លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ មកកាន់ប្រទេសកម្ពុជានាពេលនេះ នឹងចូលរួមចំណែកមួយដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំង២ កម្ពុជា-អាល្លឺម៉ង់ ដែលមានតាំងពីយូរមកហើយនោះឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើង។
លោកស្រីថ្លែងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ដែលដឹកនាំដោយ លោក ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) និងសហការី នាវិមានរដ្ឋសភា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឱកាសដែលគណៈប្រតិភូអាល្លឺម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបនេះថា គណៈប្រតិភូអាល្លឺម៉ង់ បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលពីមុនធ្លាប់តែដឹងថា កម្ពុជាឆ្លងកាត់នូវសង្គ្រាមដ៏រ៉ាំរ៉ៃ តែពេលនេះបែរជាកម្ពុជារីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបានថ្លែងថា ៖ «ភាគីទាំង២ បានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភានៃប្រទេសទាំង២ផងដែរ ដោយនឹងធ្វើការផ្លាស់ប្តូររវាងក្រុមរដ្ឋសភានៃប្រទេសទាំង២ ការជំរុញការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំ ក៏ដូចជាកម្រិតគណៈលេខាធិការដ្ឋានផងដែរ»។
លោកស្រី ឃួន សុដារី បានលើកឡើងតាមរយៈហ្វេសប៊ុកដែរថា អាល្លឺម៉ង់ជាដៃគូសំខាន់មួយដើម្បីកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់សម្បូរសប្បាយឡើង។
លោកស្រីបានបញ្ជាក់ថា៖«នៅក្នុងអាណត្តិទី៧នេះ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគ្នាដោយឆន្ទៈមោះមុតយកពលរដ្ឋជាស្នូល ធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ធ្វើយ៉ាងណាអភិវឌ្ឍប្រទេសជាតិឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
លោកស្រីក៏បានលើកឡើងពីការជួយគាំទ្រកម្ពុជាពីប្រទេសអាល្លឺម៉ង់ ជារៀងរហូតមក ហើយលោកស្រីបានចាត់ទុកប្រទេសអាល្លឺម៉ង់ជាដៃគូពិសេសមួយ ដែលនឹងបន្តចូលរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
បើតាមលោកស្រី ឃួន សុដារី ចាប់តាំងពីឆ្នាំ១៩៩២ អាល្លឺម៉ង់ បានផ្តល់ជំនួយឥតសំណងប្រមាណ ៨៤៣.៦ លានដុល្លារ ដល់កម្ពុជា និងចំនួន៣៥ លានដុល្លារ ជាឥណទានសម្បទាន ហើយគិតជាមធ្យមជំនួយរបស់មិត្តអាល្លឺម៉ង់មកកម្ពុជា មានចំនួនប្រមាណ ៣៨ លានដុល្លារក្នុង ១ ឆ្នាំ។
ចំណែក ចូហាន់ ស្ទីងនីហ្គ័រ ក៏បានលើកឡើងនាជំនួបនោះដែរថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ដោយឡែក នៅថ្ងៃដដែលនោះដែរ លោកស្រី ឃួន សុដារី ក៏បានជួបពិភាក្សាការងារជាមួយនឹងលោក ធីប័រ បាឡូកឌី (TibrBaloghdi)ឯកអគ្គរដ្ឋទូត ហុង គ្រី ប្រចាំកម្ពុជា ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា ភាគីទាំង២បានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទាំង២ ដែលមានតាំងពីយូរលង់មកហើយ ដែលមិនត្រឹមតែផ្តល់នូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំង២ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុខសន្តិភាព និងស្ថិរភាពសង្គមដល់ប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោកផងដែរ។
នាជំនួបនោះ លោក ធីប័រ បាឡូកឌី បានអញ្ជើញលោកស្រី ឃួន សុដារី ទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ក្នុងពេលវេលាសមស្របណាមួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងហុងគ្រីឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ជាការឆ្លើយតប លោកស្រី ឃួន សុដារី បានទទួលយកសំណើនេះផងដែរ។
សូមបញ្ជាក់ដែរថា ប្រទេសហុងគ្រី ជាមិត្តដ៏ល្អដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ១៩៧៩ ដោយបានជួយកម្ពុជាលើគ្រប់វិស័យ ទាំងសង្គមកិច្ច អប់រំ កសិកម្ម និងពាណិជ្ជកម្ម ហើយក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ ប្រទេសហុងគ្រី បានផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជាជាច្រើនផងដែរ៕