​ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន បាន​លើកឡើងថា ក្នុង​ដំណើរ​ការកសាង​សន្តិភាព និង​ប្រជា​ធិ​ប​​តេ​យ្យ​នៅ​កម្ពុជា ស្ថាប័ន​វិទ្យុ​បាន​ដើរតួនាទី​ជា​កាតាលីករ​ដ៏​សំខាន់ ក្នុងការ​បញ្ជ្រាប​ព័ត៌មាន ដើម្បី​លើកកម្ពស់​ចំណេះដឹង​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ក្នុងសង្គម​។ នេះ ជាការ​ថ្លែង​នាឱកាស​អបអរសាទរ​ទិវា​វិទ្យុ​ពិភពលោក លើក​ទី​១៣ នៅ​ថ្ងៃទី​​ ១៣ ខែកុម្ភៈ ឆ្នាំ ​២០២៤​។​

​ទិវា​វិទ្យុ​ពិភពលោក ត្រូវបាន​បង្កើត​ក្នុង​គោលបំណង​ជំរុញ​លើកកម្ពស់​ការយល់​ដឹង​របស់​សាធារណជន​ពី​សារៈសំខាន់​របស់​វិទ្យុ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បង្កើន​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​ប្រតិបត្តិ​ករ​នៃ​ស្ថាប័ន​វិទ្យុ ដើម្បី​អភិវឌ្ឍន៍ និង​ធ្វើ​ទំនើបកម្ម​ស្ថានីយ​វិទ្យុ ឆ្លើយតប​តាម​តម្រូវការ​របស់​សាធារណជន និង​ការវិវឌ្ឍ​សង្គម​នៃ​បច្ចេកវិទ្យា​ឌីជីថល​។​

​លោក នេត្រ ភក្ត្រា ថ្លែងថា នៅ​ឆ្នាំ ២០២៤ ទិវា​វិទ្យុ​ពិភពលោក​ត្រូវបាន​ប្រារព្ធ​ក្រោម​ប្រធានបទ «១ សតវត្សរ៍ នៃ​វិទ្យុ​ក្នុងការ​ផ្តល់ព័ត៌មាន អប់រំ និង​ការកម្សាន្ត​» ដែល​បាន​ឆ្លុះបញ្ចាំង​ពី​តួនាទី​ដ៏​សំខាន់ សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និង​ការ​កម្សាន្ត តាម​សម័យកាល​នីមួយៗ ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ស្ថាប័ន​វិទ្យុ​នៅតែ​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​គ្រប់គ្រង​លម្ហ​ព័ត៌មាន សន្តិសុខ​ព័ត៌មាន និង​សណ្តាប់ធ្នាប់​សង្គម​កម្ពុជា តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​។​

​លោក​ថ្លែងថា ក្នុងដំណាក់កាល​រីក​ចម្រើន​នៃ​សង្គម សេដ្ឋកិច្ច និង​បច្ចេកវិទ្យា និង​ជាពិសេស ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ឌី​ជីថ​ល ស្ថាប័ន​វិទ្យុ​កម្ពុជា​កំពុង​យកចិត្ត​ទុក​ដាក់​បង្កើន​ប្រតិបត្តិការ ដោយបាន​សម្រប​ខ្លួន​តាមរយៈ​ការរួមបញ្ចូល​មធ្យោបាយ​ផ្សព្វផ្សាយ​ជំនាន់​ថ្មី ដែលមាន​ទម្រង់​ចម្រុះ មាន​ទាំង​រូបភាព និង​សំឡេង ដោយ​ត្រូវ​យកចិត្តទុកដាក់​កសាង និង​អភិវឌ្ឍ​សមត្ថ​ភាព​ដឹកនាំ និង​ប្រតិបត្តិ ដើម្បី​រួមចំណែក​ប្រែក្លាយ​ស្ថាប័ន​ព័ត៌មាន ទៅជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ ប្រកបដោយ​បុ​រេ​សកម្ម សកម្ម និង​អន្តរ​សកម្ម ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​

​លើកកម្ពស់ និង​កសាង​សមត្ថភាព​ក្នុង​ការផលិត​មាតិកា​កម្មវិធី​ប្រកបដោយ​គុណភាព និង​ភាព​ច្នៃប្រឌិត​, បន្ត​រួមគ្នា​ការពារ​សណ្ដាប់​​ធ្នាប់​ស្ថាប័ន​សារព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន​, បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​។​

​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជាបាន​ថ្លែងថា ការផ្សព្វផ្សាយ​របស់​ក​ម្ម​វិធី​វិទ្យុ​នាពេល​បច្ចុប្បន្ននេះ ឈានដល់​ដំណាក់កាល​សារ​ព័ត៌មាន​ឌីជីថល ដោយ​ប្រែក្លាយ​ទម្រង់​ខ្លឹមសារ​ទៅជា​ទំនើបកម្ម តាមរយៈ​ការកែ​ប្រែ​របៀបរបប និង​វិធីសាស្ត្រ​នៃ​ការ​ផ្សព្វ​ផ្សាយ គួបផ្សំ​ជាមួយនឹង​ការកែច្នៃ​ខ្ពស់​ដើម្បី​ដើរ​ឱ្យទាន់​សម័យកាល​ឌីជីថល​ទំនើប​នាពេល​បច្ចុប្បន្ននេះ​៕