​ភ្នំពេញៈ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ ​២០២៣​ កន្លងទៅ កម្ពុជា​រក​ឃើញ​មាន​ករណី​ជំងឺរបេង​ជាង​ ៣០ ០០០​ ករណី បើ​ធៀប​នឹង​ឆ្នាំ ២០២២ ចំនួន​អ្នក​កើត​ជំងឺ​របេង​មានការ​ថយចុះ​ក្នុង​ចំនួន​តិចតួច​នៅឡើយ​។​

​លោក ហួត ចាន់​យុ​ដា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ​១២ ខែកុម្ភៈ​ថា នៅ​ឆ្នាំ​ ២០២៣ ​កន្លងមក កម្ពុជា​បាន​រកឃើញ​ករណី​ជំងឺរបេង​បាន​ចំនួន​ជាង ៣០ ០០០ ​ករណី ក្នុងនោះ​ក៏មាន​ករណី​ស្លាប់​ដែរ ប៉ុន្តែ​ចំនួន​ប៉ុន្មាន​នោះ​គឺ​លោក​មិនទាន់​អាច​បញ្ជាក់​បានទេ ដោយសារ​ចំនួន​តួលេខ​មិនទាន់​បូកសរុប​នៅឡើយ​។​

​លោក​បាន​បន្តថា​៖ «​ដូច្នេះ​តួលេខ​ជំងឺរបេង​ក្នុង​ឆ្នាំ​ ២០២៣ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ គឺ​រកឃើញ​ចំនួន​អ្នក​កើត​ជំងឺរបេង អាច​ប្រហាក់ប្រហែលគ្នា​ឬក៏​មានការ​ថយចុះ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​»​។​

​លោក​ថា ជាទូទៅ​បើតាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​ជំងឺរបេង​រកឃើញថា នៅ​ទូទាំង ​២៥​ រាជធានី-ខេត្ត របស់​កម្ពុជា សុទ្ធ​តែមាន​ករណី​ជំងឺរបេង ខណៈ​ករណី​ទាំងនោះ​វា​ក៏​មិនអាច​កំណត់​បាន​ថា ខេត្ត​ណា​មាន​ករណី​ជំងឺរបេង​តិច និង​ខេត្ត​ណា​ទៀត​មាន​ករណី​ជំងឺរបេង​ច្រើន​បានឡើយ ព្រោះ​វា​អាស្រ័យទៅលើ​ស្ថានភាព​នៃ​ការរស់នៅ​ក្នុង​តំបន់​ទាំងនោះ ស្ថានភាព​នៃ​ការឆ្លង ក៏ដូចជា​ស្ថានភាព​នៃ​ការអប់រំ​សុខភាព​នៅមានកម្រិត​ជាដើម​។​

​លោក ហួត ចាន់​យុ​ដា បាន​បន្ថែមថា នៅតាម​តំបន់​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​ថៃ ក៏ដូចជា​រវាង​កម្ពុជា និង​វៀតណាម តាមរយៈ​ការសង្កេត​ក៏​ឃើញ​មាន​ករណី​ជំងឺរបេង​កើនឡើង​ផងដែរ ជាពិសេស​បានកើត​ឡើង​លើ​ជន​ចំណាកស្រុក​។​

​បើតាម​លោក ហួត ចាន់​យុ​ដា នៅ​ឆ្នាំ ​២០២៤ ​នេះ តាម​ផែនការ​របស់​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង​គឺត្រូវធ្វើ​យ៉ាងណា ស្រាវជ្រាវ​ឱ្យបាន​ច្រើន​ករណី​ជំងឺ​របេង ដើម្បី​កាត់បន្ថយ​អត្រា​កើត​និង​អត្រា​ស្លាប់​ដោយសារ​ជំងឺ​​របេង​ឱ្យបាន​ច្រើន​ទៅតាម​អ្វី​ដែលជា​យុទ្ធសាស្ត្រ​របស់​កម្មវិធី​ជាតិ​នៃ​ក្រសួងសុខាភិបាល​។​

​លោក​បាន​ថ្លែងថា​៖ «​ទោះបីយ៉ាងណា​ក៏​យើង​រំពឹងទុក​ថា ករណី​ជំងឺរបេង វា​នឹង​ថយចុះ នៅពេលដែល​យើង​មាន​ធនធាន​ហិរញ្ញវត្ថុ​ជួយ​ជ្រោមជ្រែង និង​មានការ​ចូលរួម​ពី​អង្គការ​ដៃគូ ក៏ដូចជា​ការគាំទ្រ​ពី​រាជ​រដ្ឋា​ភិ​បាល​ជាដើម​»​។​

