ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញាចិត្តបង្កើនជំនួយហិរញ្ញប្បទានអាកាសធាតុ ដល់បណ្តាប្រទេសកំពុងអភិឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ មន្រ្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសាទរចំពោះការប្តេជ្ញាចិត្តនេះ ដោយសារកម្ពុជាក៏ជាប្រទេសស្ថិតក្នុងគោលដៅនេះផងដែរ ខណៈកាលពីឆ្នាំ២០២៣ ADB បានបង្កើនទំហំជំនួយហិរញ្ញប្បទានអាកាសធាតុនេះដល់ជិត ១០ពាន់លានដុល្លារ។
ការប្តេជ្ញាចិត្តរបស់ ADB នេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ADB បានបង្ហាញពីវឌ្ឍនភាពនៃការប្តេជ្ញាចិត្តរបស់ខ្លួន លើកិច្ចការងារប្រឆាំងនឹងវិបត្តិបម្រែបម្រួលអាកាធាតុ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្របខ្លួនទៅនឹងផលប៉ះពាល់ នៃភពផែនដីដែលកំពុងឡើងកម្តៅ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា នៅឆ្នាំ២០២៣ ADB បានផ្តល់ហិរញ្ញប្បទានអាកាសធាតុច្រើនជាងបណ្តាឆ្នាំមុន សម្រាប់ជួយប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ (DMCs) នៅអាស៊ី និងប៉ាស៊ីហ្វិក ដែលបានបង្កើនទំហំជំនួយរហូតដល់ ៩,៨ពាន់លានដុល្លារពីធនធានផ្ទាល់។ ក្នុងនោះ ៥,៥ ពាន់លានដុល្លារ សម្រាប់ការងារកាត់បន្ថយផលប៉ះពាល់ និង ៤,៣ពាន់លានដុល្លារទៀត សម្រាប់ការងារបន្សាំ ដែលចំនួននេះបានកើនរង្វង់ជាង ៥៦% បើធៀបនឹងឆ្នាំ២០២២។
លោក Masatsugu Asakawa ប្រធាន ADB បានលើកឡើងនៅក្នុងសេចក្តីប្រកាសថា៖ «ការប្រែប្រួលអាកាសធាតុគំរាមកំហែងដល់អនាគត នៃការអភិវឌ្ឍគ្រប់យ៉ាង។ ឆ្នាំ២០២៣ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា ហើយមានឃើញនូវផលប៉ះពាល់អាកាសធាតុធំធេង និងធ្ងន់ធ្ងរនៅក្នុងតំបន់របស់យើង។ វិបត្តិនេះគំរាមកំហែងដល់ថាមពល និងសន្តិសុខស្បៀង ហើយក៏បង្កបញ្ហាប្រឈមដល់កំណើនសេដ្ឋកិច្ច»។
ADB គូសបញ្ជាក់ថា ខ្លួនមានគោលដៅច្បាស់លាស់ក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីលុបបំបាត់ការប្រើហ្វូស៊ីលក្នុងយន្តការសេដ្ឋកិច្ច សម្រេចវឌ្ឍនភាពតាមគន្លងអន្តរកម្មអាកាសធាតុ ជាពិសេសសម្រេចឱ្យបានតុល្យភាពនៃបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាសពីប្រទេសខ្លួននីមួយៗ ហើយជំនួយហិរញ្ញប្បទានទាំងនេះ មានសារៈសំខាន់សម្រាប់ប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលកំពុងជួបប្រទះនឹងបញ្ហាកម្តៅខ្លាំង គ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង។
ពាក់ព័ន្ធនឹងការប្តេជ្ញានេះ លោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បង្ហាញការសាទរនិងចាត់ទុកជាទិដ្ឋភាពវិជ្ជមានដែល ADB បង្ហាញការប្តេជ្ញាចិត្តបង្កើនជំនួយហិរញ្ញប្បទានអាកាសធាតុដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។
