ភ្នំពេញៈ យ៉ាងហោចណាស់ មនុស្ស ២៣ នាក់ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ត្រឹមតែរយៈពេល ៣ ថ្ងៃក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងវៀតណាម ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤។ នេះ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងនៅថ្ងៃទី ១២ ខែកុម្ភៈ។
លោក សុខៈបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ៣៥ ករណី នៅទូទាំងប្រទេស។ ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានអ្នករងរបួសចំនួន ៤១ នាក់ផងដែរ ទាំងរបួសធ្ងន់ និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជន និងខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។
លោកបានថ្លែងថា៖ «បញ្ហាចរាចរណ៍នៅតែជាកង្វល់ ដែលត្រូវពង្រឹងច្បាប់មិនអាចដើរថយក្រោយទេ។ បញ្ហានេះជារបៀបវារៈអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃ ក្នុងនោះមាន បញ្ហាគ្រឿងញៀន ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌនានា ករណីក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោក និងទឹក»។
លោក ទូច សុខៈ ថ្លែងថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានីខេត្ត ជាពិសេសកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ និងវិន័យកងកម្លាំង ហើយត្រូវខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ ២០២៤ នេះ ឱ្យមានប្រសិទ្ធភាព។
លោក គឹម បញ្ញា ប្រធានអង្គការមូលនិធិបង្ការរបួសអាស៊ី បានឱ្យដឹងនៅថ្ងៃទី ១២ ខែកុម្ភៈថា តាមរយៈទិន្នន័យនេះឃើញថា ចំនួនអ្នកស្លាប់បានកើនឡើងបើធៀបជាមួយនឹងឆ្នាំ ២០២៣ កន្លងទៅក្នុងរយៈពេលដូចគ្នា ខណៈអ្នករបួសមានការថយចុះ។
លោក គឹម បញ្ញា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរបួសនេះ គឺជាការព្រួយបារម្ភខ្ពស់សម្រាប់ឆ្នាំនេះ ដែលនៅឆ្នាំ ២០២៣ លោកមើលឃើញពីសញ្ញាវិជ្ជមានពីការថយចុះនៃចំនួនអ្នកស្លាប់ ខណៈទិសដៅនៅឆ្នាំ ២០២៤ នេះ ធ្វើយ៉ាងណា ឱ្យចំនួនអ្នកស្លាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍នេះថយចុះ ប៉ុន្តែតាមរយៈតួលេខនេះ បែរជាកើនឡើងទៅវិញ ទោះជានៅក្នុងពិធីបុណ្យមិនផ្លូវការក៏ដោយ។
លោក គឹម បញ្ញា បានថ្លែងថា៖ «ខ្ញុំនៅតែលើកទឹកចិត្តឱ្យបន្តជំរុញការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានជាប់លាប់ ទូលំទូលាយ និងម៉ឺងម៉ាត់ ទាំងថ្ងៃទាំងយប់ប្រកបដោយក្រមសីលធម៌ មានតម្លាភាព ស្មើភាពឱ្យបានត្រឹមត្រូវ ផ្តោតលើហានិភ័យ រួមទាំងនៅក្នុងអំឡុងពេលបុណ្យសំខាន់ៗនេះ ខណៈនៅក្នុងអំឡុងពេលនេះ ខ្ញុំឃើញពលរដ្ឋរបស់យើងមិនសូវជាគោរពច្បាប់ទេ»។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣ ៣១៧ លើក (យប់៥៥%) បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១ ៥៩០ នាក់ និងរបួសចំនួន ៤ ៥១៥ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ២ ៧៦៦ នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
មូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ កត្តាយានយន្ត និងស្រវឹង ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះ មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩%៕