ក្រចេះៈរដ្ឋបាលខេត្តក្រចេះ និងបណ្តាខេត្តមួយចំនួនទៀត បានចេញសេចក្តីណែនាំដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋឱ្យចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1 ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។
ការណែនាំនេះបន្ទាប់ពីថ្មីៗនេះមានកុមារាអាយុ៩ឆ្នាំម្នាក់នៅខេត្តក្រចេះ បានបាត់បង់ជីវិត ដោយសារមានវីរុសផ្ដាសាយបក្សី (H5N1) បណ្ដាលមកពីការបរិភោគសត្វបក្សីដែលងាប់។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចេញសេចក្ដីណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) ពីបក្សីទៅបក្សី និងពីបក្សីទៅមនុស្សដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម។
លោកបានលើកឡើងតាមរយៈសេចក្តីណែនាំថា៖ «ត្រូវចូលរួមអនុវត្តវិធានការការពារដោយបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋានចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យបាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាពក្នុងការចិញ្ចឹមបក្សី នៅពេលចរាចរណ៍ដឹកជញ្ជូនបក្សី និងផលិតផលពីបក្សី។
ក្រៅពីនេះ លោកក៏បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វបន្ថែមពីតំបន់ដែលមានផ្ទុះជំងឺផ្តាសាយបក្សីឬសង្ស័យមានជំងឺផ្តាសាយបក្សីដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។
លោកវ៉ា ថន បានបញ្ជាក់ថា ៖ «ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ដែលឆ្លងកាត់តាមច្រកទ្វារព្រំដែន និងនាំចេញ-ចូលទាំងក្រៅខេត្ត និងក្នុងខេត្ត ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន»។
ដោយឡែក លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានប្រាប់នៅថ្ងៃទី១១ ខែកុម្ភៈ ដែរថា តាមរយៈផែនការរបស់ថ្នាក់ដឹកនាំខេត្ត គឺបានរៀបចំផ្សព្វផ្សាយរាល់សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលទៅកាន់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តស្ទឹងត្រែង ចំពោះបញ្ហាប្រឈម និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្តាសាយបក្សីនេះ។
លោកបានបញ្ជាក់ថា៖«យើងបានប្រជុំនិងធ្វើការផ្សព្វផ្សាយនូវគោលការណ៍ណែនាំដែលបានដាក់ចេញរួចមកហើយរបស់ក្រសួងសុខាភិបាល។ ក្រៅពីនោះយើងបានណែនាំឱ្យមន្ត្រីសុខាភិបាលខិតខំប្រឹងប្រែងអនុវត្តជាប្រចាំទាំងនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនៅទូទាំងខេត្ត រួមទាំងអាជ្ញាធរថ្នាក់មូលដ្ឋាន ត្រូវមានការចុះណែនាំប្រជាពលរដ្ឋចិញ្ចឹមសត្វទាំងអស់នោះ ឱ្យមានការពារ និងអនាម័យនៅពេលប៉ះពាល់បក្សី»។
ទន្ទឹមនេះ ថ្នាក់ដឹកនាំខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានកសិដ្ឋានចិញ្ចឹមសត្វនៅពេលមានករណីសត្វចិញ្ចឹមរបស់ខ្លួនឈឺឬក៏ងាប់និងសង្ស័យថាមានរោគសញ្ញាជំងឺផ្ដាសាយបក្សីត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីឱ្យខាងអាជ្ញាធរចុះអន្តរាគមន៍ឆ្លើយតបចំពោះបញ្ហានេះទាន់ពេលវេលា។ នេះបើតាមការបន្ថែមរបស់លោក ម៉ែន គុង។
ចំណែកលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា ជាទូទៅ រាល់ពេលមានបញ្ហាជំងឺឆ្លងកើតឡើង អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែប្រជុំគ្នា ដើម្បីរកវិធានការទប់ស្កាត់ និងបង្ក្រាបលើករណីផ្ទុះឡើងនៃជំងឺឆ្លងទាំងនោះជាមុនសិន។
លោកបន្តថា បន្ទាប់ពីប្រជុំគ្នារួចហើយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់នឹងបន្តសកម្មភាពចុះផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋអំពីវិធានការការពារខ្លួន និងទប់ស្កាត់ពីជំងឺឆ្លងទាំងនោះ តាមរយៈការអនុវត្តសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
លោកបានបញ្ជាក់ថា៖ «ខេត្តរបស់យើងឆ្ងាយនៅតំបន់ដាច់ស្រយាល អ៊ីចឹង មិនសូវរងហានិភ័យនៃជំងឺឆ្លងហ្នឹងទេ ប៉ុន្តែទោះបីមិនស្ថិតក្នុងស្ថានភាពងាយផ្ទុះឡើងជំងឺផ្ដាសាយបក្សីនេះក៏ដោយ ទាំងថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់គឺនៅតែបន្តសកម្មភាពចុះផ្សព្វផ្សាយរាល់សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋយើងផងដែរ»។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៣ កន្លងមក មានកុមារីអាយុ២ឆ្នាំម្នាក់នៅខេត្តព្រៃវែងក៏បានស្លាប់ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N1 ផងដែរ៕