ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការផាកពិន័យជាទឹកប្រាក់ចំពោះបុគ្គល ដែលល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់ ដែលទទួលការសាងសង់ផ្លូវថ្នល់ មិនត្រឹមត្រូវតាមបច្ចេកទេស បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវធ្វើដំណើរ។
យោងតាមសេចក្ដីសម្រេចរបស់អន្តរក្រសួង ស្ដីពីការផាកពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ ស្ដីពីផ្លូវថ្នល់ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ការផាកពិន័យទៅលើបុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់ ត្រូវបានរៀបចំជាបញ្ជីផាកពិន័យ ដែលមានការរាយការណ៍លម្អិតពីប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ផាកពិន័យទៅតាមស្ថានភាពទម្ងន់នៃប្រភេទបទល្មើសនីមួយៗ។
ក្នុងនោះមាត្រា៥២ នៃច្បាប់ស្ដីពីផ្លូវថ្នល់ បានកំណត់ថា ជនណាដែលទទួលសិទ្ធិសាងសង់ ឬអភិវឌ្ឍផ្លូវថ្នល់ថ្មី ដែលមិនមានបំពាក់បរិក្ខារផ្លូវថ្នល់តាមគម្រោងប្លង់សាងសង់ នឹងត្រូវផាកពិន័យជាទឹកប្រាក់ ៥លានរៀលនិងត្រូវផាកពិន័យចំនួន ២លានរៀល សម្រាប់ជនណាដែលទទួលសិទ្ធិសាងសង់ ឬអភិវឌ្ឍផ្លូវថ្នល់ថ្មី ដែលបំពាក់បរិក្ខារផ្លូវថ្នល់មិនគ្រប់គ្រាន់តាមគម្រោងប្លង់សាងសង់ និងមិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស។
មាត្រាដដែលបន្តថា ចំពោះជនណាដែលទទួលសិទ្ធិសាងសង់ ឬអភិវឌ្ឍផ្លូវថ្នល់ថ្មី ដែលបំពាក់បរិក្ខារផ្លូវថ្នល់គ្រប់គ្រាន់តាមគម្រោងប្លង់សាងសង់ ប៉ុន្តែមិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស ត្រូវផាកពិន័យទឹកប្រាក់១លានរៀល។
ចំពោះមាត្រា៥៣ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ក៏បានកំណត់ដែរថា នីតិបុគ្គលណាដែលទទួលសិទ្ធិសាងសង់ ឬអភិវឌ្ឍផ្លូវថ្នល់ថ្មី ដែលមិនមានបំពាក់បរិក្ខារផ្លូវថ្នល់តាមគម្រោងប្លង់សាងសង់ នឹងត្រូវផាកពិន័យជាទឹកប្រាក់ ១០លានរៀល និងពិន័យចំនួន ៥លានរៀល សម្រាប់នីតិបុគ្គលណាដែលទទួលសិទ្ធិសាងសង់ ឬអភិវឌ្ឍផ្លូវថ្នល់ថ្មី ដែលបំពាក់បរិក្ខារផ្លូវថ្នល់មិនគ្រប់គ្រាន់តាមគម្រោងប្លង់សាងសង់ និងមិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស។ ត្រូវពិន័យចំនួន ២លានរៀល សម្រាប់នីតិបុគ្គលណាដែលទទួលសិទ្ធិសាងសង់ ឬអភិវឌ្ឍផ្លូវថ្នល់ថ្មី ដែលបំពាក់បរិក្ខារផ្លូវថ្នល់គ្រប់គ្រាន់តាមគម្រោងប្លង់សាងសង់ ប៉ុន្តែមិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស។
ដោយឡែកមាត្រា៥៤ បានកំណត់ថា ជនណាដែលទទួលសិទ្ធិសាងសង់ផ្លូវថ្នល់ ផ្លូវប្រសព្វ ផ្លូវប្រសព្វក្នុងលម្ហ ផ្លូវជាន់គ្នាស្ពានអាកាស ស្ពានរំលងផ្លូវ រូងក្រោមដី ផ្លូវក្រោមទឹក ឬផ្លូវជួបគ្នារវាងផ្លូវថ្នល់ និងផ្លូវអយស្ម័យយាន ដោយមិនគោរពតាមបទប្បញ្ញត្តិបច្ចេកទេសដែលបានកំណត់នឹងត្រូវផាកពិន័យជាទឹកប្រាក់ ៥លានរៀល។
