លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងដាក់ស្នើសុំចុះបញ្ជី «សង្ក្រាន្តកម្ពុជា» នៅក្នុងបញ្ជីបេតិកកភណ្ឌអរូបីយមនុស្សជាតិអង្គការយូណេស្កូដូចប្រទេសថៃដែរ។ ហើយលោកក៏បានស្នើសុំកុំឱ្យមានការឈ្លោះទាស់ទែងគ្នារវាងប្រទេសជាតិទាំង ២ និងកុំបន្តយល់ច្រឡំបន្ថែមទៀតរវាងវប្បធម៌នៃប្រទេសទាំង ២ នេះ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងឡើងថា៖«ឥឡូវ យើងជិតចូលឆ្នាំហើយ ហើយប្រទេសយើង និងថៃចូលឆ្នាំដូចគ្នាទាំង២។ ទាក់ទងនឹងរឿងនេះដែរ កាលពីថ្ងៃមុន ថៃ បានសុំចុះបេតិក ភណ្ឌ សង្ក្រាន្តថៃហើយថៃមិនបានយករបស់ខ្មែរចុះទេ។ សង្ក្រាន្តនេះ វាមាននៅប្រទេសដែលកាន់ព្រះពុទ្ធសាសនា ហើយគាត់បានចុះសង្ក្រាន្តនៅថៃ។ យើងក៏មានដែរ ក្រសួងវប្បធម៌របស់យើងទៅថ្ងៃមុខក៏កំពុងពិចារណាក្នុងការដាក់សង្ក្រាន្តនៅកម្ពុជា ជាបេតិកភណ្ឌដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពន្យល់ថា៖«វប្បធម៌ វាស្រដៀងគ្នា ដូចមួយថៃ និងគុនខ្មែរ អ៊ីចឹង។ កាលយើងចុះគុនខ្មែរ ក៏បងប្អូនប្រជាពលរដ្ឋថៃមួយចំនួន មានការយល់ច្រឡំថា អាហ្នឹងជារបស់គាត់ ហើយមិនឱ្យចុះដែរ ប៉ុន្តែវប្បធម៌វាខុសប្រទេស២ស្រដៀងគ្នា»។
លោកបានបញ្ជាក់បន្ថែមថា សង្ក្រាន្តដែលថៃបានចុះជាបេតិកភណ្ឌ ជាសង្ក្រាន្តនៅក្នុងប្រទេសថៃ វាជារបស់ថៃ។ សម្រាប់ប្រទេសកម្ពុជាក៏មានសិទ្ធិចុះសង្ក្រាន្តនៅកម្ពុជាដែរ វាមិនមានអ្វីខុសទេ ហើយលោកក៏ស្នើសុំកុំឱ្យប្រជាពលរដ្ឋយករឿងយល់ច្រឡំ ធ្វើឱ្យឈ្លោះគ្នារវាងប្រទេសជាតិទាំងសងខាងផងដែរ។
លោក ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឱ្យមានការបង្ហាញពីអត្តសញ្ញាណរបស់វប្បធម៌ខ្មែរឱ្យបានច្រើនពីអ្វីដែលជារបស់ខ្មែរ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងកុំឱ្យមានការយល់ច្រឡំ ព្រោះវាស្រដៀងគ្នា។
លោកបានបញ្ជាក់ថា ៖ «អ៊ីចឹង ខ្ញុំគិតថាគួរតែមានការរៀបចំអត្តសញ្ញាណ រៀបចំការងារច្បាស់លាស់ ខ្ញុំថាគឺជាការងារសំខាន់ ហើយក្រសួងកិច្ចការងារនារីក៏គួរចូលរួមផងដែរ ព្រោះវាជាការងារការពារបេតិកភណ្ឌក្នុងការរក្សាតម្លៃវប្បធម៌របស់យើង ព្រោះកន្លែងខ្លះវាស្រដៀងគ្នា ដើម្បីចៀសវាងការឈ្លោះគ្នា»។
លោក ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈថា ក្រសួងបានរៀបចំបញ្ជីបម្រុង ដោយក្នុងនោះសង្ក្រាន្តឆ្នាំថ្មីរបស់កម្ពុជា ក៏មានដែរ សម្រាប់ស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីមនុស្សជាតិអង្គការយូណេស្កូ ប៉ុន្តែនៅក្នុងនោះក៏មានរបស់ខ្លះ ដែលជាអាទិភាពក្នុងការស្នើសុំចុះបញ្ជីនេះដែរ។
លោក ស៊ុ ម៉ាប់ បានថ្លែងថា៖«អាហ្នឹងជាផ្នែកមួយរបស់ក្រសួង ហើយជាធម្មតា និងតាមនីតិវិធីយើងដាក់ឯកសារវាត្រូវការពិនិត្យ ១ឆ្នាំ អីចឹងវាត្រូវការរយៈពេល ២ឆ្នាំសម្រាប់បេតិកភណ្ឌអរូបីមួយៗ ដើម្បីគណៈកម្មការបេតិកភណ្ឌអរូបីគេពិនិត្យ»។
លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យ សភាកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈនេះ បានថ្លែងថា វាជារឿងធម្មតាសម្រាប់ប្រទេសនៅលើពិភព លោក ដែលតែងតែធ្វើ ហើយសម្រាប់កម្ពុជាវិញ ក៏អាចធ្វើដូចគេបានដែរ។
លោក ឈត ប៊ុនថង បានប្រាប់ថា ៖ «ខ្មែរយើងក៏ប្រើសង្ក្រាន្ត ថៃក៏ប្រើសង្ក្រាន្ត ប៉ុន្តែវាខុសកន្ទុយ មួយសង្ក្រានខ្មែរ មួយទៀតសង្ក្រាន្តថៃ តែឧបមាថា បើយើងអត់ប្រើសង្ក្រាន្តវិញ យើងប្រើថា ចូលឆ្នាំថ្មី ហើយប្រទេសណាក៏មានពាក្យចូលឆ្នាំថ្មីដែរ ដូចជាចូលឆ្នាំថ្មីខ្មែរ ចូលឆ្នាំថ្មីថៃ និងចូលឆ្នាំថ្មី វៀត ណាម ចិន អ៊ីចឹងទៅ។ ប៉ុន្តែសម្រាប់យើងនេះវិញ វាគ្រាន់តែពាក្យដូចគ្នា «សង្ក្រាន្ត» ព្រោះខ្មែរ និងថៃ នេះ វាមានប្រវត្តិសាស្ត្រជាប់ទាក់ទងគ្នា ដូច្នេះយើងប្រើពាក្យដូចគ្នាហើយ»។
ទោះជាយ៉ាងណា បើតាម លោក ឈត ប៊ុនថង ការដែលកម្ពុជាដាក់សង្ក្រាន្តចូលទៅក្នុងបញ្ជីបេតិក ភណ្ឌអរូបីមនុស្សជាតិនៅក្នុងអង្គការយូណេស្តូនេះ ក៏មិនមានអ្វីទាស់ខុសដែរ។ លោកបានស្នើសុំឱ្យពលរដ្ឋខ្មែរ និងពលរដ្ឋថៃ កុំឱ្យមានការយល់ច្រឡំ និងបកស្រាយខុស ហើយផូស្តនៅលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ និងប្រេះឆា រវាងប្រទសជាតិដែលរស់នៅក្បែរគ្នា៕