​សៀមរាបៈ ​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ២ ០០០​ នាក់​ បាន​ចូ​លរួម​ចាប់​ត្រី​រួ​មគ្នាក្នុង​ត្រពាំង​អភិរ​ក្ស​បុរាណ នៅ​ព្រឹក​ថ្ងៃទី​១១​ ខែកុម្ភៈ ដើម្បី​យក​ត្រី​មក​ធ្វើ​ម្ហូប​ក្នុង​ពិធី​បុណ្យ​ឡើង​មាឃ ឬ​ឡើង​អ្នក​តា ​ទៅ​តាម​ប្រពៃ​ណី ​និង​ទម្លាប់​របស់​អ្នក​ភូមិ​រស់នៅ​​តំបន់​រមណី​យដ្ឋាន​អង្គរ​  រីឯនៅខេត្ត​ត្បូង​ឃ្មុំ​នឹង​ធ្វើ​ពិធី​ចាប់​ត្រី​ដ៏​ធំ​ដូច​គ្នា​នេះ ​នៅ​ថ្ងៃទី​១៧ ​កុម្ភៈ ខាង​មុខ​​។​

​លោក​ សូរ ​ប្លា​តុង អភិ​បាល​ស្រុក​ប្រាសាទ​បាគង​ បាន​ប្រាប់​នៅ​ថ្ងៃទី​១១ ​ខែកុម្ភៈ​ថា  ប្រជា​ពលរដ្ឋ​មកពី​គ្រប់​ទិស​ទី និង​គ្រប់​ស្រទាប់​វណ្ណៈ​ប្រមាណ​ជាង ​២ ០០០​នាក់ ​មិន​មែន​តែ​ប្រជា​ពលរ​ដ្ឋ​នៅក្នុង​ភូមិ​បង្កោង ឃុំ​អម្ពិល​នេះ​ទេ តែ​មាន​មក​ពី​ក្រុង​សៀម​រាប​បាន​ចូលរួម​ពិធី​ចាប់​ត្រី​យ៉ាង​សប្បាយ​រីក​រាយ ដោយ​មិន​បាន​ប្រកាន់​វណ្ណៈ​ឡើយ ​ខណៈ​នៅ​ឆ្នាំ​នេះ ប្រជា​ពល​រដ្ឋ​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​មុន​។​

 លោកបាន​ពន្យល់​ថា ពិធី​ចាប់​ត្រី​នេះត្រូ​វបាន​ធ្វើ​ឡើង​រាល់​ឆ្នាំ​ទៅ​តាម​ទម្លាប់​នៅ​ក្នុង​ត្រពាំង​បុរាណ​ដែល​អ្នក​ភូមិ​បាន​អភិ​រក្ស​ត្រី​រួម​គ្នា​ទុក​មិន​ឱ្យ​មាន​ការ​នេសាទ​ផ្តេស​ផ្តាស​កន្លង​មក ​ដោយ​ទុក​សម្រាប់​ធ្វើ​ពិធី​ចាប់​ត្រី​រួមគ្នា​ក្នុង​ឱកាស​ធ្វើ​ពិធី​បុណ្យ​ឡើង​មាឃ ​ឬ​ឡើង​អ្នក​តា តែ​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ក្រោយ​ពី​អ្នក​ភូមិ​បង្កោង​ធ្វើ​ពិធី​ចាប់​ត្រី​រួមគ្នា​រួច​ហើយ ​ទើប​អ្នក​ភូមិ​ផ្សេង​មាន​សិទ្ធិ​មក​រកត្រីនៅក្នុ​ង​ត្រពាំង​បឹង​នេះ​ នៅ​ថ្ងៃ​បន្ទាប់​ទៀត​បាន​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ពិធី​ចាប់​ត្រី​រួមគ្នា​នេះត្រូវ​បាន​អ្នកភូ​មិ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​បន្ទាប់​ពី​បញ្ចប់​ការ​ងារ​ច្រូតកា​ត់ និង​ដាក់​ស្រូវ​ក្នុង​ជង្រុក​រួច​រាល់​។ ការ​ចាប់​ត្រី​នេះ ប្រជា​ពលរដ្ឋ​ទាំង​អស់​ក្នុង​ភូមិ​បង្កោង​អាច​រក​ត្រី​ទុក​សម្រាប់​ខ្លួន​ឯង​ផ្ទាល់​ និង​មួយ​ផ្នែក​ទៀត​នៃ​បឹង​ដែល​មាន​ដាក់​សម្រាស់​ការពារ​មិន​ឱ្យ​ចាប់ពី​ដំបូង​នោះ​ត្រូវ​ទុក​ចាប់​រួម​សម្រាប់​ធ្វើ​ជា​ម្ហូប​ក្នុង​ពិធី​បុណ្យ​រួម​»​។​

