ក្រសួងសុខាភិបាល​ បានប្រកាស​រកឃើញ​ជំងឺ​អឹម​ផ​ក ​(Mpox)​ ចំនួន​ ៣​ ករណី​បន្ថែមដែល​សរុប​កម្ពុ​ជា មាន​ករណី​ជំងឺ​នេះ​ចំនួន​ ៩​ ករណី​ ហើយ​នៅ​កម្ពុជា ​និង​បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ខណៈ​ក្រសួង​សង្កេតឃើញថា​និន្នាការ​នៃ​ការ​ចម្លងជំងឺ​នេះ​មានការ​កើនឡើង​។​

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា វិធានការ​ចំពោះមុខ ក្រុមការងារ​ក្រសួង​កំពុងធ្វើការ​ងារ​លើ​រឿងនេះ តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ​ពី​វិធានការ​បង្ការ​ជំងឺ​អឹម​ផ​ក ដល់​ក្រុម​គោលដៅ ជាពិសេស​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ក្រុម​អ្នករក​សេវា​កម្សាន្ត​ជាដើម​។​

យោងតាម​លទ្ធផល ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បញ្ជាក់ថា មាន​ករណី​ជំងឺ​អឹម​ផ​ក ​(Mpox) (​ឈ្មោះ​ដើម ជំងឺ​អុត​ស្វា​) ចំនួន ៣ ករណី​បន្ថែមទៀត មាន​ទីលំនៅ​នៅ​ខណ្ឌដង្កោ ខណ្ឌទួលគោក និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បាន​ដាក់ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រឹមត្រូវ​ហើយ​។ ដូច្នេះ​ជំងឺ​អឹម​ផ​ក ដែល​បាន​រកឃើញ​សរុប​មាន​ចំនួន ៩​ ករណី​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ​។​

 ក្រសួងសុខាភិបាល​បន្ត​ថា ៖«​និន្នាការ​នៃ​ការចម្លង​ជំងឺ​អឹម​ផ​ក នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​យើង​មានការ​កើនឡើង​ស្របគ្នា​និង​និន្នាការ​នៅលើ​សកលលោក​។ យោងតាម​ការផ្សព្វផ្សាយ​របស់​អង្គការ សុខភាព​ពិភពលោក នៅ​ថ្ងៃទី​២៥ ខែមករា ជំងឺ​អឹម​ផ​ក​បាននិងកំពុង​ផ្ទុះ​រាលដាល ​ក្នុងប្រទេស​ចំនួន ១១៧ ដែល​ក្នុងនោះ​មាន​ករណី​ឆ្លង​ជំងឺ​អឹម​ផឹក​សរុប​ចំនួន ៩៣ ០៣០​ នាក់ និង​ករណី​ស្លាប់​ចំនួន ១៧៦​ នាក់ នៅលើ​ពិភពលោក​»​។ 

ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​និង​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដើម្បី​បង្ការ​ការរីក​រាលដាល​ជំងឺ​អឹម​ផ​ក​ជា​ចង្កោម ឬ​ទ្រង់ទ្រាយ​ធំ​ជាយថាហេតុ​។​

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក កុយ វ៉ាន់​នី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ថា បើទោះបីជា​វីរុស​អុត​ស្វា ឬ​ Mpox ពុំមែន​ជា​ជំងឺ​រាតត្បាត​ឆ្លង​ធ្ងន់ធ្ងរ​ដូច​ជំងឺ​កូ​វីដ​១៩ ក្តី ប៉ុន្តែ​ក្រសួង​នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​រក្សា​អនាម័យ ដើម្បី​បង្ការ​ជំងឺ​នេះ​ឆ្លង​ចូល​សហគមន៍​។​

លោក​បាន​បន្ថែមថា វិធានការ​ចំពោះមុខ ក្រុមការងារ​កំពុងធ្វើកា​រងា​រលើ​រឿងនេះ តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ​ពី​វិធានការ​បង្ការ​ជំងឺ​អឹម​ផ​ក​ដល់​ក្រុម​គោលដៅ​ជាពិសេស​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ក្រុម​អ្នករក​សេវា​កម្សាន្ត​ជាដើម​។ 

