​ភ្នំពេញៈ យោងតាម​របាយ​កា​​រណ៍​ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤​ របស់់​ក្រសួង​កា​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យដឹងថា ការដោះស្រាយ​វិវាទ​ការងារ​នៅ​ឆ្នាំ​ ២០២៣ មាន​ភាពល្អប្រសើរ ដោយ​ក្រសួង​បាន​ដោះស្រាយ​វិវាទ​សរុប​ចំនួន ១ ០០៥ ​ករណី​។​

​របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន បានឱ្យដឹងថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ ក្រសួង​ការងារ​បានធ្វើ​ឡើង​តាម​រយៈ​យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ការងារ និង​ការពង្រឹង​សមត្ថ​​ភាព​មន្ត្រី​ផ្សះផ្សា ភាពជា​ដៃគូ​នៃ​កិច្ចសន្ទនា​សង្គម យន្តការ​ត្រីភាគី និង​គាំទ្រ​និរន្តរភាព​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ការដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធតុលាការ ព្រមទាំង​ការកែលម្អ​នីតិវិធី​នៃ​ការដោះស្រាយ វិវាទ​ការងារ​ជា​​ប្រចាំ​។ 

​ជាក់ស្តែង​តាមរយៈ​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ឃើញថា​៖«​នៅក្នុង​ឆ្នាំ​ ២០២៣ ក្រសួង​បាន​ដោះស្រាយ វិវាទ​សរុប​ចំនួន ១ ០០៥ ​ករណី ក្នុងនោះ សះជា​ចំនួន ៨២៩ ​ករណី (​ស្មើនឹង ៨២,៤៩%) មិន​សះជា ចំនួន ១៤៨ ​ករណី ​(​ស្មើនឹង ១៤,៧៣%) មោ​ឃៈ ចំនួន ២៨ ​ករណី (​ស្មើនឹង ​២,៧៩%)»​។ ក្នុងករណី​វិវាទ​ទាំងអស់នេះ វិវាទ​បុគ្គល​មាន​ចំនួន ៨១៨ ​ករណី (​ស្មើនឹង ៨១,៣៩%)​ និង​វិវាទ​ការងារ​រួមមាន​ចំនួន ​១៨៧ ​ករណី (​ស្មើនឹង ១៨,៦១%)​។​

​ទន្ទឹមគ្នានេះ ក្រសួង​ក៏បាន​បញ្ជូន​សំណុំរឿង​ទៅ​ដោះស្រាយ​បន្ត​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ចំនួន ២២​ ករណី ដោយ​ក្នុងនោះ​សំណុំរឿង​ចេញ​សេចក្តី​បង្គាប់ ចំនួន ១៦ ​ករណី និង​សំណុំរឿង​មិន​ចេញ​សេចក្តី​បង្គាប់ (​កិច្ច​ព្រមព្រៀង​) សះជា​ដោយ​ក្រុម​​ប្រឹក្សា​អាជ្ញាកណ្ដាល ចំនួន ៦​ ករណី​។​

​ក្រសួង​ការងារ អះអាង​ទៀតថា​៖ «​តាមរយៈ​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ខាងលើនេះ​ឃើញថា អត្រា​សះជា​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម​​ទាំង​នៅ​កម្រិត​មន្ត្រី​ផ្សះផ្សា និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​កើនឡើង​ពី ៧៣,៣៣% ដល់ ៩០,៣៧%​ ពី​ចន្លោះ​ឆ្នាំ ​២០២២ ដល់​ឆ្នាំ​ ២០២៣»​។

ក្រសួង​បញ្ជាក់ថា​៖ «​នេះ​បង្ហាញថា យន្ត​ការដោះស្រាយ​វិវាទ​ការងារ​របស់​ក្រសួង​មាន​ភាពល្អប្រសើរ​ព្រម​ទាំង​ការយល់ដឹង​របស់​អ្នក​ពាក់​​ព័ន្ធ​ក្នុងការ​ដោះស្រាយ​វិវាទ​ធ្វើឱ្យ​អត្រា​សះជា​មាន​កម្រិត​ខ្ពស់​»​។​

​លោក ​ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​ថ្លែង​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ​ថា ទាក់ទង​នឹង​ការ​ដោះស្រាយ​វិវាទ​ការងារ និង​ការ​ដោះស្រាយ​បញ្ហា​កូដកម្ម បា​តុ​កម្ម​នៅតាម​គ្រប់​មុខសញ្ញា មាន​លក្ខណៈ​ល្អប្រសើរ​គួរឱ្យកត់សម្គាល់ ព្រោះថា នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ បាន​យកចិត្តទុកដាក់ និង​ខិតខំ​ដោះ​​ស្រាយ ក៏ដូចជា​សម្របសម្រួល​បានល្អ​។

ទន្ទឹមគ្នានេះ​លោក ហ្វា​សាលី​ក៏បាន​ស្នើ​ដែរ​ថា​៖ «​សូមឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ ធ្វើការ​ពិនិត្យមើល ឬ​ដោះដូរ​តួនាទី​មន្ត្រី​ទីប្រឹក្សា​មួយចំនួន​ឡើងវិញ ព្រោះ​កន្លងមក​មាន​មន្ត្រី​ខ្លះ​តែង​តែ​ធ្វើទុក្ខបុកម្នេញ​ដល់​សហជីព ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សកម្ម​ភាព​ការងារ​។ អ៊ីចឹង​សង្ឃឹមថា ក្រសួង​នឹង​ពិនិត្យឡើងវិញ ដើម្បី​ធានា​ដល់​សុខដុម​រម្ម​នីយកម្មរ​បស់​សហជីព​ក្នុង​វិស័យ​ការងារ​»​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ​បានលើកឡើង​ដែរ​ថា ក្រៅពី​ការដោះស្រាយ​វិវាទ​ការងារ​នៅ​ឆ្នាំ​ ២០២៣ ​មាន​ស្ថានភាពល្អប្រសើរ​ហើយ​នោះ ការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា​ក៏មាន​ការ​ថយចុះ​ជា​បន្តបន្ទាប់​ផងដែរ​។​

​តាមរយៈ​ការពង្រឹង​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ​(​គ​.​ក​.​ប​.) បាន​អន្ត​រាគ​មន៍​ដោះស្រាយ​កូដកម្ម​សរុប ចំនួន ១០១ ​រោងចក្រ​សហគ្រាស ស្មើនឹង ១១៩​ ករណី ក្នុងនោះ ៩៤,៩៦% ត្រូវបាន​ដោះស្រាយ​សះជា និង​បានធ្វើ​អន្តរាគមន៍​ដោះស្រាយ​បាតុកម្ម ចំនួន ៨​ រោងចក្រ​សហគ្រាស ស្មើនឹង ១២ ​ករណី ក្នុងនោះ​ ៩១,៦៧% ត្រូវបាន​ដោះស្រាយ​សះជា​។​

​តាមរយៈ​នេះ ក្រសួង​ឃើញថា អត្រា​រោងចក្រ សហគ្រាស​ដែល​កើតមាន​កូដកម្ម​មានការ​ថយចុះ​ជា​បន្តបន្ទាប់ និង​ស្ថិតក្នុង​អត្រា​ក្រោម​ ១% នៃ​រោងចក្រ សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​សរុប​នៅ​ក្រសួង​ការងារ​, ការធ្វើ​អន្តរា​គម​ន៍​បាន​គ្រប់​ករណី និង​ទាន់ពេលវេលា និង​ការដោះស្រាយ​កូដកម្ម បាតុកម្ម​សះជា​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​៕