​ភ្នំពេញៈ​ ក្រសួង​យុត្តិ​ធម៌​ និង​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគម​នា​គមន៍បាន​ចុះ​អ​នុស្សរ​ណៈ​យោគ​យល់​គ្នា​(MoU) ដើម្បី​សហ​ការ​ជំរុញ​ដំណើរ​កា​រដ្ឋ​បាល​ឌីជី​ថល​ក្នុង​ក្រសួង​យុត្តិ​ធម៌​ តួយ៉ាង​ការ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯក​សារ verify​.gov.kh ការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ត​ភ្ជាប់​អ៊ីន​ធឺ​ណិត​។​

​ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ឌីជី​ថល​ដល់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែលជា​ការ​បោះ​ជំហាន​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​យុ​ត្តិធម៌​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា និង​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ក្រសួងយុ​ត្តិធម៌​ផង​ដែរ​។​

​ការ​ចុះ ​MoU រវាង​ក្រសួង​ទាំង​២​នេះ ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព លោកឧប​នាយក​រដ្ឋ​មន្ត្រី​ ​កើត
រិ​ទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ ​និង​លោក​ជា វ៉ាន់​ដេ​ត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនា​គមន៍​ នៅ​ថ្ងៃទី​១២​ ខែកុម្ភៈ ឆ្នាំ​២០២៤​។នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​របស់​ក្រសួង​ទាំង​២​។​

​ក្នុង​ឱកាស​នោះ លោក​កើត​ រិ​ទ្ធ បាន​កោត​សរសើរ​ដល់​គណៈ​កម្មាធិ​ការ​រដ្ឋាភិ​បាល​ឌីជី​ថលនិ​ង​ក្រសួង​ប្រៃស​ណីយ៍ ​ដែល​បាន​ខិត​ខំ​ប្រឹងប្រែ​ង​សម្រេច​សមិទ្ធ​ផល​នានា​ជា​អាទិ​ភាព​ជាច្រើន​ក្នុង​វិស័យ​ឌីជី​ថល ​ជា​ពិសេស​ការ​បង្កើត​ថ្នាលនិង​សេវា​រដ្ឋាភិ​បាល​ឌីជី​ថល​ថ្មីៗសម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការក្នុង​វិស័​យ​សេវា​សា​ធារណៈ​ដែល​ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ របស់​រដ្ឋា​ភិ​បាល​អាណ​ត្តិ​ថ្មី​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ការចុះ​អ​នុស្ស​រណៈ​យោគ​យល់​នា​ថ្ងៃនេះ​ ជាការ​បោះ​ជំហាន​ថ្មី​មួយ​បន្ថែម​ទៀត​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​យុត្តិ​ធម៌​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា សំដៅ​ម្យ៉ាង​ដើម្បី​លើក​កម្ពស់​គុណភា​ព និង​ប្រសិទ្ធ​ភាព​ការ​ងារ​ក្នុង​វិស័យ​យុត្តិ​ធម៌​ ក៏ដូច​ជា​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​ទិន្នន័យ​ និង​អភិ​វឌ្ឍ​ខ្លួន​ឱ្យ​ទាន់​ដំណើរ​​វិវត្តន៍​នៃ​សម័យ​បច្ចេក​វិទ្យា​ក្នុង​សង្គម​សម័យ​ទំនើប​»​។​

​ទន្ទឹម​គ្នា​នេះ ​លោក​ជា វ៉ាន់​ដេ​ត ក៏​បាន​លើក​ឡើង​ដែរ​ថា កា​រចុះ​នេះ​នឹង​ជំរុញ​ល្បឿន​នៃ​ការធ្វើ​បរិវត្ត​កម្ម​ឌីជី​ថល​ក្នុង​វិស័យ​យុត្តិ​ធម៌​ បង្កើន​ជំនឿ​ទុក​ចិត្ត​និង​បង្កើន​ភាព​ងាយ​ស្រួល​ដល់​ពល​ដ្ឋ ​ដែល​ត្រូវ​ទទួល​សេវា​សាធា​រណៈ​ក្រោម​សមត្ថ​កិច្ច​ក្រសួង​យុ​ត្តិ​ធម៌​ ជួយ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​លើ​ជំនាញ​ឌីជីថល ​ស្រប​តាម​គោល​នយោ​បាយ​ និង​យុទ្ធ​សាស្ត្រ​រាជ​រដ្ឋាភិ​បាល​។​

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា កិច្ចសហការរវាងក្រសួងទាំង២ នឹងចូលរួមចំណែកធ្វើទំនើបកម្មរដ្ឋបាលក្រសួងយុត្តិធម៌ និងលើកកម្ពស់សេវាយុត្តិធម៌ តាមរយៈប្រព័ន្ធឌីជីថល តួយ៉ាងការសម្រួលការធ្វើចរាចរណ៍ឯកសារផ្ទៃក្នុង ដោយកាត់បន្ថយការប្រើក្រដាសស្នាម ធ្វើទំនើបកម្មលើការធ្វើលិខិតថ្កោលទោស និងការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធឌីជីថល។

