ភ្នំពេញៈ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន មានភ្ញៀវទេសចរចេញដើរកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេសសរុប ១ ០៥១ ៤៧២ នាក់។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរជាង ១ លាននាក់ ចេញដើរកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនចាប់ពីថ្ងៃទី ៩-១១ ខែកុម្ភៈ គឺមានភ្ញៀវទេសចរជាតិ ៩៩៣ ៩៩១ នាក់ និងទេសចរបរទេស ៥៧ ៤៨១ នាក់។ ក្នុងនោះខេត្តចំនួន ៥ ទទួលបានភ្ញៀវច្រើនជាងគេគឺខេត្តព្រះសីហនុ ២៩៤ ៣០១ នាក់, សៀមរាប ១១៧ ៦៧៧ នាក់, បាត់ដំបង ៨៩ ៤៤៦ នាក់, ប៉ៃលិន ៧៩ ៦៩៣ នាក់ និងខេត្តកែប ៧៣ ១៤៥ នាក់។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានឱ្យដឹងនៅថ្ងៃទី ១២ ខែកុម្ភៈថា បើតាមរបាយការណ៍ដែលក្រសួងទទួលបានពីមន្ទីរទេសចរណ៍នានា និងការរាយការណ៍បន្ថែមពីប្រធានមន្ទីរទេសចរណ៍ឃើញថា ការដើរកម្សាន្តតាមតំបន់រមណីយដ្ឋានប្រព្រឹត្តទៅដោយរលូន គឺមិនមានបញ្ហា ឬហេតុការណ៍ណាកើតឡើងជាយថាហេតុទេ។
លោកបានបញ្ជាក់ថា៖ «យើងសង្កេតឃើញថា ទាំងការរក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋាននានាពីសំណាក់អាជីវករក៏ដូចជាភ្ញៀវទេសចរទៅកម្សាន្ត គឺធ្វើបានល្អជាងមុនដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធររាជធានីខេត្ត រួមជាមួយនឹងក្រុមការងាររបស់មន្ទីរទេសចរណ៍តាមបណ្តាខេត្តដែលប្រចាំការនៅតាមគោលដៅ»។
លោកបន្ថែមថា៖ «សភាពការណ៍ជារួម គឺពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ បាតុភាពផ្សេងៗក៏មិនមានដែរ ដោយយើងអាចនិយាយថាអំឡុងពេលចូលឆ្នាំចិនកន្លងមកនេះប្រព្រឹត្តទៅដោយរលូន ហើយបងប្អូនប្រជាពលរដ្ឋយើងចេញដើរកម្សាន្តដោយក្តីរីករាយ។ យើងក៏សង្កេតឃើញភ្ញៀវទេសចរក្នុងស្រុកមានទំនោរចេញដើរកម្សាន្តច្រើនឡើងវិញនៅពេលមានពិធីបុណ្យនានា បើទោះបុណ្យនោះជាបុណ្យជាតិ ឬបុណ្យសកលក៏ដោយជាពិសេសនៅពេលដែលពិធីបុណ្យចំថ្ងៃចុងសប្តាហ៍»។
ខេត្តសៀមរាបដែលសម្បូរដោយរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្របានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការធ្វើដំណើរកម្សាន្តនាពិធីបុណ្យចូលឆ្នាំចិនកន្លងមក។ នេះបើតាម លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយក្នុងរយៈពេល ៣ ថ្ងៃពិធីបុណ្យចូលឆ្នាំចិន ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជិត ១២ ម៉ឺននាក់នេះ កើនជាង ១០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានត្រឹមតែជិត ១១ ម៉ឺននាក់។
លោកបានប្រាប់ថា៖ «ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជិត ១០ ម៉ឺននាក់ កើនជិត ១១ ភាគរយ ខណៈឆ្នាំមុនមានប្រហែល ៩ ម៉ឺននាក់។ ចំណែកភ្ញៀវអន្តរជាតិមានចំនួនជិត ២ ម៉ឺននាក់កើនជិត ១៧ ភាគរយ ខណៈឆ្នាំមុនមានជាង ១,៥ ម៉ឺននាក់»។
ជាមួយគ្នានេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងដែរថា ក្នុងចំណោមភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តកំពតក្នុងពេលបុណ្យចូលឆ្នាំចិននេះ រមណីយដ្ឋានដែលទទួលបានទេសចរច្រើនជាងគេ គឺតំបន់ដូងទេរ ទឹកឈូ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ។
លោកបានអះអាងថា៖«ជារួមខេត្តកំពត កន្លែងទាំង ៣ ហ្នឹង គឺពេញនិយមជាងគេ មិនថាបុណ្យអ្វីទេ ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិភាគច្រើនចូលចិត្តទៅលេងតំបន់នេះ។ យ៉ាងណាមិញតំបន់សហគមន៍ធម្មជាតិមួយចំនួនក៏ទទួលបានអ្នកទេសចរច្រើនដែរក្នុងអំឡុងពេលបុណ្យនេះ»។
លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ទេសចរក្នុងស្រុកដ៏ច្រើនតែងមានទំនោរចេញដើរកម្សាន្តនៅពេលមានពិធីបុណ្យទាននានា ឬនៅថ្ងៃចុងសប្តាហ៍ ជាពិសេសចាប់តាំងពីស្ថានការណ៍កូវីដ ១៩ បានធូរស្បើយ។
លោកបានបន្ថែមថា កំណើនភ្ញៀវទេសចរចិន ដែលកក់ដំណើរកម្សាន្តមកកម្ពុជានារដូវចូលឆ្នាំប្រពៃណីចិនឆ្នាំ ២០២៤ នេះ បានកើនឡើងច្រើនបើធៀបនឹងរដូវកាលឆ្នាំមុន ប៉ុន្តែមិនមានសម្ទុះគំហុកខ្លាំងទេ ដោយលោកកត់សម្គាល់ថា មានកំណើនប្រហែលពី ២០-៣០ ភាគរយ។ ភាគច្រើនភ្ញៀវទាំងនោះកក់លក្ខណៈដំណើរកម្សាន្តជាកញ្ចប់ ដោយមានការសហការជាមួយនឹងការីទេសចរណ៍នៅក្នុងស្រុក និងមួយចំនួនទៀតរៀបចំផ្ទាល់ខ្លួន។
លោក ហូ វណ្ឌឌី បាននិយាយថា៖ «នៅពេលដែលភ្ញៀវមានទំនោរចេញដើរលេងកម្សាន្តច្រើនបែបនេះហើយ ប្រតិបត្តិករទេសចរទាំងអស់ត្រូវតែចេះរិះរកផលិតផលទេសចរណ៍ថ្មី ព្រមទាំងគិតគូរពីតម្លៃសេវាកម្មស្នាក់នៅ គុណភាពសេវាកម្ម និងម្ហូបអាហារធូរថ្លៃជាដើម ដើម្បីជាការទាក់ទាញបន្ថែមទៀត ព្រោះទេសចរគាត់ទៅតែម្តង គឺគាត់នឹងសម្រេចថាគួរទៅទៀត ឬអត់ អាស្រ័យលើកត្តាទាំងនេះ»។
លោកបានបន្តថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន គឺជាពេលវិស្សមកាលរបស់ជនជាតិចិន និងជាពេលវេលា ដែលជនជាតិចិនចេញដើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។ ប្រទេសមួយចំនួន រួមទាំងកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនមកកម្សាន្តច្រើន ស្របពេលដែលឆ្នាំនេះ កម្ពុជា និងចិន បានរៀបចំព្រឹត្តិការណ៍ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរចិន មកកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនចាប់ពី ពេលនេះតទៅ៕