កណ្ដាលៈ​អាជ្ញា​ធរ​ខេត្ត​កណ្ដាល​បាន​ប្រកាស​ក្រុង​-​ស្រុក​ទាំង​ ១៣ នៃ​ខេត្ត​នេះ​ជា​ក្រុង​-​ស្រុក ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់ ​(ODF+)​ទាំង​ស្រុង​​បន្ទាប់​ពី​ទទួល​បាន​លទ្ធ​ផល​ពី​ការ​ចុះ​ផ្ទៀង​ផ្ទាត់​ ដោយ​ក្រុម​ការងារ​ផ្ទៀង​ផ្ទាត់​ODF+ ថ្នាក់​ខេត្ត​។​

ការ​ប្រកាស​ទទួល​ស្គាល់​នេះ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ប្រជុំ​ឆ្លុះ​បញ្ចាំង​ស្តីពី​លទ្ធ​ផល​ផ្ទៀង​ផ្ទាត់​ស្ថា​នភាព​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់​ (ODF+)ក្រុង​-​ស្រុក​នៃ​ខេត្ត​កណ្តាល​ ក្រោម​វត្តមាន​លោក​ គង់ សោ​ភ័ណ្ឌ​ អភិ​បាល​ខេត្ត​កណ្ដាល​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​រដ្ឋ​បាល​ខេត្ត​កណ្ដាល​នៅ​ថ្ងៃទី​១២​ ខែកុម្ភៈ​ឆ្នាំ​២០២៤​។

​លោក​ឌឹម​ បូរ៉ា អភិបាល​រង​ខេត្ត​កណ្ដាល​ បាន​ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃទី​១៣​ ខែកុម្ភៈ​ថា​ ពេល​នេះ​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង ​១៣​នៃ​ខេត្ត​កណ្តាល ​សម្រេច​បាន​ជា​ក្រុង​-​ស្រុក​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់​ (ODF+)ទាំង​ស្រុង​ហើយ​ដោយ​ផ្អែក​លើ​លទ្ធ​ផល​នៃ​ការ​ចុះ​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការងារ​ផ្ទៀង​ផ្ទាត់​ ODF+ថ្នាក់​ខេត្ត​។

​លោក​បាន​បន្ត​ថា​៖ «​ខេត្ត​កណ្ដាល​រង់​ចាំ​តែ​ការ​ប្រកាស​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បន្ត​ទៀត​​ពីព្រោះ​មុន​នឹង​សម្រេច​បាន​ជា​ក្រុង​-​ស្រុក​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់​ (ODF+) កន្លង​មក​ ខេត្ត​នេះធ្លាប់​ត្រូវបាន​ក្រសួង​ប្រកាស​រួច​មក​ហើយ​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោ​បង់​ពា​សវាល​ពាស​កាល ​(ODF)»​។

​លោក​បាន​បញ្ជាក់​ថា​៖ «​អ្វី​ដែល​យើង​កំពុង​សម្រេច​បាន​នេះ ​ជាការ​បញ្ចប់​ការ​បន្ទោប​ង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់​ដោយ​បន្ថែម​ទៅ​លើ​គុណ​ភាព​សោ​ភណភា​ពនិង​អនា​ម័យ​មួយ​កម្រិត​ទៀត ​ដែល​ខេត្ត​យើង​ធ្លាប់​ទទួល​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​»​។​

​ការ​សម្រេច​បាន​ជា​ក្រុង​-​ស្រុក ​ODF+ នេះ​ដែរ​ គឺត្រូវធ្វើ​យ៉ាង​ណា​ឱ្យ​នៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ សាលា​ក្រុង មណ្ឌល​សុខ​ភាព​ សា​លា​រៀន វត្ត​អារាម​ ហ្គា​រ៉ា​ស់​សាំង​ អាហា​រដ្ឋា​ន ​ប៉ុស្តិ៍​នគរ​បាល ​និង​សាលា​សង្កាត់ ជា​ដើម ត្រូវ​មាន​បង្គន់​អនា​ម័យ​ប្រើ​ប្រាស់​បាន​ត្រឹម​ត្រូវ​មាន​ភាព​ស្អាត ​មិន​មាន​ក្លិន​ មាន​ទឹក​ និង​សាប៊ូ​ ប្រើ​ប្រាស់​បាន​គ្រប់​គ្រាន់​។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក ​ឌឹ​ម បូរ៉ា​។​

​ដោយ​ឡែក​លោក​ពិត​ ករុណា​ អ្នកនាំ​ពាក្យ​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​បាន​ឱ្យ​ដឹង​ដែរ​ថា មក​ទល់​ពេល​នេះ​ មាន​រាជ​ធានី​ខេត្ត​ចំនួន​២ ដែល​បាន​ទទួល​ការ​វាយ​តម្លៃ​ ក្នុងការ​សម្រេច​បាន​ជា​ក្រុង​-​ស្រុក ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់​ (ODF+)​នេះ​។​

​លោក​ថា ​ក្នុង​នោះ​មាន​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល​ដោយ​រង់​ចាំតែ​​ថ្ងៃ​ប្រកាស​ប៉ុណ្ណោះ​ពីព្រោះ​ក្រសួង​បាន​វាយ​តម្លៃ​រួច​រាល់​ហើយ​ជា​រាជ​ធានី​-​ខេត្ត​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់ ​(ODF+)​។

​លោក​បាន​ប្រាប់​ថា​៖ «​ការ​វាយ​តម្លៃ​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​កម្រិត​ខ្ពស់​នេះ គឺ​យើង​ផ្ដោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​បង្គន់​អនា​ម័យ​។ជាក់​ស្ដែង​ដូចជា​រាជ​ធានី​ភ្នំពេញ ​និង​ខេត្ត​កណ្ដាល​គឺ​មនុស្ស ១​ នាក់​ មាន​បង្គន់​អនាម័យ​ ១ ​ដោយ​មិន​ប្រើ​រួម​ដូច​នៅ​ជន​បទ​​ឡើយ​»​។​

​បើ​តាម​លោក​ពិត​ ករុណា​ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​អនា​ម័យ​ហើយ​ក្រសួង​ក៏​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជន​បទ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជន​បទ​ទទួល​បាន​ទឹក​ស្អាត​ក្នុង​ការ​ប្រើ​ប្រាស់​។

​លោក​បាន​បន្ថែម​ថា​ ជា​ពិសេស​ឆ្នាំ​នេះ​ ក្រសួង​បាន​ដាក់​វិស័យ​ទាំង២ ​ជា​អាទិ​ភាព​សម្រាប់​ការ​អនុវត្ត​ ដើម្បី​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់និង​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​បាន​ ១០០​ ភាគ​រយ​ត្រឹម​ឆ្នាំ​២០២៥​។​


​សូម​បញ្ជាក់​ថា កន្លង​មក​ក្រសួង​អភិ​វឌ្ឍន៍​ជន​បទបាន​ប្រកាស​ខេត្ត​ចំនួន ​៦ ជា​ខេត្ត​បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល ​(ODF)ក្នុង​នោះ​រួម​មាន​​ ខេត្ត​ស្វាយ​រៀង ​ព្រៃ​វែង កណ្តាល ​កំពង់​ស្ពឺ កំពង់​ឆ្នាំង និង​ខេត្ត​កែប​៕