ក្រចេះៈ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកជំងឺផ្តាសាយបក្សីចំនួន ១ ករណីទៀត កើតទៅលើក្មេងប្រុស អាយុ ១៦ ឆ្នាំ នៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទH5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែកុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកុម្ភៈបានឱ្យដឹងថា ក្មេងប្រុសដែលរកឃើញ វិជ្ជមានវីរុសផ្តាសាយបក្សីនេះ មិនមានរោគសញ្ញាផ្លូវដង្ហើមទេ។ ក្មេងប្រុសរូបនេះត្រូវជាបងប្រុសរបស់កុមារា ដែលបានស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រសួងបានបន្តថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន រួមនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស។
ជាងនេះទៀត ក្រុមការងារពាក់ព័ន្ធ ក៏បានបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។
លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តក្រចេះ បានប្រាប់ឱ្យដឹងថា គិតចាប់ពីកើតមានជំងឺផ្តាសាយបក្សីនៅភូមិសាស្រ្តនេះមក ក្រុមការងារបានចុះទៅបាញ់ថ្នាំ សម្លាប់មេរោគ និងចុះផ្សព្វផ្សាយពីវិធានការការពារដល់ប្រជាពលរដ្ឋពាក់ព័ន្ធរួចរាល់ហើយ។ ជាងនេះទៅទៀត ក្រុមការងារ ក៏បានសម្លាប់សត្វដែលស្ថិតនៅតំបន់ដែលកើតជំងឺនេះផងដែរ។
លោក កេត សារឿន ក៏បានស្នើ និងរំឭកដល់ប្រជាពលរដ្ឋថា៖«សូមឱ្យបងប្អូនលាងដៃឱ្យបានញឹកញាប់ ជាមួយ សាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី និងសូមកុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ ហើយករណីសង្ស័យសូមរាយការណ៍មកកាន់មន្ទីរជាបន្ទាន់»។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក៏បានបន្តរំឭកសាជាថ្មីទៀតដល់ពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺនេះនៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។
សូមរំឭកថា ចាប់តាំងពីដើមឆ្នាំ២០២៣ មក អាជ្ញាធរសុខាភិបាលកម្ពុជាបានរកឃើញករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីចំនួន៤ករណី ក្នុងនោះ ករណីទី១កើតលើក្មេងស្រីអាយុ ១១ ឆ្នាំ ក្នុងខេត្តកណ្តាល, ករណីទី២ កើតលើក្មេងស្រីអាយុ ២ឆ្នាំក្នុងខេត្តព្រៃវែង, ករណីទី៣ កើតលើបុរសអាយុ ៥០ ឆ្នាំ ក្នុងខេត្តព្រៃវែង និងករណីចុងក្រោយកើតលើក្មេងប្រុសអាយុ៩ឆ្នាំក្នុងខេត្តក្រចេះ៕