​អាជ្ញា​ធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១១ ​ខែ​កុម្ភៈ ​ក៏បាន​លើកឡើ​ង​តាម​រយៈ​ហ្វេ​ស​ប៊ុ​កថា រ​មណីយ​ដ្ឋាន​អង្គរ ប្រមូល​ផ្តុំ​ទៅ​ដោយ​បេតិក​ភណ្ឌ​រស់ដែល​សម្បូរ​ទាំង​មរតក​អរូបី ​និង​រូបី​ជាច្រើ​ន ហើយ​ត្រូវបាន​អ្នក​ស្រុក​អង្គរ​បន្ត​ប្រតិ​បត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​រហូត​មក​ទល់​បច្ចុប្បន្ន​។ 

​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​បន្ត​ថា​៖«​ជាក់​ស្តែង​ជា​រៀង​រាល់​ឆ្នាំ ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​រួច​រាល់​ ឱ្យតែ​មក​ដល់​ខែ​មាឃ​ ប្រជា​ពលរ​ដ្ឋ​រស់​នៅ​ក្នុង​ភូមិ​បង្កោង ​ឃុំ​អម្ពិល ​ស្រុក​ប្រាសាទ​បាគ​ង ខេត្ត​សៀម​រាប តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​មិន​ដែល​ខក​ខាន​ជា​លក្ខណៈ​សហ​គមន៍ គឺ​សម្រា​ប់តែ​សមា​ជិក​ក្នុងភូ​មិ​បង្កោង​តែប៉ុ​ណ្ណោះ​ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃឬ​ឡើ​ងអ្នកតា​នៅ​ថ្ងៃ​បន្ទាប់តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​មក​»​។



​លោក​ ពេ​ជ្រ ឃិន មេភូមិ​បង្កោង​បាន​លើក​ឡើង​ថា កា​រចាប់​ត្រី​រួម​គ្នា​ធ្វើឡើ​ង​នៅ​ត្រពាំង​បុរាណ​ធំ​មួយ​មាន​ទឹក​ខួប​ប្រាំង​ខួបវស្សា​ដែលអ្នកភូមិ​បាន​អភិ​រក្ស​ទុកការពារ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ចូល​មក​នេ​សាទ​ផ្តេស​ផ្តាស​ខុសពី​ខែ​មាឃ​នេះ​ឡើយ លុះត្រា​តែ​មាន​ការ​សម្រេច​គណៈ​កម្ម​ការ​រៀបចំ​បុណ្យ​ជា​មុន​។

​លោក​បាន​បន្តថា ​​នៅ​ពេល​គណៈ​ក​ម្មការ​រៀប​ចំ​បុណ្យ​បាន​កំណត់​ថ្ងៃ​នេសាទ​រួម​ រួច​អ្នក​ភូមិ​អាច​ទៅរក​ចាប់​បាន​ ប៉ុន្តែ​ត្រូវ​តែ​ប្រើ​ឧប​ករណ៍​នេ​សាទ​បុរាណ ​រួម​មាន​ សំណាញ់ ​អង្រុត​ ឈ្នាង ជា​ដើម​។​

​លោក ​ពេជ្រ ​ឃិន បាន​បញ្ជាក់​ថា ៖ «​ត្រី​ដែល​ចាប់​បាន​នោះ ​មួយផ្នែ​ក​ទុក​រួម​សម្រាប់​ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ​រៀងៗ​ខ្លួន ​មួយ​ផ្នែក​ទៀត​ទុក​សម្រាប់​ធ្វើ​ទឹក​នំ​បញ្ចុក​ ម្ហូប​អាហារ​ និង​ចង្ហាន់​ជា​ដើម ​សម្រាប់​ប្រគេន​ព្រះ​សង្ឃ​នៅ​ថ្ងៃ​ធ្វើ​កិច្ច​ពិធី​ឡើង​មាឃឬ​បុណ្យ​ឡើង​អ្នកតា​នៅ​សា​លាឆា​ន់​ក្នុង​ភូមិ​តាម​ទំនៀម​បុរាណ​មិន​ដែល​ខក​ខាន​»។

​សូម​រំឭក​ដែរ​ថា ​រដ្ឋបា​លខេត្ត​ត្បូងឃ្មុំ​ក៏​ត្រៀម​រៀបចំ​ពិធី​ចាប់​ត្រី​ក្នុង​បឹង​ត្រពាំង​ក្រម​ ក្នុង​ស្រុក​មេមត់​ផង​ដែរ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧ ​ខែ​កុម្ភៈ​ ខាង​មុខ៕