ភ្នំពេញៈ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺ​អេដស៍​កម្ពុជា (AHF) នឹង​ប្រារព្ធ​​ទិវា​ស្រោម​អនាម័យ​អន្តរ​ជាតិ​ឆ្នាំ​២០២៤ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ​ដើម្បី​លើក​កម្ព​ស់​ពី​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យដល់​យុវជន ក៏​​ដូ​ច​​ជា​លើក​​ទឹក​​ចិត្ត​​ទាំង​អស់​គ្នា​​ឱ្យ​ចាប់ផ្ដើម ឬ​នៅ​តែ​បន្ត​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជាប់​ជា​ប្រចាំ​។

​ AHF ក៏បាន​​រៀប​ចំ​ធ្វើ​តេស្ត​ឈា​ម​រក​មេរោគ​អេដស៍ ចែក​ស្រោម​អនាម័យ​ដោយ​ឥត​គិតថ្លៃ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅ​​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​​ ហើយនៅថ្ងៃទី​១៦ ខែកុម្ភៈ ក៏មាន​រៀប​ចំ​កម្មវិធី​រំឭក​ទិវា​ស្រោម​អនាម័យ​អន្តរ​ជាតិ នៅ​សាកលវិទ្យាល័យ​បៀល​ប្រាយខេត្ត​បាត់ដំបងផងដែរ​ ដើម្បី​លើក​កម្ពស់​ពី​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ លើក​ទឹក​ចិត្ត​ទូទាំង​ពិភពលោក ​ឱ្យ​ចាប់​ផ្តើម ឬ​នៅតែ​​បន្ត​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជាប់​ជា​ប្រចាំ​។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​អង្គការ AHF ​​បាន​ឱ្យដឹ​ង​ទៀត​ថា ទិវា​ស្រោម​អនាម័យ​អន្តរ​ជាតិ​នេះ តែង​តែ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី១​៣ ខែ​កុម្ភៈ ដែល​ជា​ទិវា​ស្រោម​អនាម័យ​អន្តរ​ជាតិ​ផ្តល់​ឱ្យ​មនុស្សជុំ​​វិញ​ពិភព​លោក​នូវ​ឱកាស​ទទួល​បាន​ស្រោម​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ និង​ព័ត៌មាន​សំខាន់ៗ​ពី​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ត្រឹម​ត្រូវ និង​បញ្ហា​សុ​ខភាព​ផ្លូវ​ភេទ​ផ្សេង​ទៀត​។

នា​ទិវា​ឆ្នាំ​នេះ​ដែរ គឺ​ជំរុញ​ឱ្យម​នុស្ស​ជុំ​វិញ​ពិភព​លោក​ចង​ចាំ​ថា ​ស្រោម​អនាម័យ​អាច​ជួ​យ​សង្គ្រោះ​ជីវិត ហើយ​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ការ​ពារ​មេរោគ​អេដស៍​ សម្រាប់​ការ​ឆ្លង​តាម​ការ​រួម​ភេទ​ផ្សេងៗ និង​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោង​ទុក​។ ​

លោក​ ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ AHF បាន​ឱ្យដឹង​​ថា ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​មួយ​គូ​ស្នេហ៍​របស់​ខ្លួន គឺ​ជា​ការ​បង្ហាញ​នៃ​ក្ដី​ស្រឡាញ់ និង​សុវត្ថិភាព​ដែល​មាន​ទំនួល​ខុស​ត្រូវ ដើម្បី​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​។

លោក​​បន្ថែម​ថា​៖ «យើង​សូម​អំពាវ​នាវ​ឱ្យមា​ន​ការ​ផ្គត់​ផ្គង់​ស្រោម​អនាម័យ​ដែល​មាន​តម្លៃ​សមរម្យ​ និង​អាច​រក​បាន​គ្រប់​ទី​កន្លែង​ទូទាំង​ពិភព​លោក​»​។

ជា​មួយ​គ្នា​នេះ លោកស្រី ហួយ ស៊ីខេង ប្រធាន​គ្រប់​គ្រង​កម្មវិធី​ប្រចាំ​ប្រទេស​អង្គការ​​ AHF ក៏​បានឱ្យដឹងដែរថា​ ការ​​ការ​ពារ គឺ​ជា​គន្លឹះ​ក្នុង​​ទំនាក់​ទំនង​សុខភាព​ផ្លូវ​ភេទ ដូច្នេះ​នា​ទិវា​ស្រោម​អនាម័យ​អន្តរ​ជាតិ សូម​រីករាយ​ក្នុង​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន ដើម្បី​សុវត្ថិភាព​។

លោក​ស្រី​ថ្លែង​បញ្ជាក់​ថា​៖ «​យើងទាំ​ង​អស់​គ្នា​ចូល​រួម​រីករាយ​នា​ថ្ងៃ​ទិវា​ស្រោម​អនាម័យ​អន្តរ​ជាតិ​នេះ និង​សូម​ជូន​ពរ​គ្រប់​គ្នា​ឱ្យ​ជួប​តែ​សេចក្ដី​សុខ និង​សុវត្ថិភាព​។ សូម​ជួយ​ផ្សព្វ​ផ្សាយ​អំពី​សារៈ​សំខាន់​នៃ​ការ​ការ​ពារ​ដែល​មាន​តែ​ស្រោម​អនា​ម័យ អាច​ធ្វើ​ឱ្យ​អ្នក និង​ដៃ​គូ​របស់​អ្នក​មាន​សុខភាព​ល្អ​»​។

​សូម​​រំឭក​ផង​ដែរ​ថា AHF គឺ​ជា​អង្គការ​ពិភព​លោក​ដ៏​ធំ​បំផុត​ដែល​បាន​និង​កំពុង​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ដោយ​មិន​គិត​ពី​លទ្ធភាព​នៃ​ការ​បង់​ប្រាក់ ដល់​អតិថិជន​ជាង ១,៩លាន​នាក់​ក្នុង ៤៦​ប្រទេស​ជុំ​វិញ​ពិភព​លោក មាន​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក អា​ហ្វ្រិក អាមេរិក​ឡា​ទីន ការ៉ាបៀន តំបន់អា​ស៊ី ប៉ាស៊ី​ហ្វិក និង​អឺរ៉ុប​៕