លោកថ្លែងថា៖«បញ្ហាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះជាបញ្ហាប្រឈមធំសម្រាប់ពិភពលោកទាំងមូលនិយាយជារួម សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និយាយដោយឡែក ក្នុងហ្នឹងមានកម្ពុជាយើងដែរ ។ កិច្ចការងារនេះត្រូវការការវិនិយោគច្រើន ហើយរដ្ឋាភិបាលកម្ពុជាពីសម័យសម្តេចតេជោ មកសម្តេចធិបតី យើងមិនដែលមើលរំលងបញ្ហានេះទេ ដែលរាល់គោលនយោបាយតែងគិតគូររឿងនេះ»។
លោកសង្កត់ធ្ងន់ថា យុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន ម៉ាណែត ត្រង់មុំទី៤ កម្ពុជាធ្វើការអភិវឌ្ឍប្រទេសប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដែលមានន័យសំដៅលើកិច្ចការងារពាក់ព័ន្ធនឹងវិបត្តិអាកាសធាតុ ចៀសវាងដំណើរការអភិវឌ្ឍប្រទេសរាំងស្ទះដោយសារវិបត្តិអាកាសធាតុនោះឯង។
លោកបន្ថែមថា៖«បើសិន ADB ជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដ៏ធំហ្នឹង គាត់ចំណាយលុយទៅលើការប្រែប្រួលអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ យើងគិតថា វាជាដំណឹងមួយល្អ ដើម្បីធ្វើម៉េចឱ្យទាំងអស់គ្នាសម្រេចគោលដៅនៃការអភិវឌ្ឍ»។
សម្រាប់លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាសកម្មជនបរិស្ថាន១រូបផងដែរនោះ គាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ ADB នៅក្នុងការបង្កើនកញ្ចប់មូលនិធិរបស់ខ្លួនក្នុងកិច្ចការងារអាកាសធាតុដល់បណ្តាប្រទេសកំពុងរងគ្រោះ តួយ៉ាងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីប៉ាស៊ីហ្វិកដែលមានកម្ពុជាផងនោះ។
លោកលើកឡើងដូច្នេះថា៖« ខ្ញុំយល់ថា ADB គួរតែពិចារណាខ្ពស់ ទៅលើភ្នាក់ងារការពារធនធានធម្មជាតិ ភ្នាក់ងារការពារព្រៃឈើ អ្នកដែលមានវិជ្ជាជីវៈខ្ពស់នៅក្នុងកិច្ចការពារធនធានធម្មជាតិ ការអភិវឌ្ឍដោយនិរន្តរភាព ១ផ្នែកទៅមន្ត្រីជំនាញរដ្ឋាភិបាល ១ផ្នែកទៅក្រុមអង្គការសង្គមស៊ីវិល ដើម្បីអាចធ្វើការជាមួយគ្នានៅក្នុងការបំភាយឧស្ម័នពុលទៅបរិយាកាស កាត់បន្ថយការប្រើប្លាស្ទិក ការពារព្រៃឈើ»។
គួរជម្រាបជូនថា ADB បានដាក់គោលដៅផ្តល់ជំនួយហិរញ្ញប្បទានអាកាសធាតុក្នុងទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារពីធនធានខ្លួនផ្ទាល់ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០៣០។ នៅឆ្នាំ២០២២ ADB បានផ្តល់ជំនួយហិរញ្ញប្បទានប្រមាណ ៦,៧ពាន់លានដុល្លារ ហើយចំនួននេះបានកើនដល់ជិត ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣។
ស្ថាប័ននេះ ក៏បានប្តេជ្ញាចិត្តបង្កើនជំនួយរបស់ខ្លួនជាបន្តបន្ទាប់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ខណៈតំបន់នេះជាប្រភពលើសពាក់កណ្តាលនៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីតនៅទូទាំងពិភពលោក ហើយក៏រងគ្រោះខ្លាំងណាស់ដែរពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះ៕