អាយលីហ្វ ក៏បានឆ្លើយតបថា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺកន្លងមកបានគាំទ្រទៅលើវិស័យការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើសកម្មភាពទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិផងដែរ។
លោកបានថ្លែងបញ្ជាក់ថា៖ «ក្នុងភាពជាដៃគូជាមួយកម្ពុជា ការងារអាទិភាពរបស់កម្មវិធីស្បៀងអាហារពិភពលោក នឹងត្រូវចាប់ផ្តើមអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់កម្មវិធីស្បៀងអាហារពិភពលោកសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ នាពេលអនាគត»។
សូមរំឭកផងដែរថា ការអនុវត្តក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៥-២០៣០ គ.ជ.គ.ម.មានផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ និងកំពុងដំណើរការកសាងដោយស្របតាមក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ២០២៣-២០២៨៕