សៀមរាបៈអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹង ថាអ្នកទេសចរ នឹងបានដើរកម្សាន្តលើផ្លូវក្នុងព្រៃធម្មជាតិដែលស្ថិតនៅក្នុងសួនរុក្ខជាតិអង្គរក្នុងរយៈពេល ៦ ខែ ខាងមុខទៀត ខណៈបច្ចុប្បន្នផ្លូវនេះ ស្ថាបនាសម្រេចបានជិត ៩០ ភាគរយហើយ។
លោក ឡុង កុសល បានឱ្យដឹងនៅថ្ងៃទី ១៣ ខែកុម្ភៈថា អាជ្ញាធរជាតិអប្សរាកំពុងលើកផ្លូវនៅក្នុងព្រៃធម្មជាតិក្នុងសួនរុក្ខជាតិអង្គរដើម្បីបង្កើតជាគោលដៅទេសចរណ៍ថ្មីមួយទៀត នៅកណ្ដាលក្រុងសៀមរាប ខណៈមានទេសចរជាច្រើនចូលចិត្តដើរកម្សាន្តតាមបែបធម្មជាតិ ហើយផ្លូវនេះ គ្រោងនឹងដាក់ឱ្យដើរកម្សាន្តក្នុងរយៈពេល ៦ ខែទៀត។
លោកបានប្រាប់ថា៖«បើគិតមកដល់ពេលនេះ វឌ្ឍនភាពនៃការរៀបចំផ្លូវសម្រេចបានប្រហែលជិត ៩០ ភាគរយហើយ ហើយផ្លូវនេះយើងរៀបចំឱ្យដើរក្នុងធម្មជាតិតែម្តង ដូច្នេះយើងកំពុងរៀបចំឱ្យមានលក្ខណៈងាយស្រួល និងមានសុវត្ថិភាពសម្រាប់អ្នកទេសចរ»។
លោកបញ្ជាក់បន្ថែមថា អ្នកទេសចរនឹងអាចដើរកម្សាន្តលើផ្លូវនៅក្នុងព្រៃនៅតំបន់អង្គរ ដែលមានទំហំ ១៥០ ហិកតា ដោយចាប់ផ្តើមពីខ្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិណ្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត។
តាមរយៈផ្លូវនេះ មិនត្រឹមតែអាចឱ្យទេសចដើរកម្សាន្ត និងស្វែងយល់ពីជីវៈចម្រុះនៅក្នុងព្រៃក្នុងក្រុងអង្គរប៉ុណ្ណោះទេ តែអាជ្ញាធរជាតិអប្សរា ក៏រំពឹងថា ផ្លូវនេះនឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតដែលជំរុញឱ្យមានកំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជា ពិសេសទេសចរបែបសុខភាព។
ជុំវិញរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ ខែកុម្ភៈ បានប្រកាសនៅលើហ្វេសប៊ុករបស់លោកដែរថា ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ។
លោកថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍ សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែបដើម្បីបំពេញតម្រូវការនិងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។
ជាងនេះទៀត លោកថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤-Visit Siem Reap 2024» ដោយផ្តោតលើការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។
លោក ហូ វណ្ឌឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមទេសចរណ៍កម្ពុជា ថ្លែងថា ការស្ថាបនាឱ្យមានផ្លូវថ្មើរជើង នៅក្នុងព្រៃនៅតំបន់មហាឧទ្យានអង្គរ ដែលជាទីតាំងប្រវត្តិសាស្ត្រសម្រាប់អ្នកទេសចរគឺពិតជាសំខាន់ណាស់ ព្រោះបានបង្ហាញពីទិដ្ឋភាពដ៏មានសក្តានុពលសម្រាប់អ្នកធ្វើដំណើរកម្សាន្តអាចមានជម្រើសច្រើន។
លោកបានបញ្ជាក់ថា៖«ការមានផ្លូវថ្មើរជើងនេះនឹងអាចផ្តល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ព្រោះថាអាចជួយពន្យារពេលភ្ញៀវទេសចរឱ្យស្នាក់នៅកាន់តែយូរអាចឱ្យពួកគាត់ស្វែងយល់ពីតំបន់អង្គរឱ្យកាន់តែខ្លាំង ពិសេសអាចឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវដង្ហើមតាមរយៈការលំហាត់ប្រាណដោយការធ្វើដំណើរនៅក្នុងព្រៃនេះ ជាដើម»៕