ពោធិ៍សាត់ៈ អង្គភាពស៊ីម៉ាក់ បានចុះបើកផ្លូវសុវត្ថិភាពនៅតំបន់ដែលប្រជាពលរដ្ឋខេត្តពោធិ៍សាត់ គ្រោងសាងសង់លំនៅឋាន ដោយបានរកឃើញគ្រាប់មីនជិត ១០០ គ្រាប់ ខណៈស៊ីម៉ាក់ នឹងបន្តប្រតិបត្តិការរបស់ខ្លួន ដោយធ្វើការបោសសម្អាតគ្រាប់មីនចេញពីដីទាំងនោះ និងបានណែនាំឱ្យពលរដ្ឋផ្អាកដំណើរការសាងសង់ជាបណ្តោះអាសន្ន។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈថា ក្រោយពីមានករណីផ្ទុះគ្រាប់មីននៅតំបន់អូរកងឈ្លបក្នុងខេត្តពោធិ៍សាត់ថ្មីៗនេះ កងកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានចុះទៅបើកផ្លូវសុវត្ថិភាពជុំវិញតំបន់នោះ ដោយយកឡាន និងជម្លៀសកម្មករដែលធ្វើការឆ្លងកាត់នៅតំបន់ផ្ទុះមីននេះ ចេញពីទីតាំងកើតហេតុ។ មកដល់ពេលនេះ កម្លាំងជំនាញស៊ីម៉ាក់ បានឆែក និងរាវរកតំបន់ក្បែរៗគ្នានេះ រកឃើញគ្រាប់មីនជិត ១០០ គ្រាប់ ក្នុងទំហំដីដ៏តូចមួយ ដូច្នេះតំបន់នោះ អាចចាត់ទុកជាតំបន់ចម្ការមីនហើយ ខណៈដែលប្រជាពលរដ្ឋ មានបំណងចង់អភិវឌ្ឍសាងសង់លំនៅឋានលើដីដែលផ្ទុះមីនថ្មីៗនេះ។
លោកបានថ្លែងថា៖ «ឥឡូវនេះ យើងកំពុងរុំព័ទ្ធដាក់ផ្លាក ដោយធ្វើតាមនីតិវិធីយើងសិន ពីព្រោះធម្មតាយើងមិនអាចចូលទៅដោះបែបនេះបានទេ ដោយសារតំបន់ហ្នឹងជាកន្លែងចម្ការមីនធំមួយ អ៊ីចឹងយើងទាល់តែមានការដាក់ផ្លាកបើកផ្លូវសុវត្ថិភាពហើយ ទើបអាចចាប់ផ្ដើមបោសសម្អាត»។
បើតាមលោក ហេង រតនា ក្រោយពីបានចាត់ទុកតំបន់នោះ ជាតំបន់ចម្ការមីនហើយ ទាំងអង្គភាពស៊ីម៉ាក់ ក៏ដូចជាអាជ្ញាធរខេត្ត បានពិភាក្សាគ្នា ដើម្បីហាមឃាត់ប្រជាពលរដ្ឋមិនឱ្យមានដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីឡើយ ស្របពេលតំបន់នោះមិនទាន់មានការបោសសម្អាតយកគ្រាប់មីនចេញ។
លោកថ្លែងបញ្ជាក់ថា៖ «ការអភិវឌ្ឍក្នុងតំបន់ចម្ការមីន ឬតំបន់សង្ស័យមានមីនឬសំណល់យុទ្ធភណ្ឌពីសង្គ្រាម ត្រូវតែធ្វើការបោសសម្អាតគ្រាប់មីននិងសំណល់ជាតិផ្ទុះជាមុន ដើម្បីធានាសុខសុវត្ថិភាព និងអនុលោមតាមច្បាប់រដ្ឋ»។
លោកហេង រតនា លើកឡើងថា ហេតុនេះប្រសិនបើមានការអភិវឌ្ឍក្នុងចម្ការមីនដោយគ្មានការបោសសម្អាតមីនជាមុន នោះវានឹងធ្វើឱ្យមានមនុស្សស្លាប់ និងរបួស ជាពិសេសវាអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលាទាំងកំពុងអភិវឌ្ឍ និងការប្រើប្រាស់ដីតំបន់នោះយូរអង្វែងតទៅថ្ងៃមុខផងដែរ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤កន្លងមកនេះ មានករណីផ្ទុះមីន បណ្ដាលឱ្យពលរដ្ឋ ១នាក់ រងរបួសធ្ងន់ និងពលរដ្ឋ ២នាក់ទៀតបានរងរបួសស្រាល។ ករណីផ្ទុះមីននេះ គឺបានកើតឡើងដោយសារជនរងគ្រោះ ជញ្ជូនឥដ្ឋពីរថយន្តហើយទម្លាក់ចំលើគ្រាប់មីនបណ្តាលឱ្យផ្ទុះនៅចំណុចអូរកងឈ្លបស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន កាលឆ្នាំ២០២៣កន្លងមក បានបង្ហាញថា ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៣២នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៤នាក់ រងរបួស ១៨នាក់ និងពិការអវយវៈ ១០នាក់។ ជនរងគ្រោះខាងលើនេះ ភាគច្រើនបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តរតនគិរី។
តួលេខជនរងគ្រោះឆ្នាំ២០២៣ កន្លងមកនេះ មានការថយចុះ ២២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលមានជនរងគ្រោះចំនួន ៤១នាក់៕