ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសអូស្ត្រាលីនាខែមីនាខាងមុខ លោកមានគោលដៅកៀរគរវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់អូស្ត្រាលីមិនខុសពីដំណើរទស្សនកិច្ចនៅក្រៅប្រទេសដូចរាល់ដងឡើយ គឺដើម្បីទៅកៀរគរក្រុមអ្នកវិនិយោគបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជា ដែលលោកប្រើភាសាថា «ទៅទាក់ម៉ូយ»។
លោកបន្តថា៖ «ទាក់ម៉ូយគ្រប់កន្លែងតាំងពីខ្ញុំមក ទាក់ច្រើនទ្វីបហើយ ទាក់ពីអាស៊ីរហូតទៅដល់អឺរ៉ុប រហូតទៅដល់អាមេរិក ខែក្រោយទៅទាក់ម៉ូយនៅអូស្ត្រាលីទៀត អ៊ីចឹងឆ្លងទ្វីបជិះយន្តហោះទាក់ម៉ូយ»។
ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីលើកឡើងថា គឺជាការកៀរគរ ផ្សព្វផ្សាយពីសក្តានុពលកម្ពុជា ទៅកាន់រង្វង់អ្នកវិនិយោគបរទេស ដែលអាចបើកលទ្ធភាពវិស័យឯកជនកំពុងវិនិយោគនៅកម្ពុជា បន្តយកចិត្តទុកដាក់ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ហើយបើកលទ្ធភាពដល់អ្នកវិនិយោគបរទេសឱ្យចាប់អារម្មណ៍មកដាក់ទុនវិនិយោគនៅកម្ពុជា។
លោកសង្កត់ធ្ងន់ថា៖ «គោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតការងារ ជូនប្រជាពលរដ្ឋ ខណៈតួអង្គការងារនៅក្នុងប្រទេសកម្ពុជារួមមាន មន្ត្រីរាជការ អង្គការក្រៅរដ្ឋាភិបាល ស្វ័យនិយោជន៍និងវិស័យឯកជនដែលទាំងអស់នេះ គឺជាតួអង្គដែលបង្កើតការងារប្រកបដោយចីរភាព ដែលជួយជំរុញសេដ្ឋកិច្ចកម្ពុជា បានរីកចម្រើនដោយចីរភាព»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ ដែលលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមកលោកបានកៀរគរអ្នកវិនិយោគបានប្រមាណ ១៧២ គម្រោង ជាមួយទំហំទឹកប្រាក់វិនិយោគ ៣,៨៦ ពាន់លានដុល្លារ ជាមួយការបង្កើតការងារដល់ពលរដ្ឋជាង ១៩ ម៉ឺនកន្លែង ជាចំណែករុញច្រានកំណើនសេដ្ឋកិច្ច និងរកការងារជូនពលរដ្ឋ។
លោកបន្ថែមថា៖ «សូម្បីតែក្នុងខែមករា ឆ្នាំ ២០២៤ គម្រោងដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមាន ៣២ គម្រោង គិតជាទុនវិនិយោគជិត ២០០ លានដុល្លារ។ ចំពោះគម្រោងវិនិយោគក្នុងខែមករានេះអ្នកដែលចាំតែថា បែរជាថា គម្រោងទឹកភ្នែកទៅវិញទប់អ្នកចាំថា មិនជាប់ទេ»។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបង្ហាញសុទិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់អូស្ត្រាលីទាំងក្នុងន័យកៀរគរវិនិយោគ និងពង្រឹងទំនាក់ទំនងការទូតទ្វេភាគី ដែលនឹងនាំមកនូវកំណើនវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំង ២ ដែលធ្វើឱ្យនយោបាយការបរទេសកម្ពុជាកាន់តែមានលក្ខណៈផ្កាចម្រុះពណ៌ក្នុងរូបភាពអន្តរជាតិ ឆ្លើយតបទៅនឹងការចោទប្រកាន់ថា កម្ពុជាពឹងផ្អែកជ្រុលលើចិន។
លោកថា៖ «ដំណើរទស្សនកិច្ចនេះជាពិពិធកម្មការទូតកម្ពុជា ពិពិធកម្មទីផ្សារ ដែលយើងត្រូវជំរុញទំនាក់ទំនងទាំងទ្វេភាគី និងពហុភាគី ជាមួយប្រទេសជាមិត្តដើម្បីសម្រេចគោលដៅប្រែក្លាយកម្ពុជាជាប្រទេសចំណូលកម្រិតខ្ពស់ឆ្នាំ ២០៥០»។
លោកបន្តថា ៖ «ទំនាក់ទំនងកម្ពុជា-អូស្ត្រាលី កំពុងឈានទៅមុខ ហើយប្រទេសទាំង ២ គួរបង្កើនការស្វែងយល់គ្នា ជាពិសេសពាក់ព័ន្ធទស្សនៈរួមលើប្រជាធិបតេយ្យសិទ្ធិមនុស្ស លម្ហនយោបាយ សង្គមស៊ីវិល»។
កម្ពុជា និងអូស្ត្រាលី គួរបង្កើនការគាំទ្រគ្នាផ្នែកនយោបាយទាំងក្នុងវេទិកាថ្នាក់តំបន់ និងអន្តរជាតិបង្កើនការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ឱ្យញឹកញាប់ ក៏ដូចជាជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរពាណិជ្ជកម្ម។
សូមជម្រាបដែរថា អូស្ត្រាលីជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១៧ របស់កម្ពុជា ដោយនៅក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីមានទំហំជាង ៥២៣ លានដុល្លារ ដែលកើន ៦០,៩% ធៀបនឹងឆ្នាំ ២០២១។ នេះបើផ្អែកតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ក្នុងជំនួបពិភាក្សាការងាររវាងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Justin Kevin Whyatt និងលោកហ៊ុន ម៉ាណែតកាលពីដើមឆ្នាំ ២០២៤ អូស្ត្រាលីបង្ហាញសុឆន្ទៈចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាពិសេសពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម និងការប្រែប្រួលអាកាសធាតុ៕