រដ្ឋបាលខេត្តសៀមរាប ចាប់ផ្ដើមដំណើរការសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ទៅក្រុងសៀមរាប និងពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ការចាប់ផ្ដើមដំណើរការសាកល្បងនេះ ផ្អែកតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការធ្វើការដំណើររបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងការបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប។
រដ្ឋបាលខេត្តបន្តថា ចំពោះទីតាំងចំណតរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតេជោសែន ទៅក្រុងសៀមរាប គឺស្ថិតនៅផ្សារតំបន់រុនតាឯក ចាប់ពីម៉ោង៥កន្លះព្រឹក រហូតដល់ម៉ោង៦ល្ងាច។ ចំណែកទីតាំងចំណតរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែនវិញ ស្ថិតនៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច។
លោក លី វណ្ណៈ នាយករដ្ឋរដ្ឋបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈថា ក្នុងដំណើរការអនុវត្តសាកល្បងជាលើកដំបូងនេះ រដ្ឋបាលខេត្តបានផ្ដល់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១០គ្រឿង ហើយប្រសិនបើការអនុវត្តសាកល្បងនេះមានតម្រូវការប្រជាពលរដ្ឋជិះច្រើន រដ្ឋបាលខេត្តនឹងបន្ថែមរថយន្តក្រុងដឹកជញ្ជូនបន្តទៀត។
លោកបានបន្តថា ទោះបីបច្ចុប្បន្ននេះ អាជ្ញាធរខេត្ត បានដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈក៏ពិតមែន ប៉ុន្តែជាគោលដៅការផ្ដល់សេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈឥតគិតថ្លៃនេះ មិនកំណត់ពេលឡើយគឺនឹងផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជារៀងរហូត។
លោកបានថ្លែងថា៖ «តាមរាជរដ្ឋាភិបាល ការផ្ដល់សេវាដឹកជញ្ជូនឥតគិតថ្លៃនេះ ជាការលើកចិត្តប្រជាពលរដ្ឋដែលគាត់ស្ម័គ្រចិត្តលះបង់នូវធនធាន ដោយរើលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងតំបន់រុនតាឯក ដើម្បីរួមចំណែកកាត់បន្ថយការចំណាយធ្វើដំណើរមកសិក្សា ក៏ដូចជាមកប្រកបមុខរបរនៅទីក្រុង»។
ហេតុនេះហើយការផ្ដល់សេវារថយន្តក្រុងសាធារណៈនេះ ជាគោលបំណងសំខាន់បំផុត គឺចង់លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់រុនតាឯក តាមរយៈការផ្ដល់សេវាធ្វើដំណើរមកតំបន់ទីក្រុងដោយមិនគិតថ្លៃ។ នេះបើតាមការបន្ថែមរបស់លោក លី វណ្ណៈ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់ឱ្យដឹងដែរថា ការផ្ដល់សេវារថយន្តក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃនេះ គឺវាជារឿងល្អ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយលើសេវាធ្វើដំណើរមកតំបន់ទីប្រជុំជនក្នុងការប្រកបការងារ។ការផ្ដល់សេវាដែលសំខាន់ជាងនេះទៅទៀតនោះ គឺការដោះស្រាយសំណងសមរម្យជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅឋានរបស់ខ្លួនចេញពីតំបន់រមណីយដ្ឋានអង្គរ មកក្រុងរុនតាឯកតេជោសែន។
លោកថ្លែងបញ្ជាក់ថា៖ «ការគិតគូរសំណង និងការអភិវឌ្ឍ ក៏ដូចជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់នៅកន្លែងហ្នឹង គឺវាជារឿងសំខាន់ដែរ មិនមែនតែការផ្ដល់សេវាដឹកជញ្ជូនឥតគិតថ្លៃនោះទេ ពីព្រោះដើម្បីធ្វើឱ្យការប្រកបមុខរបររបស់គាត់ នៅតែអាចរកចំណូលបាន ដូចកន្លែងពីមុនដែរ»។
ទោះបីជាយ៉ាងណា លោកសង្ឃឹមថាអាជ្ញាធរខេត្តសៀមរាប ក្រៅពីផ្ដល់សេវាដឹកជញ្ជូនឥតគិតថ្លៃនេះ ក៏គួរតែមានការអភិវឌ្ឍក្រុងរុនតាឯកឱ្យមានសម្រស់ទាក់ទាញទេសចរ និងសកម្មភាពសេដ្ឋកិច្ចដូចក្រុងដទៃទៀតផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបង្កើតតំបន់រុនតាឯក ឱ្យទៅជាក្រុងរុនតាឯកតេជោសែន ដើម្បីធ្វើការអភិវឌ្ឍជូនប្រជាពលរដ្ឋដែលមានលំនៅឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានស្ម័គ្រចិត្តទៅរស់នៅក្នុងតំបន់នោះ ដោយបានផ្តល់ផ្ទះ និងដីសម្រាប់ធ្វើកសិកម្មជាដើម៕