លោកសង្កត់ធ្ងន់ថា៖ «ការចុះ MOU នេះនឹងជំរុញការធ្វើទំនើបកម្មរដ្ឋបាលរបស់ក្រសួងនិងសេវាយុត្តិធម៌តាមប្រព័ន្ធឌីជីថល ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ»។

​ជុំវិញ​រឿងនេះ​​ដែរ ​លោក​យង់ ពៅ ​អគ្គ​លេខាធិ​ការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម​ម្ពុ​ជា បាន​ប្រាប់​ថា ​ការ​ចុះ MoU នេះ​ជា​ការ​ពង្រឹង​សមត្ថ​ភាព​ឌីជីថល​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ដែល​បាន​ដាក់​ជា​អាទិ​ភាព​ក្នុង​យុទ្ធ​សាស្ត្រ​នយោ​បាយ​ និង​ជា​ដំណើ​រវិ​វត្ដ​ន៍សំខាន់​ក្នុង​ទំនោរ​សកល​ដែល​កំពុង​បោះ​ពួយ​លើ​ផ្នែក​បច្ចេក​វិទ្យា​ទំនើប​ ​ខណៈ​ក្រសួង​ប្រៃ​សណីយ៍​ជា​សេនា​ធិការ​របស់រាជ​រដ្ឋាភិ​បាល​ក្នុងការ​ជំរុញ​ឌីជីថល​សម្រាប់​គ្រប់​ក្រសួង​រួមទាំង​ក្រសួង​យុត្តិធម៌​ផង​។​

​លោក​បាន​ថ្លែង​ថា​៖ «​សមត្ថ​ភាព​ឌីជីថល​សម្រាប់​មន្ត្រី​រដ្ឋា​ភិ​បាល ​ក៏ដូចជា​មន្ត្រី​ក្រសួង​យុត្តិធម៌​មាន​សារៈសំ​ខាន់​ណាស់​ដើម្បី​ជំរុញ​ការ​ផលិតនិង​ប​ញ្ជូន​ឯក​សារ​របស់​រដ្ឋា​ភិបា​ល ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ទាន់​ពេល​វេលា ផ្សព្វ​ផ្សាយ​ច្បាប់​ទាន់​ពេល​វេលា ដែល​ឌីជី​ថល​ប្រៀប​ដូច​ជា​អាហារ​ប្រចាំ​ថ្ងៃ ​ខណៈ​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​នៅ​តែ​ជាមួយ​មនុស្ស​ជា​ប្រចាំ​ថ្ងៃ​ទៅ​ហើយ​»​។​

​លោក​ក៏​បាន​ផ្តល់​ជា​អនុ​សាសន៍​ឱ្យ​រាជរដ្ឋាភិ​បាល​ពង្រឹង​សុវត្ថិ​ភាព​ឌីជីថល​នៅ​ចំពោះ​មុខ​ការ​អភិវឌ្ឍ​រដ្ឋ​បាល​ឌីជីថល ក៏​ដូច​ជា​គិត​គូរ​អភិ​ក្រម ​យន្ត​ការ​ច្បាស់លា​ស់​ក្នុង​ការ​គ្រ​ប់គ្រង​ប្រព័ន្ធ​ឌីជីថល ​ចៀស​វាង​កើត​មាន​បញ្ហា​ប្រឈម​នានា ​តួ​យ៉ាង​ការ​វាយ​ប្រហារ​ព័ត៌​មាន​វិទ្យា​ឬ​ហេក(hack)​យក​ព័ត៌​មាន​នានា ក៏​ដូចជា​​ការប្រើប្រា​ស់​ខុស​គោល​ការណ៍​ជាដើ​ម​។​

​សូម​បញ្ជា​ក់​ថា ក្រសួង​ទាំង​២ បាន​ចុះ​MoU ក្នុង​គោល​ដៅ​៤ សំខាន់ៗ​ រួមមាន​ ទី​១-ការ​ដាក់ឱ្យ​​ប្រើប្រាស់​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសា​រ ​verify.gov.kh សម្រាប់​ផ្ទៀងផ្ទា​ត់​ឯកសារ​នានា​ក្នុង​វិស័យ​យុត្តិ​ធម៌​។ទី​២-ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ថ្នាល​ឬ​សេវា​រដ្ឋាភិ​បាល​ឌីជីថល​(Digit​al Gove​rnment Products/DGPs)ក្នុង​ក្រសួង​យុត្តិ​ធម៌​។ ទី​៣-រៀប​ចំ​ហេដ្ឋារច​នាសម្ព័​ន្ធ និង​ត​ភ្ជាប់​អ៊ីនធឺ​ណិត​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ក្រសួង​យុត្តិធម៌​​ និង​ទី​៤-រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ឌីជី​ថល​ជូន​ដល់​មន្ត្រី​រាជ​ការ​ក្រសួង​យុត្តិ​ធម៌​៕