ក្រសួងបរិស្ថាន បាន​លើកឡើងថា ភាព​វិជ្ជមាន​នៃ​កំណើន​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កបាន​លេច​ឡើងជា​បន្តបន្ទាប់ រាប់​ចាប់ពី​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន ប្រជា​សហគមន៍ ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី និង​បាន​បន្ត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក តាមរយៈ​ការប្រើ​របង​ឫស្សី​ហ៊ុមព័ទ្ធ​តាម​ការដ្ឋាន​ជួសជុល​ជំនួស​ឱ្យ​ការប្រើ​ប្លា​ស្ទិ​ក​គ្រប​។

គួរ​ជម្រាប​ថា អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី ​៩ ខែកុម្ភៈ បានប្រកាស​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កមួយ​ជំហាន​ម្តងៗ នៅក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​រួមចំណែក​ក្នុង​ការជួយ​ដល់​បរិស្ថាន​ឱ្យ​កាន់តែ​ប្រសើរ​។

បច្ចុប្បន្ននេះ ក្រុមការងារ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ងាក​មកប្រើប្រាស់​វត្ថុធាតុដើម​ធម្មជាតិ​ដូចជា ឫស្សី ដែល​នឹង​ផ្តល់​ការងារ​កាន់តែច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ធ្វើឱ្យ​បរិស្ថាន​នៅតាម​ការដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​កាន់តែ​ប្រសើរឡើង​។

ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​កែសម្រួល​រោង និង​របង​ហ៊ុមព័ទ្ធ​នៅតាម​ការដ្ឋាន​ជួសជុល​នានា​ក្នុង​តំបន់​អង្គរ ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ជាត​ង់ ឬ​ស្បៃ​មួយ​ជំហាន​ម្តងៗ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ធម្ម​ជាតិ​ដូចជា ឫស្សី​ជំនួស​វិញ​។

ពាក់ព័ន្ធ​ការប្រកាស​នេះ ប្រជាពលរដ្ឋ​អ្នក​ស្រឡាញ់​បរិស្ថាន បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការអនុវត្ត​បែបនេះ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ពួកគាត់​យល់ឃើញថា ការផ្តើម​ជា​គំរូ​ស្អាត​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​ប្រាសាទអង្គរវត្ត​ខ្មែរ​កាន់តែ​ល្បី​រន្ទឺ​ឡើង​។

គួរ​ជម្រាប​ថា យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដែល​ដាក់ចេញ​ដោយ​ក្រសួងបរិស្ថាន​កន្លងទៅ គិត​ត្រឹម​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ បាន​អនុវត្ត​ក្នុង​រាជធានី​-​ខេត្ត ចំនួន ១៥ រួមមាន ខេត្តកំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ កំពង់ធំ សៀមរាប ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី និង​ខេត្ត​កែប​៕​