ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា អភិបាលកិច្ច គឺជាស្នូលធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នេះ ខណៈរាជរដ្ឋាភិបាលបានបង្កើតយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាពទៅដល់ពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ក៏បានស្នើទៅដល់ក្រសួងស្ថាប័នរដ្ឋទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច ជាការចាប់កំហុស តែជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារ និងបានជំរុញឱ្យច្បាប់ស្ដីពីអធិការកិច្ចចេញជារូបរាងឱ្យបានឆាប់នៅក្នុងឆ្នាំ ២០២៤ នេះ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាល អាណត្តិទី៧ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណក៏ដូចជាយុទ្ធសាស្ត្រចតុកោណកន្លងទៅស្នូលធំបំផុត គឺអភិបាលកិច្ច ដែលយើងត្រូវរៀបចំផ្ទះយើងឱ្យស្អាតមុននឹងចេញទៅមើលផ្ទះគេ។ ក្នុងន័យនេះក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ដើម្បីបញ្ជាក់ពីការពង្រឹងកិច្ចការអភិបាលកិច្ចនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
លោកបានបន្តថា៖ «បើរដ្ឋមិនទាន់គ្រប់គ្រងខ្លួនឯងបានទេសួរថា តើរដ្ឋអាចទៅធ្វើអ្វីបាន។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ»។
ការកំណែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិគឺជាកិច្ចការសំខាន់ ហើយការងារតាមដានត្រួតពិនិត្យ គឺជាគោលការណ៍ស្នូលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគោលការណ៍ស្នូល គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
លោកបញ្ជាក់ថា៖ «ដើម្បីសម្រេចបានការងារនេះ ការតាមដាន ការសង្កេត ការស្រាវជ្រាវ ឬដំណើរការនៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ និងវិនិច្ឆ័យរកគុណសម្បត្តិ គុណវិបត្តិដើម្បីកែលម្អឱ្យកាន់តែប្រសើរគឺជាការចាំបាច់ ដែលក្នុងនោះកិច្ចការអធិការកិច្ច គឺត្រូវធ្វើដោយមានប្រសិទ្ធភាពបំផុត និងប្រទាក់ក្រឡា»។
នាឱកាសនោះដែរលោកនាយករដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងដែរថា អភិក្រមទាំង ៥ របស់រាជរដ្ឋាភិបាល (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) ដែលការងារអធិការកិច្ចគឺជួយទៅលើអភិក្រមទាំងនេះ ដើម្បីជួយពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកថា៖ «អ៊ីចឹង ខ្ញុំសុំឱ្យអង្គភាព ស្ថាប័នទាំងអស់កុំចាត់ទុកការងារអធិការកិច្ចគឺជាការងារចុះចាប់នោះ តែជាការជួយគ្នា។ ការតាមដានត្រួតពិនិត្យគឺជាកត្តាក្នុងការធានាប្រសិទ្ធភាពការងារផែនការដែលរៀបចំមកកំណត់ទិសដៅសម្ភារមួយចំនួន ប៉ុន្តែពេលអនុវត្តមិនដែលល្អតាមផែនការដាក់ចេញទេ ដូចនេះហើយទើបវាទាមទារឱ្យមានការតាមដានត្រួតពិនិត្យ វាយតម្លៃជាប់ជាប្រចាំ»។
ជាមួយគ្នានោះដែរលោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងអធិការកិច្ចពិនិត្យពង្រឹងការងារ ៣ គឺធនធានមនុស្ស យន្តការការអនុវត្តការងារ និងបទដ្ឋានគតិយុត្ត ដោយត្រូវយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សនៅក្នុងវិស័យអធិការកិច្ច។
លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងជំរុញការបង្កើតច្បាប់ស្ដីពីអធិការកិច្ចឱ្យចេញជារូបរាងនៅក្នុងឆ្នាំ ២០២៤ នេះឱ្យបានលឿនព្រោះច្បាប់នេះជាគោលធំ សម្រាប់អនុវត្តនៅតាមក្រសួងស្ថាប័ន។
