ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចាប់ផ្តើមប្រគល់លិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៤ នេះតទៅ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន (Passport) ឬពន្យារលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណិតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ។
តាមរយៈវីដេអូឃ្លីបសម្ភាសជាមួយពលករខ្មែរនៅកូរ៉េ ដែលមកទទួលលិខិតឆ្លងដែន ត្រូវបានផ្សព្វផ្សាយនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤, ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េលោកស្រី ជ្រឹង បទុមរង្សី បានថ្លែងថា នេះជាលើកទី១ ហើយដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ បានប្រគល់លិខិតឆ្លងដែនជូនដល់ពលរដ្ឋខ្មែរ។
នៅក្នុងវីដេអូឃ្លីបនេះ ពលករជាច្រើននាក់ដែលបានមកទទួលលិខិតឆ្លងដែន បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរ និងយកចិត្តទុកដាក់ដល់ពួកគាត់ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។
ពលករមួយរូបបានថ្លែងថា៖ «ខ្ញុំសប្បាយចិត្តដែលបានធ្វើលិខិតឆ្លងដែនថ្មីនៅទីនេះដោយផ្ទាល់ តាមពិតខ្ញុំមានគម្រោងទៅខ្មែរធ្វើលិខិតឆ្លងដែនថ្មី។ ប៉ុន្តែថ្មីៗនេះ ខ្ញុំទទួលដំណឹងថាអាចធ្វើនៅកូរ៉េបាន ខ្ញុំក៏មកធ្វើហើយវាពិតជាមានភាពងាយស្រួល មិនសូវចំណាយពេលច្រើន និងថវិកាទៅវិញទៅមក»។
ចំណែកពលរដ្ឋខ្មែរម្នាក់ទៀត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋកម្ពុជាដែលធ្វើការនៅកូរ៉េ។
លោកថ្លែងថា៖ «ខ្ញុំមកស្នើធ្វើលិខិតឆ្លងដែន កាលពីថ្ងៃទី ១០ ខែមករា ហើយថ្ងៃទី ៩ ខែកុម្ភៈ ខ្ញុំបានទទួលលិខិតឆ្លងដែន ពិតជាលឿនណាស់។ ហើយការចំណាយតិច ព្រោះខ្ញុំឆ្លៀតពេលពីឈប់សម្រាកការងារ ហើយជិះរថភ្លើងអស់តែប៉ុន្មានពាន់វ៉ុន(លុយកូរ៉េ) និងចំណាយពេលខ្លី»។
ពាក់ព័ន្ធនឹងការដាក់ឱ្យប្រតិបត្តិការនេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានគាំទ្រចំពោះគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល និងចាត់ទុកថាគោលនយោបាយនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ពលករខ្មែរ និងពលរដ្ឋ ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង។
លោកមានប្រសាសន៍ថា៖ «ពីមុនពេលដែលពលករចង់បន្តលិខិតឆ្លងដែន ឬពន្យារលិខិតផ្សេងៗ គឺពិបាកណាស់ ពួកគេត្រូវចំណាយពេលមកខ្មែរ និងចំណាយថវិកាច្រើន។ តែបើមានសេវាបែបនេះ ខ្ញុំគិតថាជារឿងមួយល្អ ហើយខ្ញុំគិតថា គួរតែមានសេវាស្រដៀងគ្នានេះដែរ នៅប្រទេសថៃ ម៉ាឡេស៊ី ឬប្រទេសផ្សេងៗទៀត ដែលមានពលករខ្មែរចង់ធ្វើការពន្យារលិខិតឆ្លងដែន ឬពន្យារលិខិតនិងការធ្វើលិខិតថ្កោលទោសផ្សេងៗ»។
បើតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជូនដំណឹងដល់បងប្អូនខ្មែរដែលបានមកដាក់ពាក្យស្នើសុំលិខិតឆ្លងដែនតាំងពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ សូមអញ្ជើញមកទទួលយកលិខិតឆ្លងដែនច្បាប់ថ្មីដោយផ្ទាល់ ចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះតទៅ។ សូមមេត្តាកុំភ្លេចភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនចាស់ និងបង្កាន់ដៃនៃពាក្យស្នើសុំមកជាមួយ៕