​ភ្នំពេញៈ ​លោក ​នេ​ត វ​ន្ថា ប្រធាន​នាយក​ដ្ឋាន​បង្ការ​ពន្លត់​អ​គ្គិភ័យ ​និង​សង្គ្រោះ​នៃ​ក្រសួង​មហា​ផ្ទៃបាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០២៣ ​​គ្រោះ​ថ្នាក់​អគ្គិ​ភ័យ​បាន​កើត​ឡើង​ចំនួន​ ៧៦១​ លើក​នៅ​ទូទាំង​ប្រទេស ​ដែល​ករណី​នេះ​កើន​ឡើង ១៤៣​ លើក ​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​ ២០២២​។

លោក​បាន​បន្ត​ថា គ្រោះ​អគ្គិ​ភ័យ​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្សចំនួន ​៥៤​ នាក់ និង​របួស​មនុស្ស​ ៩៧​ នាក់ រួម​នឹង​បង្ក​ឱ្យ​ខូច​ខាត​ផ្ទះ​អស់​ចំនួន៥៧៩​ខ្នង​ផង​ដែរ​។

លោក ​នេត ​វន្ថា ​បាន​ថ្លែង​ដូច​នេះ ​ក្នុង​កិច្ច​ប្រជុំ​បូ​សរុប​ការងារ​បង្ការ​ពន្លត់​អគ្គិ​ភ័យ និង​សង្គ្រោះ​ប្រចាំ​ឆ្នាំ​ ២០២៣ និង​លើក​ទិស​ដៅ​ឆ្នាំ​ ២០២៤ ​នៅ​ទីស្តី​ការ​ក្រសួ​ងមហា​ផ្ទៃកាល​ពី​សប្តាហ៍​មុន​។​នេះ​បើ​​តាម​ហ្វេស​ប៊ុក​របស់​នាយក​ដ្ឋាន​នគ​របាល​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​សង្គ្រោះ​នៃ​អគ្គ​ស្នងកា​រដ្ឋាន​នគរ​បាល​ជាតិ​។

លោក​បាន​បញ្ជាក់​ថា ៖ «​ឆ្នាំ ​២០២៣ ​គ្រោះ​ថ្នាក់​អគ្គិ​ភ័យ​កើត​ឡើង​ចំនួន ​៧៦១​ លើក ​កើន​ឡើង ១៤៣​ លើក​ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​ ២០២២​ ដែល​មាន​ករណី​អគ្គិ​ភ័យ​កើត​ឡើង​ចំនួន ​៦១៨​ លើក​។​ ករណី​អគ្គិ​ភ័យ​បាន​កើត​ឡើង​ច្រើន​ជាង​គេ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​មាន ១៣៦​ លើក​»​។

​លោក​បាន​បន្ត​ថា សម្រាប់​ករណី​នៅ​តាម​ខេត្ត​មាន ​ខេត្ត​កណ្ដាល ៧១​ លើក​, កំពត ​៥៤ ​លើក​,  សៀម​រាប ៥១​ លើក​,​ តាកែវ​ ៤៤​ លើក​, ព្រះ​សីហនុ​ ៣៧​ លើក​, ពោធិ៍សាត់ ​៣៥ ​លើក​,​ កំពង់​ធំ ៣២​ លើក​,កំពង់​ស្ពឺ ​៣១​ លើក​, បាត់​ដំបង ៣០​ លើក ​ខណៈ​ខេត្ត​ដែល​មាន​ករណី​អគ្គិ​ភ័យ​តិចជាង​គេ​ គឺ​ខេត្ត​កែប​ដែល​មាន​តែ ២ ​លើក​ប៉ុណ្ណោះ​។ 

​លោក​នេត ​វន្ថា បាន​បន្ថែម​ថា ៖«​គ្រោះ​អគ្គិ​ភ័យ​បាន​បណ្តាល​មាន​មនុស្ស​ស្លាប់​ចំនួន​៥៤​នាក់ និង​រង​របួស​ចំនួន​៩៧​នាក់ ដោយមា​ន​ការ​ខូច​ខាត(​ឆេះ​)ផ្ទះចំនួន​៥៧៩​ខ្នង​, ឆេះ​តូប៦៩​តូប​,ឆេះ​បន្ទប់ ៣៩​បន្ទប់​,ឆេះ​រោង​ចក្រ​៥, ឆេះ​ក្លិប​កម្សាន្ត៤ ​និង​ឧបក​រណ៍​សម្ភារ​យាន​យន្ត​ជាច្រើន​ទៀត​ដែល​គិត​ជា​ប្រាក់​រាប់​លាន​ដុល្លារ​»​។​

