កម្ពុជា និងម៉ាឡេស៊ី បានឯកភាពគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងស្វែងរកកិច្ចសហការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈដែលមានពលករកម្ពុជាជាង ២ ម៉ឺននាក់ បាននិងកំពុងបំពេញការងារនៅក្នុងប្រទេសម៉ាឡេស៊ី។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Datuk Eldeen Husaini Mohd Hashim (ដាទុក អេលឌីន ហ៊ូសៃនី ម៉ូហាំម៉ាត់ ហាស្ស៊ីម) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងការងារ។
ក្នុងជំនួបនោះ ភាគីទាំង ២ បានពិភាក្សាដើម្បីស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន និងការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់មន្ត្រីរាជការតាមរយៈកម្មវិធី MICT។ ភាគីទាំង ២ ក៏បានឯកភាពគ្នាខិតខំពង្រឹង និងពង្រីកលើកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញកិច្ចសហការថ្មីៗដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិទាំង ២ ដែលជាការពូនជ្រំទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត។ នេះបើតាមតេឡេក្រាមរបស់ក្រសួងការងារ។
ក្នុងជំនួបនោះលោក ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ីដែលជាមិត្តក្នុងតំបន់ចំពោះការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅម៉ាឡេស៊ីដោយគ្មានការរើសអើងក្នុងខណៈដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យការងារ។
គួររំឭកថា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ ២០២៣ ក្រោមមូលបទ «ជំរុញការធ្វើទេសន្តរប្រវេសន៍ការងារដោយស្របច្បាប់ តាមរយៈអភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការទទួលស្គាល់ជំនាញសម្រាប់ទេសន្តរប្រវេសករកម្ពុជា» កាលពីចុងខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ លោករដ្ឋមន្រី្ត ហេង សួរ បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករ និងការលើកកម្ពស់សម្ថភាព និងសិទ្ធិសេរីភាពរបស់ពលករទេសន្តរប្រវេសន៍របស់កម្ពុជា។
៣ ចំណុចសំខាន់ ដែលលោករដ្ឋមន្ត្រី បានលើកឡើងនោះ រួមមានទី១ ការបង្កើនការយល់ដឹងអំពីការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាប្រឈមរបស់ពលករ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ និងការផ្តល់ជំនួយផ្លូវច្បាប់ជូនដល់ទេសន្តរប្រវេសករ។ ទី២ ការសម្របសម្រួលកិច្ចសន្ទនា អំពីគោលនយោបាយប្រកបដោយអត្ថន័យ រវាងអ្នកបង្កើតគោលនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើង អំពីតម្រូវការ និងដំណោះស្រាយ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ និងការផ្តល់ជំនួយផ្លូវច្បាប់ដល់ទេសន្តរប្រវេសករ។ ទី៣ ការផ្តល់ព័ត៌មានអំពីការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងស្របច្បាប់ដល់ប្រជាពលរដ្ឋមុនពេលសម្រេចចិត្តធ្វើទេសន្តរប្រវេសន៍ការងារទៅបរទេសដែលជាជម្រើសចុងក្រោយ ហើយត្រូវធ្វើទេសន្តរប្រវេសន៍ដោយស្របច្បាប់។
កាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅ កម្ពុជា និងម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ចំនួន ២ គឺ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងអនុស្សរណៈនៃការយោគយល់គ្នាការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និងពលករការងារផ្ទះ។
របាយការណ៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា កាលពីឆ្នាំ ២០២២ កន្លងទៅ កម្ពុជាមានពលករ ធ្វើការងារនៅក្រៅប្រទេស សរុបចំនួន ១ ៣០១ ៦០៩ នាក់ ដោយក្នុងនោះនៅម៉ាឡេស៊ីមាន ២៣ ០២៧ នាក់៕