កោះកុងៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានស្នើសុំក្រសួងបរិស្ថាន ឱ្យគាំទ្រចំពោះការរៀបចំមជ្ឈមណ្ឌលសមាធិ ១ កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិលក្នុងគោលបំណងលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនានិងធម្មជាតិ។
លោកស៊ីណានបានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី ១២ ខែកុម្ភៈ។ លោកបានប្រាប់បន្ថែមនៅថ្ងៃទី ១៣ ខែកុម្ភៈថា សម្រាប់គម្រោងរៀបចំកន្លែងសមាធិនេះ សមាគមរបស់លោកនៅរង់ចាំការឆ្លើយតបពីក្រសួងប៉ុណ្ណោះព្រោះក្រសួងកំពុងពិនិត្យមើលលើការស្នើសុំនេះ។
លោកប្រាប់ថា៖ «អ៊ីចឹង! នៅពេលដែលក្រសួងអនុញ្ញាតនៅពេលណា យើងចាប់ផ្តើមភ្លាមហើយផែនការហ្នឹង យើងគ្រោងធ្វើនៅលើផ្ទៃដីទំហំ ១៨ ហិកតា នៅស្ទឹងពពក។ យើងកំពុងតែរង់ចាំក្រសួង សម្រាប់ខាងខ្ញុំគឺយើងបានត្រៀមរៀបចំរួចរាល់អស់ហើយ»។
លោកថា គម្រោងនេះ លោកនឹងដឹកនាំរៀបចំដោយផ្ទាល់រួមជាមួយនឹងកូនសិស្សដែលរៀនសមាធិ និងស្រឡាញ់ គោរពព្រះពុទ្ធសាសនាជាមួយគ្នា។
យោងតាមហ្វេសប៊ុកក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត លើកឡើងថា គម្រោងគោលដៅលម្ហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូលជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ជូនក្នុងតំបន់ ការលក់ដូរផលិតផលក្នុងស្រុក ដើម្បីឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ និងឯករាជភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួមពីប្រជាសហគមន៍ និងមានភាពសុខដុមរមនានៅក្នុងសហគមន៍។
លោករដ្ឋមន្ត្រីថ្លែងទៀតថា៖ «ការគិតគូរលើកកម្ពស់ជីវភាពសហគមន៍ និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋាន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបំបែកចេញ ពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨»។
លោក អ៊ាង សុផល្លែត ក៏បានជំរុញឱ្យមានការគិតគូរបន្ថែមទៀតលើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ដែលកើតចេញពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មានសម្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។ «ភាពស្អាតរបស់ប្រជាសហគមន៍ដែលកើតចេញពីភាពស្អាត ភាពបៃតង និងចីរភាពដែលជាការងារអាទិភាពចម្បង របស់ក្រសួងបរិស្ថានក្នុងបេសកកម្មធ្វើឱ្យកម្ពុជាមានភាពស្អាតនៅជុំវិញខ្លួនយើង»៕