​លោក ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​សហការគ្នា ក្នុងការ​រៀបចំ​សៀវភៅ​ណែនាំ​បច្ចេកទេស និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​សៀវភៅ​ណែនាំ​នេះ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែលជា​អ្នកទទួលខុសត្រូវ​ផ្ទាល់​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការអនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ បានល្អ​ប្រសើរ​។

ការវាយតម្លៃ​របស់លោក ហង់​ជួន ណា​រ៉ុ​ន ដែលជា​ប្រធាន​ក្រុមការងារ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ​ប្រចាំ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​សៀវភៅ​ណែនាំ ស្តីពី​គោលការណ៍ បែបបទ និង​នីតិវិធី​អនុវត្ត​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា​ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ កាលពី​រសៀល​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ ២០២៤​។

លោក​បាន​លើកឡើងថា​៖ «​ការផ្ទេរ​មុខងារ​អប់រំ យុវជន និង​កីឡា​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គឺជា​ការបែងចែក​ឡើង​វិញ​ឱ្យបាន​ច្បាស់លាស់​នូវ​តួនាទី និង​ការទទួលខុសត្រូវ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែលជា​រដ្ឋបាល​មូលដ្ឋាន​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ក្នុងការ​គ្រប់គ្រង ការចាត់ចែង និង​ការផ្តល់សេវា​អប់រំ យុវជន និង​កីឡា​ជូន​ប្រជាជន​នៅក្នុង ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​កាន់​តែមាន​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព​បរិ​យាប​ន្ន និង​សមធម៌​សង្គម​»​។

ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​មុខងារ​ក្នុង​វិស័យ​អប់រំ​បានល្អ​ប្រសើរ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ផ្តល់នូវ​អនុសាសន៍​ណែនាំ ដល់​ថ្នាក់ដឹកនាំ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ទាំងអស់​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និង​ការអនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា​ដែល​បាន​ផ្ទេរ​ឱ្យ​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​គោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី និង​ស្តង់ដា​ដែល​បានកំណត់​។

លោក​ណែនាំ​ថា​៖ «​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នីមួយៗ​ត្រូវ​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ អំពី​គោលការណ៍ បែបបទ និង​នីតិវិធី​នៃ​ការអនុវត្ត​មុខងារ និង​ការទទួល ខុសត្រូវ​ក្នុងការ​អនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា​ដែល​បាន​ផ្ទេរ​ឱ្យ​ទាំងនេះ ដើម្បី​ឱ្យបាន​ជ្រួតជ្រាប​ជូន​ដល់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការ​គ្រប់គ្រង​សាលា មន្ត្រី​ពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា​»​។

ក្រសួង​អប់រំ បាន​បញ្ជាក់ថា តាមរយៈ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ២​ ថ្ងៃ​កន្លះ​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ក្រុង ស្រុក​ពិតជា​បាន​ស្វែងយល់​អំពី​គោលការណ៍ បែបបទ និង​នីតិវិធី​សម្រាប់​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ជាក់ស្តែង ការផ្ទេរ​មុខងារ​អប់រំ​យុវជន និង​កីឡា​ទៅឱ្យ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ បាន​ឆ្លងកាត់​ការអនុវត្ត​សាកល្បង​នៅតាម​រដ្ឋបាល​ក្រុង ស្រុក​ទាំង​ ១៤ ក្នុង​ខេត្តបាត់ដំបង​ចាប់ពី​ឆ្នាំ​ ២០២០​ កន្លងមក ហើយ​ផ្អែក​តាម​ការសិក្សា​វាយតម្លៃ​ដោយ​ក្រុមការងារ​អន្តរក្រសួង​ក៏បាន​បង្ហាញ​នូវ​លទ្ធផល​ជា​វិជ្ជមាន​ផងដែរ​៕​