​ភ្នំពេញៈ លោក ហួត ហាក់ រដ្ឋមន្ត្រី​អធិការកិច្ច​បាន​ថ្លែងថា​នៅក្នុង​លទ្ធផល​ការងារ​ចុះ​អធិការកិច្ច​នាពេល​កន្លងទៅ បានរួម​ចំណែក​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​មន្ត្រីរាជកា​រ​សាធារណៈ​មួយចំនួន ដែល​អនុវត្ត​ការងារ​ពុំទាន់​បានល្អ​នៅឡើយ ខណៈដែល​ក្រសួង​នឹង​បន្តធ្វើ​អធិការកិច្ច​តាមដាន​ជាប់​ជាប្រចាំ ក្នុង​ការអង្កេត​ស្រាវជ្រាវ​ក្នុងករណី​មាន​ភាព​មិន​ប្រក្រតី នៃ​ការបំពេញ​កាតព្វកិច្ចរ​បស់​មន្ត្រីរាជការ​។​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ នា​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២៤ កាលពី​ថ្ងៃទី ​១២ ខែ​​កុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ស​ណ្ឋា​​គារ​សុខា​ភ្នំពេញ​។

​លោក ហួត ហាក់ ថ្លែងថា លទ្ធផល​អធិការកិច្ច​មិនអាច​វាស់វែង​បាន​ទាំងអស់​នោះទេ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​លទ្ធ​ផល​ការងារ​អធិការកិច្ច​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​មិនល្អ របស់​មន្ត្រី​សាធារណៈ​មួយចំនួន​ផងដែរ​។​

​លោក​ថ្លែងថា​៖«​លទ្ធផល​ការងារ​អធិការកិច្ច នាពេល​កន្លងទៅ ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​​ផ្លាស់ប្តូរ​ឥរិយាបថ​មិនល្អ របស់​មន្ត្រី​សាធារណៈ​មួយចំនួន ដែល​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​ការងារ​ពុំទាន់​បានល្អ និង​ដាស់តឿន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មានការ​​ទទួលខុសត្រូវ​ប្រកប​ដោយ​មនសិការ​វិជ្ជាជីវៈ ដែលជា​ភារកិច្ច​មួយ​ដ៏​មាន​សារៈសំខាន់​និង​មិនអាច​កាត់ថ្លៃ​បាន​របស់​ក្រសួង​អធិការកិច្ច​»​។​

​លោក​ថ្លែងថា ទន្ទឹមនឹងនោះ ក៏ត្រូវ​មានការ​ត្រួតពិនិត្យ ឬ​ធ្វើ​អធិការកិច្ច​ជាប់​ជាប្រចាំ ដោយ​ត្រូវ​តាមដាន ត្រួតពិនិត្យ អង្កេត​ស្រាវជ្រាវ​ក្នុងករណី​មាន​ភាពមិនប្រក្រតី លើ​សកម្មភាព និង​ដំណើរការ​នៃ​ការអនុវត្ត​ការងារ ដើម្បី​សន្និដ្ឋាន វាយ​តម្លៃ ស្វែងរក​ចំណុចខ្លាំង និង​ចំណុច​ខ្វះខាត បញ្ហា​ប្រឈម និង​ដំណោះស្រាយ​។​

​លោក​ថា​៖«​ការងារ​អធិការ​មិន​សំដៅ​តែ​លើ​ការស្វែងរក​កំហុស និង​ដាក់វិន័យ តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​កត់សម្គាល់​នូវ​គុណសម្បត្តិ ដើម្បី​លើកសរសើរ ព្រមទាំង​ក្តាប់​ឱ្យបាន​នូវ​ការងារ​លំបាក និង​សំណូមពរ​របស់​ប្រតិបត្តិ​ករ​ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ​ផងដែរ​»​។​

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ថ្លែងថា ការចុះ​អធិការកិច្ច​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង សម្រាប់​ស្ថាប័នរដ្ឋ ខណៈដែល​មន្ត្រី​អធិការកិច្ច​ត្រូវតែ​ប្រកាន់​គោល​ជំហរ និង​បែបបទ​ឱ្យបាន​ច្បាស់​លាស់ ក្នុងការ​ស្វែងរក​បញ្ហា​ឆ្គាំឆ្គង​ទាំងឡាយ​របស់​មន្ត្រី​សាធារណៈ ដើម្បីឱ្យ​កែប្រែ​៕