​ក្រចេះៈក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​នៃ​រដ្ឋ​បាល​ជល​ផល និង​អង្គការ​មូ​ល​និ​ធិ​សក​ល ​​ស​ម្រា​ប់​អភិ​រ​ក្ស​ធន​ធា​ន​ធម្មជាតិ​(WWF) បាន​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​តែ​កើត​ថ្មី​ ១​ ក្បាល មាន​អាយុ​ប្រមាណ​ ២​ថ្ងៃ ស្ថិត​នៅ​អន្លង់​កាំ​ពី ក្នុង​ខេត្ត​ក្រចេះ ខណៈ​កូន​ផ្សោត​នេះជា​កូនផ្សោ​ត​ទី​១ ​ដែល​បាន​កត់​ត្រានៅ​​ក្នុង​ឆ្នាំ​២០២៤​នេះ​។

កូនផ្សោ​ត​​ទើប​នឹង​កើត​នេះត្រូវបាន​​ក្រុម​ឆ្មាំ​ទន្លេប្រទះឃើញ​ក្នុង​ពេលចុះ​​ល្បាត និង​បាន​រាយ​ការណ៍​ជូន​ក្រុម​ការងា​រ​ស្រាវ​ជ្រាវ​ នៃ​​រដ្ឋបាល​ជលផល​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និងអ​ង្គការ WWF ដើម្បី​ចុះ​ស្រា​វ​ជ្រាវ និង​ថតយ​ករូ​ប​ជាក់​ស្តែង​ នៅ​អន្លង់​កាំ​ពី ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំសំបុក ស្រុក​ចិត្របុរី​​។ 

​កូន​ផ្សោត​​ដែល​ទើប​នឹង​កើត​ថ្មី​នេះស្ថិតក្នុ​ង​ក្រុម​ហ្វូង​សត្វ​ផ្សោត​ធំ​ដែល​មាន​ចំនួន​ប្រមាណ ៦​ក្បាល ហើយ​វា​ជាកូ​ន​ផ្សោត​ទី​១ ដែល​បាន​កត់​ត្រានៅ​ក្នុង​ឆ្នាំ​២០២៤​នេះ។​ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​រ​បស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១​១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។

លោក អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋាន​អភិរក្សជល​ផល នៃក្រ​សួង​កសិកម្ម​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១​២ ខែ​កុម្ភៈ​​​ថា ក្នុង​ឆ្នាំ​​២០២៣ កន្លង​មក កម្ពុជា​ទទួល​បាន​កូន​ផ្សោត​ចំនួន ៨​ក្បាល ប៉ុន្តែ​បាន​ស្លាប់​ទៅ​វិ​ញ​អស់ ២​ក្បាល​ហើយ ដូច្នេះ​នៅស​ល់​​កូន​ផ្សោត​តែ​៦​ក្បាល​​ទេ​។​

កូនផ្សោ​ត​ដែល​សល់ ៦​ក្បាល​ក្នុង​ឆ្នាំ​២០២៣​ បើ​ធៀប​នឹង​ឆ្នាំ២០២២ មាន​ការ​កើន​ឡើង ដូច្នេះ​ហើយ​ក្នុង​ឆ្នាំ​២០២៤​នេះ លោក​រំពឹង​ថា កូ​ន​ផ្សោតអាចមា​ន​ចំនួន​កើន​ឡើង​ជាង​ឆ្នាំ​២០២៣​។

លោក​ថ្លែងថា៖ «អ៊ីចឹង​!ឆ្នាំ​នេះ យើង​ប្រឹង​ប្រែង​យ៉ាង​ហោចណា​ស់​ក៏​ទទួល​បាន​កូន​ផ្សោត​ចាប់​ពី ៨​ក្បាល​ឡើង​ទៅដែរ ទោះ​បីជា​​ចំនួន​នេះ​មិន​ទាន់​​ប្រាកដ​ក៏ដោយ ប៉ុន្តែយើ​ង​នឹងប្រឹ​ង​ប្រែង​ដាក់​វិធាន​ការ និ​ង​បទ​បញ្ជាយ៉ា​ង​តឹងរ៉ឹង​នៅ​ក្នុង​ការ​ចុះ​ល្បាត​២៤​ម៉ោង​លើ​២៤​ម៉ោង​លើ​ការ​ងារ​ហ្នឹង​»​។

​​ លោក អ៊ុក វិបុល ថ្លែងថា កូន​ផ្សោត ១​ក្បាល​ដែល​ទើប​នឹង​កើត​នៅ​ដើម​ឆ្នាំ២០២៤​នេះ វាជា​​មោទន​ភាព​ក្នុង​នាម​អ្នក​អភិរក្ស និងក្រុ​ម​ការ​ងារ​ដៃ​គូ​ផ្សេង​ទៀត បាន​ខិត​ខំប្រឹ​ង​ប្រែងអនុវត្ត​ទប់​ស្កាត់​បទល្មើស ការកា​រ​ពារ​ជម្រក ក៏​ដូច​ជា​អប់​រំ​ប្រជា​ពលរដ្ឋ​ជា​ដើម​។ 