​ក្នុង​ឆ្នាំ​ ២០២៤ ​នេះដែរ ម​ជ្ឈ​មណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ដៃគូ​ពាក់ព័ន្ធ កំពុងធ្វើការ​អង្កេត​ប្រេ​វ៉ាឡង់​ជំងឺរបេង​ថ្នាក់​ជាតិ​លើក​ទី ​៣ ដើម្បី​ប្រមូល​លទ្ធផល​អង្កេត​នេះ​ក្នុងការ​ជួយ​កម្ពុជា​បង្កើត​ផែនការ​កាន់តែ​ប្រសើរឡើង​ក្នុងការ​បញ្ចប់​ជំងឺរបេង​។​

​ក្រៅពីនេះ មជ្ឈមណ្ឌល​ជាតិ​ក៏​ពង្រីក​ការងារ​អប់រំ​សុខភាព​ទាក់ទង​នឹង​ជំងឺរបេង​នៅតាម​សហគមន៍​មូលដ្ឋាន​ទាំងអស់​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ក៏ដូចជា បង្កើន​ការងារ​អប់រំ​សុខ​ភាព​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដែល​សង្ស័យថា​ មាន​ករណី​ជំងឺរបេង​ដូចជា រោងចក្រ ពន្ធនាគារ និង​ជន​ចំណាកស្រុក​មួយចំនួន​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក ហួត ចាន់​យុ​ដា​។​

​លោក ​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​ដែរ​ថា ស្ថានភាព​ជំងឺរបេង​ក្នុង​ខេត្តកំពង់ឆ្នាំង​មិនមាន​អ្វី​គួរឱ្យ​បារម្ភ​នោះទេ ដោយសារ​ទាំង​អត្រា​អ្នក​កើត អត្រា​អ្នក​ឆ្លង និង​អត្រា​អ្នក​ព្យាបាល​គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​។​

​លោក​ថា ជាក់ស្ដែង​ក្នុង​ឆ្នាំ​ ២០២៣ ​កន្លងទៅ ទូទាំង​ខេត្ត​កំពង់ឆ្នាំង​រកឃើញ​ក​រ​ណី​ជំងឺ​​របេង​សរុប​ប្រមាណ​ ៨០០​ ករណី បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ គឺ​ឃើញថា អ្នក​កើត​ជំងឺរបេង​មានការ​ថយចុះ​មួយចំនួនធំ​ដែរ​។​

​លោក​បាន​បន្តទៀតថា តួលេខ​ ៨០០​ ករណីនេះ គឺ​សរុប​គ្រប់​ប្រភេទ​នៃ​ជំងឺរបេង​ទាំងអស់​ដែល​កើតឡើង​ក្នុង​ខេត្តកំពង់ឆ្នាំង ខណៈ​អ្នក​ជំងឺរបេង​ទាំងនោះ​មិនមាន​នរណាម្នាក់​ត្រូវបាន​ទុកចោល​ទេ គឺ​ពួកគាត់​សុទ្ធតែ​ទទួលបាន​ការព្យាបាល និង​ទទួលបាន​ថ្នាំ​សម្រាប់​លេប​នៅ​ចំពោះមុខ​គ្រូពេទ្យ​ជាប្រចាំ​។​

​លោក​ប្រាក់ វ៉ុ​ន បាន​បញ្ជាក់ថា​៖ «​ឆ្នាំនេះ​យើង​បានដាក់​ចេញ​ផែនការ​សកម្មភាព​រប​ស់​យើង គឺ​បង្កើន​ការស្រាវជ្រាវ​ជំងឺរបេង​សកម្ម​នៅតាម​មូលដ្ឋាន និង​ពង្រឹងគុណភាព​ព្យាបាល​ហើយ​និង​យើង​បង្កើន​សកម្មភាព​ការងារ​អប់រំ​សុខភាព​ជូន​ប្រជា​ពល​រដ្ឋ​ដើម្បី​កុំឱ្យ​មានការ​ចម្លង​»​។​

​ទន្ទឹមនឹងនេះ នៅក្នុង​មណ្ឌល​សុខភាព​នីមួយៗ​ក្នុង​ខេត្ត​កំពង់​​ឆ្នាំង​ក៏មាន​ឧបករណ៍​សម្រាប់​ស្រាវជ្រាវ​រក​ករណី​ជំងឺរបេង​នៅពេល​ដែលមាន​អ្នកជំងឺ​មាន​រោគសញ្ញា​ក្អក ដូច្នេះ​ក្រុម​គ្រូ​ពេទ្យ​នឹង​កំណត់​មុខសញ្ញា​ស្រាវជ្រាវ​រក​ជំងឺរបេង​ ដើម្បី​កាត់បន្ថយ​អត្រា​ការឆ្លង​ជំងឺ​នេះ​ផងដែរ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក​ ប្រាក់ វ៉ុ​ន​៕​