ភ្នំពេញៈ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់សមាជិកសមាជិកាគណៈមេធាវី និងប្រជាពលរដ្ឋទាំងអស់កុំយកហិង្សាទៅដោះស្រាយបញ្ហា ដោយជំនួសមកវិញនូវការដោះស្រាយដោយសន្តិវិធី និងតាមផ្លូវច្បាប់ ខណៈសង្គមស៊ីវិលអំពាវនាវដល់សមត្ថកិច្ចពង្រឹងការត្រួតពិនិត្យការប្រើអាវុធខុសច្បាប់។
ការចេញអំពាវនាវរបស់គណៈមេធាវីធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ៩ ខែកុម្ភៈ បន្ទាប់ពីមានករណីឃាតកម្មដែលប្រព្រឹត្តដោយឈ្មោះ ទូច វឌ្ឍនៈ អាយុ ៣២ ឆ្នាំ ជាមេធាវី បានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើស្ត្រី ១ រូប បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី ៨ ខែកុម្ភៈ។
មេធាវីជាជនដៃដល់ក៏បានបាញ់សម្លាប់ខ្លួនឯងហើយបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈកាលពីថ្ងៃទី ១០ កុម្ភៈ ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គណៈមេធាវីថា៖ «គណៈមេធាវីសូមសម្តែងការសោកស្តាយក្រៃលែង ចំពោះហេតុការណ៍ដ៏គួរឱ្យរន្ធត់តក់ស្លុតនេះ និងបានប្រកាសមិនគាំទ្រចំពោះការយកហិង្សាមកដោះស្រាយបញ្ហាឡើយនិងបានអំពាវនាវដល់សមាជិកសមាជិកាគណៈមេធាវីនិងប្រជាពលរដ្ឋចូលរួមដោះស្រាយដោយសន្តិវិធី ចៀសវាងដោះស្រាយបញ្ហាដោយប្រើហិង្សា»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូថ្លែងថា ក្នុងនាមអង្គការដែលធ្វើការលើការលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស មិនគាំទ្រជាដាច់ខាតរាល់បុគ្គល ឬក្រុមណាដែលយកអំពើហិង្សាមកដោះស្រាយបញ្ហា ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្នុងសង្គម ក៏ដូចជាប៉ះពាល់ដល់ផ្លូវច្បាប់ដែរ។
លោកថ្លែងថ្ងៃទី ១១ កុម្ភៈថា៖ «អ្នកច្បាប់អាជ្ញាធរ មិនគួរជ្រើសរើសយកអំពើហិង្សាមកដោះស្រាយបញ្ហាណាមួយនោះទេ ពីព្រោះអាជ្ញាធរក៏ដូចជាអ្នកច្បាប់ គឺជាអ្នកដើរតួជាគំរូសម្រាប់ប្រជាពលរដ្ឋ។ កាលណាអ្នកច្បាប់ឬអាជ្ញាធរដោះស្រាយបញ្ហាដោយប្រើហិង្សា នោះនឹងជះឥទ្ធិពលមិនល្អដល់សង្គមជាតិ»។
លោក អំ សំអាតបានសម្តែងការព្រួយបារម្ភថា ការដោះស្រាយបញ្ហាដោយប្រើប្រាស់អំពើហិង្សា និងមានអាវុធនៅក្នុងដៃ វាជារឿងដ៏ធ្ងន់ធ្ងរដែលទាមទារឱ្យរដ្ឋាភិបាលត្រូវពិនិត្យបន្ថែមទៀតលើការប្រើប្រាស់ខុសច្បាប់។ លោកថា៖«ដូច្នេះការប្រើប្រាស់អាវុធគួរណាស់តែមានការរឹតបន្តឹងបន្ថែមទៀត មិនត្រូវអនុញ្ញាតឱ្យមានការប្រើប្រាស់ដោយសេរី និងខុសច្បាប់ទៀតទេ»។
យោងតាមកំណត់ហេតុរបស់ Hotline ១១៧ ដែលជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា ជនសង្ស័យជាមេធាវីខាងលើបានប្រើប្រាស់កាំភ្លើងខ្លី ១ដើម មានបង់ចំនួន ១ មាន ៨ គ្រាប់។
បើយោងតាមច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវត្រង់មាត្រា ៤ ចែងថា៖ «ត្រូវហាមឃាត់ ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការឱ្យខ្ចី ការផ្ទេរ ការចែកចាយ ការជួល ការផលិត ការកែច្នៃដំឡើង ការជួសជុល ការដឹកជញ្ជូន ការនាំឆ្លងកាត់ ការនាំចូល ការនាំចេញការស្ដុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទចំពោះជនស៊ីវិល ក្នុងប្រទេសកម្ពុជា»។
សូមរំឭកដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែមករា ឆ្នាំ ២០២៤ បានបញ្ជាឱ្យធ្វើសារាចរណែនាំបញ្ឈប់ការអនុញ្ញាតឱ្យបើកអាជីវកម្មបាញ់ស៊ីប ឬអាជីវកម្មបាញ់កាំភ្លើងស៊ីវិលថ្មីនៅទូទាំងប្រទេសចៀសវាងកើតមានបញ្ហាណាមួយជាយថាហេតុ។ លោកថ្លែងថា ការបើកអាជីវកម្មបាញ់ស៊ីបថ្មីៗ ជារឿងមិនចាំបាច់ ហើយអាជ្ញាធរត្រូវត្រួតពិនិត្យលក្ខណៈបទដ្ឋានបច្ចេកទេសរាល់បណ្តាទីតាំងអាជីវកម្មបាញ់ស៊ីបចាស់ៗដែលកំពុងដំណើរការ។ លោកសង្កត់ធ្ងន់ថា៖ «ក្លិបបាញ់កាំភ្លើងឯកជន ព្រោះតែបើកត្រូវមានសិទ្ធិទិញកាំភ្លើងទិញគ្រាប់ហើយយកទៅណា? មិនបាច់តែម្តងទៅ»៕