​លោក ​នេត ​វន្ថា បា​នឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​១២​ ខែ​កុម្ភៈ ​ដោយ​លោក​នៅតែ​បន្ត​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន និង​បង្កើន​ការ​ការ​ពារ​ក្នុង​អំឡុង​រដូវ​ប្រាំង​នេះ ​រហូត​ដល់​រដូវ​ធ្លាក់​ភ្លៀង​វិញ​។​

​លោក​បានបញ្ជាក់​ថា៖ «​រដូវ​វស្សាមាន​ភ្លៀង​មក​វិញ​មិន​មែន​បញ្ចប់​មិន​មាន​ករណី​អគ្គិភ័​យ​ទេ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​អគ្គិ​ភ័យ​ភាគ​ច្រើន​មាន​កំណើន​កើន​ឡើង​ខ្ពស់​គឺ​នៅ​ក្នុង​រដូវ​ប្រាំង​។អ៊ីចឹង​ខ្ញុំ​សូម​សំណូម​ពរ​ឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់និង​មន្ទីរ ​ក្រសួង​ស្ថា​ប័ន​រដ្ឋ​ដែល​ប្រើ​ប្រាស់​ចរន្ត​អគ្គិ​សនីឬ​សារ​ធាតុ​ងាយ​ឆេះ​ផ្សេងៗ​សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ទុក​ដាក់​ឱ្យ​មាន​សុវត្ថិ​ភាព​ខ្ពស់​បំផុត​»​។​

​ជុំវិញ​ករណី​គ្រោះ​ អគ្គិ​ភ័យ​នេះ​ លោក ​ចេវ ​ហាក់ ​អគ្គ​ស្នងកា​ររង​នគរ​បាល​ជាតិ​បាន​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់​កង​កម្លាំង​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​សង្គ្រោះ​ដែល​មាន​ឆន្ទៈ​មោះ​មុត​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការជួយ​ប្រជា​ពលរដ្ឋ​ និង​ធ្វើ​ឱ្យ​ករណី​អគ្គិ​ភ័យ​មាន​ការ​ថយ​ចុះ​។ 

​លោក​បាន​ថ្លែង​ថា៖«​ការ​គ្រប់​គ្រង​កម្លាំង​នៅ​ក្នុ​ង​ដៃ​គឺជា​ការចាំ​បាច់​បំផុត​ក្នុង​ការ​បែង​ចែក​វេន​ទទួល​ខុស​ត្រូវ និង​ត្រូវ​គ្រប់​គ្រង​មធ្យោបា​យ​នៅ​តាម​បណ្តា​រាជ​ធានី​ ខេត្ត ការថែ​ទាំ​សម្ភារ​មធ្យោ​បាយ​គឺជា​ការ​ចាំបាច់ ​ជា​ពិសេស​ត្រូវ​ហ្វឹក​ហាត់​សម ​និង​បំប៉ន​ជំនាញ​ដល់​មន្ត្រី​ជា​ប្រចាំ​»​។

​លោក​ ចេវ ​ហាក់ បាន​បន្ត​ទៀត​ថា ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​វិញមន្ត្រី​នៅ​តាម​បណ្តា​រាជ​ធានី​ខេត្ត
ត្រូ​វតែ​ស្គាល់​ផែន​ទី​ភូមិ​សាស្ត្រ​ឱ្យ​បាន​ច្បាស់​រួម​ទាំង​ទំនាក់​ទំនង​រវាង​ខេត្ត​ជាប់​គ្នាដើ​ម្បី​ជួយ​អន្ត​រាគមន៍​ទាន់​ពេល​វេលា​។​

​លោក​បាន​បន្ថែម​ថា៖«​ពាក់​ព័ន្ធ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​គឺ​យើង​មាន​យន្ត​ការ​រួច​ហើយ​ក្នុង​ការចុះ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ​ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ដឹង​ពី​របៀប​ប្រើ​ប្រាស់​បំពង់​ពន្លត់​អគ្គិ​ភ័យ ការ​បង្ការ​កុំឱ្យ​កើត​មាន​អគ្គិ​ភ័យ​»៕