លោកបញ្ជាក់ថា៖ «ព្រោះជំនាញអធិការកិច្ចរបស់យើងនៅតាមក្រសួងស្ថាប័នមិនមានអីជាគោលរួមទេគឺយកផ្អែកទៅតាមជំនាញដូចខាងកសិកម្ម យកតាមច្បាប់មួយចំនួនរបស់កសិកម្ម និងខាងផ្នែកផ្សេងៗតាមច្បាប់់មួយចំនួន ដោយអត់មានអ្វីជាគោលនោះទេ។ ខ្ញុំគិតថា រៀបចំច្បាប់នេះចេញជាគោល នោះនឹងអាចដោះស្រាយបញ្ហាបានច្រើន»។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងក្នុងពិធីបិទសន្និបាតនេះថា ក្រសួងបានអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនតាមរយៈរូបភាពចំនួន ៣ គឺ៖ ចូលរួមជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ ស្ថាប័ននានា, ចាត់តាំងមន្ត្រីអធិការកិច្ច ចុះអធិការកិច្ចនៅតាមក្រសួងស្ថាប័ន ដែលបានស្នើសុំ និងចាត់តាំងមន្ត្រីអធិការកិច្ចចុះត្រួតពិនិត្យនៅតាមក្រសួងស្ថាប័ននានា ដែលមានបញ្ហាប្រឈម។
លោកក៏បានលើកឡើងដែរថា មានទស្សនៈខុសឆ្គងមួយចំនួនបានលើកឡើងលើការងារអធិការកិច្ចដោយយល់ច្រឡំថា ការធ្វើអធិការកិច្ចគឺជាការងារដែលចាំតែចាប់កំហុស, ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អង្គភាពខ្លួន,ការធ្វើឱ្យបែកបាក់សាមគ្គីភាពផ្ទៃក្នុង និងចុងក្រោយគឺនាំការរំខានដល់ការងារអង្គភាពរងរបស់អធិការកិច្ច។
លោក ហួត ហាក់ បញ្ជាក់ថា៖ «ក្រសួងបានរកឃើញអង្គភាពមួយចំនួននៅមានចំណុចខ្វះខាតខ្លះៗដូចជា ការអនុវត្តការងារខ្លះមិនទាន់គ្រប់ជ្រុងជ្រោយតាមសមត្ថកិច្ចរបស់ខ្លួន, ការប្រើប្រាស់ថវិកាមិនទាន់បានសមស្របតាមគោលការណ៍ហិរញ្ញវត្ថុ, ការប្រមូលចំណូលមិនមែនជាសារពើពន្ធ និងចំណូលសារពើពន្ធមិនទាន់អស់លទ្ធភាព»។
លោកបន្តថា៖ «ក្រសួងស្ថាប័ន និងអង្គភាពមួយចំនួនមានបំណុលរ៉ាំរ៉ៃជាច្រើនដែលអតិថិជននៅជំពាក់, ការផ្តល់សេវាសាធារណៈជូនអតិថិជននៅមានកម្រិត, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋមិនទាន់បានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាល»។
ទាក់ទងនឹងការងារទទួលពាក្យបណ្តឹង អង្កេត និងដោះស្រាយពាក្យបណ្តឹង លោក ហួត ហាក់ បានលើកឡើងថា ក្រសួងបានទទួលពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋានដែលភាគច្រើនជារឿងទំនាស់ទាក់ទងនឹងដីធ្លី ដែលសំណុំរឿងទាំងនេះមានប្រភពមកពីរដ្ឋសភា ព្រឹទ្ធសភា ប្រមុខរាជរដ្ឋាភិបាល និងមួយចំនួនទៀតដើមបណ្តឹងបានដាក់ពាក្យបណ្តឹងដោយផ្ទាល់ និងខ្លះបានប្តឹងតាមរយៈប្រព័ន្ធអនឡាញ។
លោកថ្លែងថា៖ «ការទទួល និងដោះស្រាយបណ្តឹងពិតជាបានរួមចំណែកយ៉ាងសកម្ម និងបំពេញបន្ថែមឱ្យយន្តការផ្សេងទៀតក្នុងការអនុវត្តវិធានការគន្លឹះរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងការសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការដោយបានបង្កើតបរិយាកាសសុខដុមនីយកម្មក្នុងសង្គមជាតិស្របតាមនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុនសែន»។
ក្នុងនីតិកាលទី៦ នៃរដ្ឋសភា និងដើមនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអធិការកិច្ចបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពីមជ្ឈដ្ឋាននានាបានចំនួន ៦៧២ ករណី បានន័យថា ជាមធ្យមក្នុង ១ ឆ្នាំក្រសួងបានទទួលបណ្តឹងចំនួន ១៣០ ករណី ភាគច្រើនជាទំនាស់ដីធ្លី។ ក្នុងឆ្នាំ ២០២៣ ក្រសួងអធិការកិច្ចបានសម្របសម្រួលបញ្ចប់វិវាទដោយភារតភាព និងឈរលើគោលការណ៍ឈ្នះឈ្នះបាន ៤០ ករណី៕