លោក​​​បញ្ជាក់​ថា​៖«​នៅ​ពេល​ដែល​យើងទទួល​បាន​កូន​ផ្សោត​មួយៗ គឺជា​​​មោទនភា​ព និងជា​ស​មិ​ទ្ធផល​ធំ​ធេង​ដែល​ទាំង​អស់​គ្នា​មាន​សេចក្ដី​សប្បាយ​រីករាយ​ចាប់​ពីប្រ​ជាពលរដ្ឋ​ រហូត​ដល់​រាជរដ្ឋាភិបាល​​​»​។

​ការ​រាប់ចំនួន​ផ្សោត ​​ធ្វើឡើ​ង​រយៈ​ពេល ៣​ឆ្នាំ​ម្ដង​​ ព្រោះ​ត្រូវ​រង់ចាំ​ឱ្យ​ផ្សោត​មាន​អាយុ​ចាប់​ពី ៣​ឆ្នាំ​ឡើង ទើ​ប​អាច​រាប់​ចំនួន​បាន​ ហេតុនេះហើយ​មក​ដល់​សព្វ​ថ្ងៃ​នេះ តាម​ការ​ប៉ាន់​ស្មាន​ផ្សោត​ដែល​អាច​រាប់​បាន​មា​ន​ចំនួន​ប្រមាណ​ជា ៩០​ក្បាល​ទាំង​ផ្សោត​មេ​ពូជ ក៏​ដូច​​ជា​ផ្សោត​វ័យ​ជំទង់​។ នេះបើ​តាម​​លោក អ៊ុក វិបុល។

ចំណែក លោក សេង ទៀក​ នាយក​​​​ប្រតិ​បត្តិ​​​អង្គ​ការ​មូល​និ​ធិ​សកល​សម្រាប់​​អភិ​រក្ស​ធន​​ធាន​​ធម្ម​ជាតិ (WWF) ក៏បាន​ឱ្យ​ដឹង​ដែរ​ថា សត្វ​ផ្សោត​ទន្លេ​មេគង្គ ត្រូវ​បាន​ចាត់​ទុក​ថា ជា​រតន​សម្បត្តិ​ជាតិមាន​ជីវិត​របស់​កម្ពុជា ហើយ​ជា​ប្រភេទ​ផ្សោត​មួយ​ប្រភេទ​ស្ថិត​ក្នុង​ចំណោម ​៦​ប្រភេទ​ នៃ​សត្វ​ផ្សោត​ទឹក​សាប​កម្រ​បំផុត​ ដែ​ល​នៅ​សេស​សល់​ក្នុង​ពិភព​លោក​។

លោកបាន​ថ្លែង​​ថា​៖ «​ក្នុង​នាម​យើង​ជា​អ្នក​អភិរក្ស និង​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត​របស់​រាជ​រដ្ឋាភិបាល ​កំ​ណត់​ត្រា​កូន​ផ្សោត​កើត​ថ្មី​នេះ គឺ​ជា​ព័ត៌​មាន​ល្អ លើក​ទឹក​ចិត្ត និង​ផ្តល់​នូវ​ក្តី​សង្ឃឹម​។ ដូច្នេះ​ យើងចូលរួមកា​រពារសត្វផ្សោត និង​រ​ក្សាលំ​ហូ​រសេ​រី​នៃទ​ន្លេ​មេ​គ​ង្គដែ​លជា​ប្រ​ភព​ទ្រ​ទ្រង់​ជី​វិ​ត​ដ៏សំ​ខាន់​ស​ម្រាប់​សត្វ​សំ​ខាន់​ៗ​ ​និ​ង​ម​នុ​ស្ស​ផ​ង​ដែរ​​»។

លោក​បាន​បន្ត​ថា ចំពោះវត្ត​មាន​កូន​ផ្សោត​ដែលទើប​នឹងកើត​ថ្មី​នេះ វា​កើត​ឡើង​ពី​ការ​ខិត​ខំ​រួម​គ្នា​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​រាជ​រដ្ឋាភិបាល ​​ឃើញ​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​នេះ វា​​ពិត​ជា​បាន​ផល និង​ទទួល​បាន​ប្រសិទ្ធភាព​ពិត​មែន ជា​ពិសេស​ទៅ​លើ​ការ​ងារ​បង្ក្រាប​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​ឆក់ និង​មង​នេសាទ​ជា​ដើម​​៕