ភ្នំពេញៈ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានត្រៀមដាក់ចេញនូវយុទ្ធនាការសម្អាតបឹងទន្លេសាប នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ សំដៅឈានទៅការពារធនធានត្រីនៅក្នុងបឹងទន្លេសាប ដើម្បីឈានទៅលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា។
លោកបានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយនឹងកញ្ញា អ៊ីដា ក្រាចា (Eda Kraja) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-ឡាវនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន ចុះថ្ងៃទី១៣ ខែកុម្ភៈ។
លោក អ៊ាង សុផល្លែត បានលើកឡើងថា ដោយមើលឃើញថា ត្រីជាប្រភពអាហារូបត្ថម្ភដ៏សំខាន់និងដើម្បីការពារនូវប្រភពទ្រទ្រង់សុខភាពប្រជាពលរដ្ឋ ក្រសួងបានត្រៀមដាក់ចេញនូវយុទ្ធនាការសម្អាតបឹងទន្លេសាប ពីថ្ងៃទី១ ខែមីនា ខាងមុខនេះ។
លោកបញ្ជាក់ថា៖«ការត្រៀមដាក់ចេញនូវយុទ្ធនាការនេះ គឺធ្វើឡើងបន្ទាប់ពីយើងទទួលបានជោគជ័យក្នុងជំហានទី១នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាង៤លាននាក់»។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានអះអាងពីភាពជោគជ័យនៃការប្រែប្រួលឥរិយាបថរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរៀបចំទុកដាក់សំរាម និងការបែងចែកសំរាមបានត្រឹមត្រូវដើម្បីធានាបាននូវភាពស្អាតក្នុងសហគមន៍មូលដ្ឋានផងដែរ។
លោកថា៖«ជាមួយភាពស្អាតដែលកើតចេញពីសាមគ្គីភាព និងកម្លាំងនៃការរួបរួមចិត្តជាធ្លុងមួយនេះ នឹងធ្វើឱ្យកម្ពុជាស្អាតគឺទាំងនៅលើគោក ក្នុងទឹក និងអាកាស ហើយមរតកស្អាតនឹងបន្តទៅអ្នកជំនាន់ក្រោយហើយសាយភាយទៅប្រទេសជុំវិញក្នុងតំបន់អាស៊ី»។
ក្នុងឱកាសនោះដែរ កញ្ញា អ៊ីដា ក្រាចា ក៏បានលើកឡើងពីវត្ថុបំណងនៃជំនួបគឺដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។
លើសពីនេះកញ្ញាក៏ចង់ស្វែងយល់បន្ថែមពីការងារអាទិភាពដើម្បីផ្សារភ្ជាប់ជាមួយគម្រោងជាសកលផ្សេងៗទៀត របស់ UNOPS តាមរយៈការសម្របសម្រួលគម្រោងការងារជាមួយដៃគូជាច្រើនដូចជា មូលនិធិអាកាសធាតុបៃតង(GCF), ភាពជាដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌលអាកាសធាតុទីក្រុងCopenhagen។
ទាក់ទងនឹងយុទ្ធនាការសម្អាតបឹងទន្លេសាបនេះដែរ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានថ្លែងនៅថ្ងៃទី១៣ ខែកុម្ភៈថា លោកបានដឹកនាំសហគមន៍ចំនួន៤ ដែលមានជាង២០ភូមិ ចូលរួមធ្វើសកម្មភាពក្នុងយុទ្ធនាការសម្អាតសំរាមប្លាស្ទិកនៅបឹងទន្លេសាបចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។
លោក សុផល បានបន្តថា៖«ការប្រកាសថា នឹងដាក់ចេញយុទ្ធនាការសម្អាតបឹងទន្លេសាបនេះឡើង គឺបង្ហាញពីការគាំទ្រនូវចលនាយុទ្ធនាការរបស់សហគមន៍ក្នុងយុទ្ធនាការសម្អាតសំរាមប្លាស្ទិកនៅបឹងទន្លេសាប ពិសេសតំបន់ជុំវិញបឹងទន្លេសាប ហេតុនេះខ្ញុំសង្ឃឹមថា នៅពេលបិទយុទ្ធនាការនៅខែមិថុនា ខាងមុខនេះ នឹងមានវត្តមានរដ្ឋមន្រ្តីក្រសួងបរិស្ថានចូលរួមផងដែរ»។
បន្ថែមពីនេះ លោករំពឹងថា ការដាក់ចេញនូវចលនាយុទ្ធនាការសម្អាតបឹងទន្លេសាបរបស់ក្រសួង នឹងជំរុញឱ្យសហគមន៍កាន់តែមានម្ចាស់ការក្នុងការចូលរួមសម្អាតបរិស្ថានកាន់តែទូលំទូលាយ ពិសេសឈានទៅកាត់បន្ថយសំរាមប្លាស្ទិកនៅតំបន់ជុំវិញបឹងទន្លេសាបកាន់តែខ្លាំងថែមទៀត។
ក្រសួងបរិស្ថាន ក៏ធ្លាប់បានបង្ហាញដែរថា ការសម្អាតសំរាម សំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន និងនៅទូទាំងសកលលោក ពីព្រោះថា បរិស្ថាននៅជុំវិញគ្រប់គ្នា ហើយឥតដែនកំណត់នោះទេ។
យោងតាមក្រសួងបរិស្ថាន កម្ពុជាមានសំណល់ប្លាស្ទិកប្រមាណជិត ៤០ ពាន់តោន បានបង្កឱ្យមានភាពកខ្វក់ទៅក្នុងទន្លេ ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងសម្រាប់មនុស្ស សត្វ៕