ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៣៣ នាក់ ត្រឹមតែរយៈពេល ១ សប្ដាហ៍ គិតចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ ខណៈស្នងការនគរបាលរាជធានីភ្នំពេញបានក្រើនរំឭកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេញ ១ សប្ដាហ៍ ដែលបានបណ្តាលឱ្យស្លាប់ ៣៣ នាក់នោះមានជនរងគ្រោះ ៦៨ នាក់បានរួចផុតពីមច្ចុរាជ ប៉ុន្តែពួកគេបានរងបួសធ្ងន់ និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ហើយខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។ បញ្ហាចរាចរណ៍ ជារបៀបវារៈការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃ។
លោក ទូច សុខៈ បានលើកឡើងថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិអនុវត្តច្បាប់ឱ្យបានតឹងរុឺងចំពោះអ្នកបើកបរបង្ក ពិសេសអ្នកបើកក្នុងស្ថានភាពស្រវឹង, ពង្រឹងការដាក់គោលដៅត្រួតពិនិត្យលើអ្នកល្មើសច្បាប់ចរាចរណ៍ទូទាំងប្រទេស និង ជាពិសេស ការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ជាដើម។
ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន ណារិន្ទ បានបន្តក្រើនរំឭក និងអំពាវនាវទៅដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីថែរក្សាអាយុជីវិតខ្លួនឯង ខណៈលោកនឹងមានវិធានការដាក់កម្លាំងនគរបាលចល័តដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍។ នេះបើតាមបទសម្ភាសន៍លោក ជួន ណារិន្ទ ជាមួយទូរទស្សន៍ BTV នាថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៤។
លោកបានថ្លែងថា៖ «ការបន្ថយពេលវេលានិងកាត់បន្ថយគោលដៅត្រួតពិនិត្យលុះត្រាតែប្រជាពលរដ្ឋគោរពច្បាប់។ កុំគោរព កុំខ្លាចការចុះទៅអនុវត្តនេះ អ៊ីចឹងខ្ញុំចង់ឱ្យអនុវត្តបញ្ច្រាសគ្នាមកវិញ ដោយទី១ ពួកគាត់ត្រូវបើកបរដោយការទទួលខុសត្រូវ ទី២ ពួកខ្ញុំសប្បាយចិត្តក្នុងការដកកម្លាំងបន្ថយ ដោយមិនចង់រំខានពួកគាត់ទេ មិនចង់ចាប់បង្ខំឱ្យពួកគាត់គោរពច្បាប់ ឬខ្លាចប៉ូលិស ឬមួយសមត្ថកិច្ចទេ»។
លោកបញ្ជាក់ថា៖ «ការងារនេះ គឺខ្ញុំមានចំណុចមួយទៀត ប្រសិនបើចំណុចនេះយើងធ្វើមិនទទួលបានជោគជ័យទេ ខ្ញុំនឹងប្រើក្រុមចល័តក្នុងការអនុវត្តនេះ ដោយយើងខ្ញុំត្រៀមលក្ខណៈរួចហើយ ហើយយើងដឹងថា ប្រភពហ្នឹងចេញមកពីណាហើយសម្បូរអ្នកបើកបរទាំងម៉ូតូ ទាំងអ្នកបើកបររថយន្តទាំងស្រវឹងនេះ គឺខ្ញុំស្កាត់ចល័តតែម្តង។
នេះគឺជាគោលដៅទី៣ របស់ខ្ញុំ ខ្ញុំធ្វើរួចហើយផែនការនេះ»។ លោកសង្ឃឹមថា ប្រជាពលរដ្ឋ និងមហាជននឹងចូលរួមគាំទ្រជាមួយប្រមុខរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ជាខ្លាំងលើករណីគ្រោះថ្នាក់ចរាចរណ៍នេះព្រោះថា គ្រាប់មីន គ្រាប់កាំភ្លើងមិនងាយស្លាប់ទេ តែអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើន។
លោកថា៖ «ការគោរពច្បាប់ចរាចរណ៍ គឺជាការគោរពខ្លួនឯងថែរក្សាអាយុជីវិតខ្លួនឯង ថែរក្សាសម្ភារ មធ្យោបាយដោយខ្លួនឯង។ យើងខ្ញុំគ្មានចេតនា ឬមានបំណងអីដែលត្រូវយកពេលវេលា និងកម្លាំងកាយកម្លាំងចិត្តចុះរំខានបងប្អូនប្រជាពលរដ្ឋទេ តែដោយសារពួកគាត់មិនទាន់យល់ពីហានិភ័យដែលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍នេះ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ថ្លែងថា ការពង្រឹងលើការបើកបរមានសារជាតិស្រវឹង គឺជារឿងដែលល្អនិងត្រូវតែធ្វើ ហើយជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ត្រូវតែពង្រឹង និងអប់រំផ្សព្វផ្សាយបន្ថែមទៀតទៅលើការប្រើប្រាស់មួកសុវត្ថិភាព។
លោកថា៖ «យើងសុំជំរុញឱ្យធ្វើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងហោចណាស់ឱ្យបាន ៣ ខែដំបូង ហើយបន្ទាប់គឺត្រូវរឹតបន្តឹងការអនុវត្តដោយគ្មានការលើកលែង»។
បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ពេញ ១ ឆ្នាំ ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៤ ៥១៥ ករណី កើនឡើងជាងឆ្នាំ ២០២២ ដែលមានត្រឹម ៤ ០២៦ ករណី។ ចំណែកអត្រាអ្នកស្លាប់វិញ មានចំនួន ១ ៥៩០ នាក់ ថយចុះ ៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ដោយសារតែដូច្នេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ទុកឆ្នាំ ២០២៤ នេះថា ជាឆ្នាំគ្រោះថ្នាក់ចរាចរណ៍ឈានចូលបន្ទាត់ក្រហម ដែលគ្រប់ភាគី ត្រូវរួមគ្នាដោះស្រាយ៕