មាត្រា៥៥ ក៏បានកំណត់ដែរថា នីតិបុគ្គលដែលទទួលសិទ្ធិសាងសង់ ផ្លូវថ្នល់ ផ្លូវប្រសព្វ ផ្លូវប្រសព្វក្នុងលម្ហ ផ្លូវជាន់គ្នា ស្ពានអាកាស ស្ពានរំលងផ្លូវ រូងក្រោមដី ផ្លូវក្រោមទឹក ឫផ្លូវជួបគ្នារវាងផ្លូវថ្នល់ និងផ្លូវអយស្ម័យយាន ដោយមិនគោរពតាមបទប្បញ្ញត្តិបច្ចេកទេសដែលបានកំណត់នឹងត្រូវផាកពិន័យជាទឹកប្រាក់ ១០ លានរៀល។
ក្នុងសេចក្ដីសម្រេចដដែលបញ្ជាក់ថា៖ «ចំណូលប្រមូលបានពីការផាកពិន័យ និងការផ្ដន្ទាទោសពិន័យជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់ ត្រូវកត់ត្រាជាចំណូលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន»។
ប្រភពដដែលបានបន្តថា ការផាកពិន័យដែលកំណត់ដោយអន្តរក្រសួងនេះ មិនរួមបញ្ចូលការផាកពិន័យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់អតិបរមា ដែលមានចែងក្នុងច្បាប់ស្ដីពី ផ្លូវថ្នល់ឡើយ។
ជុំវិញពីការផាកពិន័យនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានថ្លែងនៅថ្ងៃទី១១ ខែកុម្ភៈថា ការពិន័យជាទឹកប្រាក់ចំពោះបុគ្គលដែលល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ ស្ដីពីផ្លូវថ្នល់នេះ វាជារឿងល្អ ព្រោះបញ្ហាផ្លូវនេះ វាជាផ្នែកមួយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដែលធ្វើឱ្យអ្នកបើកបរមានសុវត្ថិភាពក្នុងការធ្វើដំណើរ។
ផ្លូវថ្នល់ដែលមានសុវត្ថិភាព គឺបានន័យថា ជាផ្លូវថ្នល់ដែលល្អប្រសើរ មិនមានការខូចទ្រង់ទ្រាយដែលធ្វើឱ្យអ្នកបើកបរ មិនមានឧបសគ្គក្នុងការបញ្ជាយានយន្ត។ បន្ថែមពីនេះ ទាក់ទងនឹងផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ វាក៏សំខាន់ដែរ ប្រសិនបើសាងសង់ឡើងដោយគ្មានភាពរឹងមាំ ឆាប់ខូច ឬរលុបបាត់ វានឹងធ្វើឱ្យបាត់នូវព័ត៌មានមួយចំនួនទៅដល់អ្នកបញ្ជាយានយន្តនៅលើដងផ្លូវ ដែលជាហេតុក៏បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកបានថ្លែងថា៖ «ជារួមខ្ញុំគាំទ្រចំពោះការប្រកាសអន្តរក្រសួងនេះ ក៏ប៉ុន្តែសុំឱ្យការអនុវត្តធ្វើឱ្យមានតម្លាភាព ធ្វើឱ្យបានស្មើភាព និងត្រឹមត្រូវ។ ដូច្នេះគោលដៅយើង គឺចង់ឱ្យផ្លូវថ្នល់របស់យើង ជាផ្លូវថ្នល់ដែលល្អ សង់ទៅស្របតាមបទដ្ឋានបច្ចេកទេស មានបំពាក់ផ្លាកសញ្ញា និងគំនូសផ្លាកសញ្ញាចរាចរណ៍យ៉ាងត្រឹមត្រូវ ដើម្បីធានានូវសុវត្ថិភាពការធ្វើដំណើររបស់អ្នកប្រើប្រាស់ផ្លូវ»។
ក្រៅពីនេះ ក្រសួងដែលពាក់ព័ន្ធ ក៏ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ទៅលើបុគ្គល ឬក្រុមហ៊ុន ដែលទទួលការសាងសង់ផ្លូវថ្នល់ទាំងនោះ ដើម្បីឱ្យប្រាកដថា រាល់ការសាងសង់របស់ពួកគាត់មានលក្ខណៈស្របតាមបច្ចេកទេសត្រឹមត្រូវ។ នេះបើតាមលោក គឹម បញ្ញា៕