ភ្នំពេញៈ ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជា របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៩ ខែកុម្ភៈ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា ក្នុងរង្វង់ ៦,៦ ភាគយ ក្នុងឆ្នាំ ២០២៤ នេះនឹងជួយជំរុញដល់ការបង្កើតការងារបន្ថែមប្រមាណ ២២ ម៉ឺននាក់ ឬកើនឡើង ២,៣ ភាគរយ នៅក្នុងឆ្នាំ ២០២៤។
ព្រឹត្តិបត្រព័ត៌មានដដែលនេះ បញ្ជាក់ថា នៅចន្លោះឆ្នាំ ២០២៤-២០២៦ កម្ពុជាត្រូវបានព្យាករថា នឹងអាចបង្កើតការងារបន្ថែមជូនពលរដ្ឋប្រមាណ ២៣,៥ ម៉ឺននាក់ក្នុង ១ ឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ ២,៥ ភាគរយ ក្នុង ១ ឆ្នាំនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនដល់ប្រមាណ ១០,២ លាននាក់នៅឆ្នាំ ២០២៦។
ក្រសួងការងារបានលើកឡើងទៀតថា សម្រាប់ការងារដែលមានកំណើនខ្ពស់ស្ថិតក្នុងអនុវិស័យ៖ ការស្នាក់នៅ និងភោជនីយដ្ឋាន, សំណង់, ឧស្សាហកម្មផ្សេងៗ, លក់ដុំ និងរាយ, កាត់ដេរ និងការដឹកជញ្ជូន និងទូរគមនាគមន៍។ ប្រភេទមុខរបរដែលមានតម្រូវការខ្ពស់ រួមមាន៖ សិប្បករ ឬអ្នកជំនាញធ្វើការងារដោយកម្លាំង, អ្នកលក់ឬបម្រើសេវាកម្ម, និងអ្នកបញ្ជា ឬផ្គុំគ្រឿងចក្រឬឧបករណ៍។
ក្រសួងអះអាងទៀតថា ជំនាញដែលនិយោជកកំពុងមានតម្រូវការខ្ពស់រួមមាន៖ ភាសាអង់គ្លេស, ជំនាញបច្ចេកទេស, ជំនាញអនុវត្តន៍ជាក់ស្តែង, ការដោះស្រាយបញ្ហា, ទំនាក់ទំនង, ភាសាចិន, ការសម្របសម្រួល,ការគ្រប់គ្រងពេលវេលា, ការតាមដានត្រួតពិនិត្យប្រតិបត្តិការងារ និងការសម្របសម្រួលជាមួយអតិថិជន។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងការងារ និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារសន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ ២០២៤-២០២៨» កាលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថា ក្រសួងបានដាក់ចេញទិសដៅការងារចំនួន ១០ ដោយក្នុងចំណោមនេះ មាន ២ ចំណុច ដែលជំរុញការបង្កើនសមត្ថភាពការងារដល់ពលរដ្ឋកម្ពុជា។
លោក ហេង សួរ ថ្លែងថា៖ «បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីចូលរួមគាំទ្រដល់ការបង្កើនសមត្ថភាពជំនាញ និងបណ្ដុះបណ្តាលជំនាញឡើងវិញ នៃកម្លាំងពលកម្ម ដែលកំពុងស្ថិតនៅក្នុងទីផ្សារការងារស្រាប់ និងឱកាសការងារថ្មីៗ និងបញ្ចូលជំនាញសម្បទាការងារ និងជំនាញសម្បទាបត់បែន ទៅក្នុងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»។
លោកបន្ថែមថា ក្រសួងនឹងបន្តពង្រឹង និងពង្រីកវិសាលភាពក្នុងការផ្តល់សេវាការងារសាធារណៈ និងព័ត៌មានទីផ្សារការងារ ព្រមទាំងការផ្តល់ប្រឹក្សាយោបល់ការងារអាជីព ដើម្បីធ្វើការផ្គូផ្គង និងឆ្លើយតបបាននូវតម្រូវការកម្លាំងពលកម្មតាមទីផ្សារការងារ ដោយបង្កើនភាពជាដៃគូជាមួយវិស័យឯកជន និងបែងចែកកាលវិភាគច្បាស់លាស់សម្រាប់រថយន្ត មជ្ឈមណ្ឌលការងារចល័តទាំង៨របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កំណើនការងារនេះ អាចទៅរួច បើសិនជាកំណើនសេដ្ឋកិច្ចដូចទៅនឹងការព្យាករទុក ប៉ុន្តែអាស្រ័យលើការរៀបចំផែនការសកម្មភាពឱ្យបានត្រឹមត្រូវ និងមានភាពបត់បែន ខណៈស្ថានភាពសេដ្ឋកិច្ចសកលក៏មិនទាន់អាចព្យាករបានច្បាស់លាស់នៅឡើយ។
លោកបន្តថា សិស្ស និស្សិតគួរតែស្វែងយល់ពីពិភពការងារលើសកលលោក ក្នុងតំបន់អាស៊ាន និងកម្ពុជា ដើម្បីត្រៀមខ្លួនកាន់តែល្អប្រសើរក្នុងការចាប់យកឱកាសអភិវឌ្ឍន៍ជំនាញ និងឱកាសការងារបន្ថែម។
លោក ហុង វណ្ណៈបញ្ជាក់ថា៖ «ទីផ្សារការងារ នឹងកើនឡើងស្របទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ច ប៉ុន្តែបើយើងមើលទៅលើកំណើនក្នុងការវិនិយោគនៅក្នុងវិស័យសំខាន់ៗមួយចំនួន ច្បាស់ណាស់ថា កំណើនការងារពិតជានឹងមានការកើនឡើង តែក្នុងកម្រិតណានោះ យើងពិបាកប៉ាន់ស្មានបន្តិច តែស្ថានភាពសេដ្ឋកិច្ចសកលនៅមានភាពមិនច្បាស់លាស់។ អ្វីដែលយើងធ្វើបានគឺពង្រឹងខ្លួនឯង និងចេះបត់បែនទៅតាមការប្រែប្រួលរបស់តំបន់ និងពិភពលោក»។
យោងតាមការព្យាកររបស់ក្រសួងការងារ នៅឆ្នាំ ២០២៤ នេះ ទីផ្សារការងារ នៅក្នុងវិស័យឧស្សាហកម្មបានកើនឡើងពី ២៦,៥ ភាគរយ នៅឆ្នាំ ២០១៨ ដល់ ៣១,៤ ភាគរយ នៅឆ្នាំ២០២៥ ខណៈវិស័យសេវាកម្មក៏មានការកើនឡើងផងដែរ គឺពី ៣៨ ភាគរយ ដល់ ៤១,១ ភាគរយ។
នៅក្នុងនោះ ចំនួនអ្នកមានការងារអាយុចាប់ពី ១៥-៦៤ ឆ្នាំ លើវិស័យកសិកម្មមានការធ្លាក់ចុះពី ៣៥,៥ ភាគរយ នៅឆ្នាំ ២០១៨ មកត្រឹម ២៧,៥ ភាគរយ នៅឆ្នាំ ២០២៥។ ចន្លោះឆ្នាំ ២០២៤-២០២៦ កម្ពុជាអាចនឹងបង្កើតការងារបានប្រមាណ ២៣,៥ ម៉ឺននាក់ក្នុង ១ ឆ្នាំ។ កំណើនការងារជាមធ្យមប្រមាណ ២,៥ ភាគរយក្នុង ១ ឆ្នាំ៕