​ភ្នំពេញៈ លោក ខ្វៃ អាទិ​ត្យា អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី ​១០ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ក្រ​សួង​បរិស្ថាន តាមរយៈ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​រាជធានី-ខេត្ត​នានា បាន​បណ្តុះ​កូនឈើ​បាន​ចំនួន ​៤១៦-១៦៣ ​ដើម សម្រាប់​យុទ្ធនាការ ១០ ​តុលា របស់​ក្រសួង​ស្តីពី​ការចែកជូន​កូនឈើ​ជាង​ ១ ​លាន​ដើម​ជា​រៀងរាល់ឆ្នាំ ជូន​ប្រជា​ពល​​រដ្ឋ​ដាំ​ដើម្បី​ស្តារ​ព្រៃឈើ​ឡើងវិញ​ឱ្យបាន​ជាង ៦០% នៅ​ឆ្នាំ ​២០៥០​។​

​លោក ខ្វៃ អាទិ​ត្យា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ​ថា រហូតមកទល់​ពេលនេះ ក្រសួង​មានកូន​ឈើ​ជាង ​៧០ ​ម៉ឺន​ដើម​ក្នុង​ដៃ ដែល​ក្នុងនោះ​កូនឈើ​ពី​មន្ទីរ​បរិ​​ស្ថាន​នានា​ជាង ​៤០ ​ម៉ឺន​ដើម និង​កូនដើម​ត្នោត​ដែល​ផ្តល់​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចំនួន​ជាង ​៣០ ​ម៉ឺន​ដើម​។ 

​លោក​ថ្លែងថា​៖ «​យុទ្ធ​នា​ការ​ ១០ តុលា​ក្នុង​ការចែកជូន​កូនឈើ​ជាង ​១ លាន​ដើម​ជា​រៀងរាល់ឆ្នាំ​ជូន​ប្រជាពលរដ្ឋ​ដាំ​របស់​រដ្ឋមន្ត្រីក្រសួង​បរិ​​ស្ថាន​នឹង​ទទួលបាន​ជោគជ័យ ដោយ​មន្ត្រី​បរិស្ថាន​នៅតាម​មន្ទីរ​ទូទាំង​រាជធានី​ខេត្ត បន្ត​បណ្តុះ​កូនឈើ​គ្រប់​ប្រភេទ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ចាប់ពី​ខែកក្កដា​ខាងមុខ​»​។​

​លោក​លើកឡើងថា​៖ «​គិត​ចាប់​ពីថ្ងៃ​បើក​យុទ្ធនាការ​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០២៣ មកទល់​ថ្ងៃទី ​១០ ​ខែកុម្ភៈ​ឆ្នាំ ​២០២៤ មន្ត្រី​ក្រសួងបរិស្ថាន​បាន​ចែក​កូនឈើ​គ្រប់​ប្រភេទ (​កូនឈើ​ប្រណីត និង​ឈើ​ហូប​ផ្លែ​) ចំនួន ​២០០ ៥៦២ ​ដើម​រួចជាស្រេច​ទៅដល់​ប្រជាពលរដ្ឋ​ដើម្បី​ដាំ​ស្តារ​ព្រៃ​រេចរឹល ដាំ​នៅតាម​មូលដ្ឋាន តាម​សហគមន៍ ដាំ​នៅតាម​សាលារៀន វត្ត​អារាម​»​។

​កូនឈើ​ ត្រៀម​ចែក​ពល​រដ្ឋ​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​។ ក្រសួងបរិស្ថាន

​ជុំវិញ​បញ្ហា​នេះ​លោក ជុំ ហួត ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម បាន​គាំទ្រ​ចំ​​ពោះ​យុទ្ធនា​ការចែក​កូនឈើ​ជូន​ពលរដ្ឋ​ដាំ​ដោយ​ឥតគិតថ្លៃ​នេះ ដែលជា​ការជំរុញឱ្យ​ប្រជា​ពល​​រដ្ឋ​ចូលរួម​ដាំ​ដើមឈើ និង​ស្តារ​ព្រៃឈើ ព្រមទាំង​ចូលរួមចំណែក​អភិរក្ស​ព្រៃឈើ​របស់​កម្ពុជា​ឱ្យ មាន​ស្ថិរភាព​ឡើងវិញ ជាពិសេស​បង្កើន​ប្រាក់ចំណូល​ទៅដល់​សហគមន៍​នៅក្នុង​មូលដ្ឋាន​។ 

​លោក​ថា​៖ «​ការដាំ​ដើមឈើ អាចបង្កើត​ដើមឈើ​ហូប​ផ្លែ​នៅតាម​សហគមន៍ និង​បង្ហាញ​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ មក​ទស្សនា​ដល់​សហគម​ន៍​របស់​ពួកគាត់ ដែលមាន​ភាព​បៃ​តង ដែល​វា​អាច​បង្កើន​ចំណូល​ទៅដល់​សហគមន៍​ផងដែរ​»​។​

​លោក ជុំ ហួត​ បញ្ជាក់ទៀតថា សមាគម​របស់លោក​ក៏​នឹង​ចូល​​រួម​គាំទ្រ និង​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ដែរ​ដើម្បី​ដាំ​កូន​ឈើ​នៅតាម​សហគមន៍ សាលា​រៀន វត្ត​អារាម និង​នៅតាម​ទី​សា​​ធា​រណៈ​ផ្សេងៗ​ទៀត ព្រោះ​យុទ្ធ​នា​ការ​នេះ គឺ​ល្អ និង​ផ្តល់​ផល​ប្រយោជន៍​ដល់​បរិស្ថាន និង​សង្គមជាតិ​។​សូម​រំឭក​ដែរ​ថា ក្រសួងបរិស្ថាន​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ដែល​បាន​ដាក់ចេញ​ការងារ​អាទិភាព​ចំនួន ​៣ ​រួមមាន​៖ ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ 

​ក្នុង​មុម​ផែនការ​អាទិភាព​ទី​២ ភាព​បៃតង ក្រសួងបរិស្ថាន​នឹង​អនុវត្ត​ដោយ​ពង្រីក​ចលនា​ដាំ​ដើមឈើ ជំរុញ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូល​ដ្ឋា​ន​។ ផែនការ​យុទ្ធសាស្ត្រ​ទី​២ ​នេះ បានរៀបចំ​ឡើងលើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាស​ធាតុ​ដែល​យកចិត្តទុកដាក់​ជាសំខាន់ គឺ​ជំរុញ​ការបណ្តុះ និង​ដាំ​កូនឈើ សំដៅ​បង្កើន​គម្រប​ព្រៃ​ឱ្យដល់ ​៦០% នៅ​ឆ្នាំ​ ២០៥០​។

​លោក អ៊ាង សុផល្លែត ធ្លាប់បាន​លើកឡើងថា សម្រាប់​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ការ​​អភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឱ្យមាន​ប្រសិទ្ធភាព រួមមាន​ការអនុវត្ត​ច្បាប់​ ១០០%​ ដោយ​មិន​អត់ឱន​ចំពោះ​ឧក្រិដ្ឋកម្ម​ធនធានធម្មជាតិ និង​ពង្រឹង​ការសហការ​ឱ្យ​កាន់​តែ​ស្អិតល្មួត ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​៕