​ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​យល់​ព្រមឱ្យ​ប្រសិទ្ធ​នាម «​ស្ពាន​​អាកាស មរតក​តេ​ជោ​» សម្រាប់​ស្ពាន​អាកាស​ថ្មី​នៅត្រង់ចំណុច​ប្រសព្វ​រវាង​មហាវិថី​ចំនួន​ ៣​ រួមមាន មហាវិថី «​សម្ដេច​តេ​ជោ ហ៊ុន សែន​»,​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​កង​យោធ​​ពល​ខេមរភូមិន្ទ ក្រោយពី​មានការ​ស្នើសុំ​ពី​អភិបាល​រាជធានី​​ភ្នំពេញ​លោក ឃួ​ង ស្រេង​។​

​យោងតាម​លិខិត​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ដែល​ជម្រាប​ជូនទៅ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ករណី​សំណើសុំ​ប្រសិទ្ធ​នាម​ស្ពាន​អា​កាស​ត្រង់ចំណុច​ប្រសព្វ​រវាង​មហាវិថី «​សម្តេច​តេ​ជោ ហ៊ុន​សែន​»​ មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​កងយោធពល​ខេ​មរ​​ភូមិន្ទ ស្ថិតនៅ​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំ​ពេញ ជា ​«​ស្ពាន​អាកាស មរ​ត​ក​តេ​ជោ​» ត្រូវបាន​រាជរដ្ឋាភិបាល​យល់ព្រម ហើយ​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ​ចាត់ចែង​អនុវត្ត​ចាប់ពីពេលនេះ​ទៅ​។​

​សូម​រំឭកថា លោក ឃួ​ង​ ស្រេង អភិបាល​រាជធានី​ភ្នំ​ពេញ កាលពី​អំឡុង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចាក់​បេតុង​ចំ​កណ្តាល​ស្ពាន ជា​និមិត្តរូប​នៃ​ការតភ្ជាប់​ស្ពាន​ខ្សែ​មេ​ទី១ ​ជា​ផ្លូវ​ការ ភ្ជាប់​ពី​មហាវិថី​ «​សម្តេច ហ៊ុន​សែន ​(​ផ្លូវ​ ៦០​ ម៉ែត្រ​)» ទៅ​មហាវិថី​ព្រះមុនីវង្ស ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២៤ បានប្រកាសថា លោក​បានស្នើ​ទៅកាន់​រាជរដ្ឋាភិបាល​ដើម្បី​ប្រសិទ្ធ​នាម​ស្ពាន​អាកាស​ថ្មី​នេះ​ថា ជា​ «​ស្ពាន​អាកាស​មរតក​តេ​ជោ​» ខណៈដែល​ស្ពាន​មេ​ខ្សែ​ទី​១​ នេះ​លោក​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​បណ្តោះអាសន្ន នៅពេល​ឆាប់ៗ​ខាងមុខ​ផងដែរ​។​

​កាលណោះ លោក ឃួ​ង​ ស្រេង បាន​បញ្ជាក់ថា​៖«​ក្នុងដំណាក់កាល​ទី​១ ការ​សាង​សង់ស្ពាន​អាកាស​ព្រះមុនីវង្ស​ថ្មី បច្ចុប្បន្ន​សាងសង់​បានសម្រេច​ប្រមាណ ៨០​ ភាគរយ ហើយ​តាម​ផែនការ​គ្រោង​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ ​២០២៤ ខាងមុខនេះ​។ ចំណែក​ដំណាក់កាល​ទី​ ២ គ្រោង​នឹង​បញ្ចប់​មុន​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំ​ ២០២៥»​។​

​លោក គឹម បញ្ញា នាយក​អង្គការ​បង្ការ​របួស​អា​ស៊ី បាន​ថ្លែងថា លោក​មាន​ក្តី​រីករាយ​ចំពោះ​សមិទ្ធផល​ថ្មី ជាពិសេស​ហេ​ដា្ឋ​រចនាសម្ព័ន្ធ​ក្នុង​ទីក្រុង ដែល​វា​នឹង​អាចជួយ​សម្រួល​បាន​យ៉ាងច្រើន​ដល់​ការធ្វើ​ចរាច​រណ៍រ​បស់​ប្រជាពលរដ្ឋ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​។​

​ទោះជា​យ៉ាងណា​លោក​យល់ឃើញថា ក្រៅពី​គិតគូរ​ដល់​ការ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកដំណើរ​ហើយ មន្ត្រី​ពាក់ព័ន្ធ​គួរ​មានការ​អប់រំ និង​ពង្រឹង​បន្ថែមទៀត​លើ​ច្បាប់​ចរាចរណ៍ ជាពិសេស​ត្រូវធ្វើ​ការផាកពិន័យ​ឱ្យ​តឹងរ៉ឹង​ចំពោះ​អ្នក​ល្មើស​ពី​សំណាក់​នគរបាល​ចរាច​រណ៍​។​

​លោក​បញ្ជាក់ថា​៖ «​ការ​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្អាត ដូចជា​ការរៀបចំ​ជា​ស្ពាន​អាកាស ឬ​ស្ពាន​ឆ្លងទន្លេ​ជាដើម​វា​ពិតជា​បាន​ជួយ​សម្រួល​ច្រើន​ដល់​ការ​​ធ្វើដំណើរ តែ​យើង​ក៏​ចង់ឱ្យ​អាជ្ញាធរ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គិតគូរ​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដែរ ដោយ​ដាក់​ផ្លាកសញ្ញា ឬ​ភ្លើង​សញ្ញា​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ​ត្រូវមាន​គំនូស​សញ្ញា​ចរាចរណ៍​ឬ​ដាក់​ផ្លាកសញ្ញា​ចរាចរណ៍ ឱ្យបាន​ច្បាស់​ជាដើម​»​។​

​លោក​បន្តថា ម្យ៉ាង​វិញ​ត្រូវអនុវត្ត​ការផាកពិន័យ​ចំពោះអ្នក​ល្មើស​ឱ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ​។​សូមជម្រាបថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ មាន​ស្ពាន​អា​​កាស​ចំនួន ​៦ ​ហើយ រួមមាន​៖ ស្ពាន​អាកាស​ក្បាលថ្នល់​,​ស្ពាន​អាកាស​ស្ទឹងមានជ័យ​,​ស្ពាន​អាកាស​ ៥ ​មករា ឬ​ស្ពាន​អាកាស​តិច​ណូ​, ស្ពាន​អាកាស​ ៧ ​មករា​,​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ និង​ចុងក្រោយ​គឺ​ស្ពាន​អាកាស​មរតក​តេ​ជោ ដែលជា​ស្ពាន​អា​កាស​ទី៦ បាននិងកំពុង​ដំណើរ​ការសាងសង់ ដែល​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​បណ្តោះ​អា​សន្ន​នៅក្នុង​រយៈពេល​ប្រមាណជា ​២ ​ខែ​ទៀត​៕