យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី ៩ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំចិន បានកើតឡើងចំនួន ១១ លើក បណ្ដាលឱ្យមនុស្សស្លាប់ ៦ នាក់ និងរបួសធ្ងន់ស្រាល ១១នាក់ ដែលចំនួនស្លាប់នេះមានការកើនឡើងប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈស្ថាប័នជំនាញ និងសង្គមស៊ីវិល អំពាវនាវឱ្យប្រជាពលរដ្ឋបើកបរដោយប្រុងប្រយ័ត្នខ្ពស់អំឡុងពេលពិធីបុណ្យម្តងៗ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មូលហេតុ ដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃសែនចូលឆ្នាំចិន-វៀតណាម ក៏មិនខុសដូចសព្វដងដែរ ពោល បើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ ជាដើម។
ជាមួយគ្នានោះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចៀសផុតពីការស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចេញផ្សាយនូវសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងពីវិធីសុវត្ថិភាព ៩ ចំណុចនោះ រួមមាន ១-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត, ២-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិត ឬឆ្ងាយគ្រប់ពេលវេលា, ៣-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត, ៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច, ៥-មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន, ៦-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត, ៧-កុំប្រើទូរស័ព្ទក្នុងពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់សំឡេងទំនាក់ទំនង, ៨- ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មុននឹងចេញដំណើរ និង៩-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី បានលើកឡើងថា នៅអំឡុងពេលបុណ្យម្តងៗ មិនថា ចូលឆ្នាំចិននេះ បុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ ជាដើម មានទាំងអ្នកធ្វើដំណើរដើរកម្សាន្ត និងមានអ្នកជួបជុំបរិភោគស្រា ដែលគេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ តែងតែងមានកំណើននៅអំឡុងពេលនេះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ប្រជាពលរដ្ឋ យើងតែងតែអប់រំដល់គាត់ជានិច្ចកាល តែគាត់តែងតែភ្លេចខ្លួននៅអំឡុងពេលនេះ។ ដូច្នេះ ក្រៅពីអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នហើយ យើងក៏អំពាវនាវឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ បន្តរឹតបន្តឹងបន្ថែមផងដែរ នៅអំឡុងពេលបុណ្យទាននេះ ទើបអាចកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះបានខ្លះ»។
យោងតាមទិន្នន័យ ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីឆ្នាំ២០២៣ មានមនុស្ស ១៨ នាក់បានស្លាប់ និង ៦៥ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្មាំចិន-វៀតណាម។ ក្នុងនោះ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី ១ នៃពិធីសែនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥ លើក បណ្តាលឱ្យមានជនរងគ្រោះ ៣ នាក់ស្លាប់ និង ១៤ នាក់ទៀតរងរបួស។ ថ្ងៃទី ២ នៃពិធីបុណ្យនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២០ លើកបង្កឱ្យមនុស្ស ៥ នាក់ស្លាប់ និង ៣៣ នាក់ទៀតរងរបួស និងនៅថ្ងៃទី៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៥ លើក បណ្តាលឱ្យមានជនរងគ្រោះ ១០ នាក់ស្លាប់ និង ១៨ នាក់ទៀតរងរបួស ធ្ងន់និងស្រាល៕