​លោក​បាន​ថ្លែងថា​៖«​មែនទែនទៅ​អត់​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​កម្ពុជា​ទេ យើង​ឃើញ​ហើយ​នៅលើ​ពិភពលោក​អ្នកមាន​ជំងឺ​នេះ​រាប់ម៉ឺន​ករណី ប៉ុន្តែ​អត្រា​ស្លាប់មាន​ជាង​១០០​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ជំងឺ​ផ្សេងៗ គឺ​នៅមាន​ចំនួន​តិច​»​។​

លោក កុយ វ៉ាន់​នី បាន​បន្តថា​៖​​«​យើង​មិន​ចង់ឱ្យ​ពលរដ្ឋ​ឆ្លង​ជំងឺ​នេះ​ទេ យើង​នៅតែ​ធ្វើ​គ្រប់​មធ្យោ បាយ​តាមរយៈ​ការផ្សព្វផ្សាយ អប់រំ​វិធានការ​បង្ការ​ដល់​គោលដៅ​។ មែនទែនទៅ​ក្រុមការងារ​យើង​ធ្វើការ​ផ្ទាល់​ទៅនឹង​អ្នកពាក់ព័ន្ធ ក្រុម​អ្នក​មិន​ប្រយ័ត្ន អ្នក​ដើររក​សេវា​កម្សាន្ត ឬ​រក​សេវា​ផ្លូវភេទ គឺ​ក្រុមការងារ​យើង​បាន​ផ្សព្វផ្សាយ​ដល់​គាត់ តាមរយៈ​សារ​ផ្សេងៗ ហើយ​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល គឺជា​វិធាន​ការបន្ថែម​ដែល​យើង​កំពុង​ធ្វើ​»​។​

​បើតាម​មន្ត្រី​ក្រសួងសុខាភិបាល​ដដែល ការព្យាបាល​ជំងឺ​អឹម​ផ​ក ត្រូវការ​រយៈពេល​ប្រមាណ ២ ​សប្តាហ៍​ទៅ​៣​សប្តាហ៍ ​ប៉ុន្តែ​អាស្រ័យទៅលើ​អ្នកជំងឺ​នោះ​ចេះ​ថែទាំ​ខ្លួនឯង​បានល្អ​ផងដែរ​។​

​ក្រសួងសុខាភិបាល បានឱ្យដឹងថា របៀប​ចម្លង​វីរុស​អុត​ស្វា ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការរួម​ភេទ​គ្រប់​ទម្រង់​ជាមួយ​អ្នកជំងឺ​អឹម​ផ​ក​ និង​ការប៉ះពាល់​ដោយផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារពាង្គកាយ ទឹកមាត់ តំណក់​តូចៗ តាមផ្លូវ​ដង្ហើម និង​សម្ភារ​ប្រើប្រាស់​ដែល​ប្រឡាក់ប្រឡូស​ជាមួយនឹង​វីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬ​សម្ភារ ស្លាបព្រា​ចាន កែវ​ទឹក​។​

វីរុស​អុត​ស្វា ក៏​ឆ្លង​ពី​ម្តាយ​ទៅ​កូន​តាមរយៈ​ទងសុក ក្នុងអំឡុងពេល ​ឬ​ក្រោយពេល​សម្រាល និង​ការ​ប៉ះ​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃពោះ​ឬ​ឪពុកម្តាយ​មាន​ជំងឺ​អឹម​ផ​ក​។​

ក្រសួងសុខាភិបាល​បញ្ជា​ក់ថា​៖«​ចំពោះ​វិធានការ​បង្ការ​ការចម្លង​ជំងឺ​អឹម​ផ​ក​វិញ ចៀសវាង​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នក​ដែលមាន​ចេញ​រោគសញ្ញា​ជំងឺ​អឹម​ផ​ក និង​ត្រូវអនុវត្ត​អនាម័យ​ដៃ​ដោយ​លាង​សម្អាត​ដៃ​ជាមួយ​ទឹក និង​សាប៊ូ ឬ​អាល់កុល​លាងដៃ​»៕