​ក្រសួងសុខាភិបាល ប្រកាស​រកឃើញ​ករណី​ស្លាប់​ដោយសារ​ជំងឺផ្ដាសាយបក្សី​ប្រភេទ​ហាស់ ៥ អ៊ិន​ ១ (H5N1) លើ​កុមារា​អាយុ​ ៩ ​ឆ្នាំ នៅ​ខេត្តក្រចេះ ខណៈ​ក្រសួង​ក្រើនរំឭក​សាជាថ្មី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជានិច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា មាន​អ្នក​ជំងឺផ្តាសាយបក្សី ចំនួន ១​ករណី​ទៀត កើត​លើ​ក្មេងប្រុស​អាយុ​ ៩ ​ឆ្នាំ និង​ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ​ហាស់​៥ អ៊ិន​១ (H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃទី ​៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមាន​ទីលំនៅ​ក្នុងភូមិ​កា​ប៉ូ​១ ឃុំ​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។

ក្រសួង​បញ្ជាក់ថា​៖ «​ទោះជា​មានការ​យកចិត្ត ទុកដាក់​ថែទាំ​និង​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ក៏ដោយ ដោយសារ​ស្ថានភាព​កុមារ​មាន​សភាព​ធ្ងន់ធ្ងរ រួមមាន​គ្រុនក្តៅ ពិបាក​ដកដង្ហើម ហត់ ក្អក និង​សន្លប់ កុមារ​បាន​ស្លាប់​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​។ តាម​ការសាកសួរ​បង្ហា​ញ​ថា នៅផ្ទះ​អ្នកជំងឺ​មាន​មាន់ ៥​ក្បាល និង​ទា ៣​ក្បាល បាន​ងាប់​ហើយ​បាន​យក​មាន់​ទា នោះមក​ធ្វើ​ម្ហូប​បរិភោគ​»​។

ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាននិងកំពុង​សហកា​រ ជាមួយ​ក្រុមការងារ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម​លើ​ការកើតឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ធ្វើការ​ឆ្លើយតប​ទៅតាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស បន្ត​ការស្វែងរក​ប្រភព​ចម្លង ទាំង​លើស​ត្វ និង​មនុស្ស និង បន្ត​ស្វែងរក​ករណី​សង្ស័យ​និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្តទៅ​អ្នក​ដទៃទៀត​ក្នុង​សហគមន៍​ព្រមទាំង​ចែកជូន​ឱសថ​តា​មី​ហ្លូ​(Tamiflu)​ដល់​អ្នក​ប៉ះពាល់​ជិតស្និទ្ធ និង​ធ្វើ​យុទ្ធនា​ការអប់រំ​សុខភាព ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​កើតហេតុ​ខាងលើ​។

ក្រសួងសុខាភិបាល ក៏បាន​ក្រើនរំឭក​សាជាថ្មី​ម្តងទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជានិច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

ក្រសួង​ណែនាំ​ថា ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ​ឬ​ស្លាប់​ក្នុងអំឡុង​១៤​ថ្ងៃ មុន​ថ្ងៃ​ចាប់ផ្តើម​មាន​រោគសញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែលមាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការពិនិត្យ​ព្យាបាល​នៅតាម​មូលដ្ឋាន​សុខាភិបាល ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឱ្យបាន​ឆាប់​ទាន់ពេលវេលា​៕