ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងសិក្សាលម្អិត ក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀតក្រោយពីមានគំនិតផ្តួចផ្តើមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេលដែលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ។
លោក ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន និងជាប្រធានអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែកុម្ភៈថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ អន្តរក្រសួង-ស្ថាប័នបានបើកកិច្ចប្រជុំជាលើកទី២ ដើម្បីពិនិត្យពិភាក្សាលម្អិតលើការរៀបចំឯកសារទស្សនទាន ដើម្បីរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។
លោកបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍,អគ្គលេខាធិការគណៈកម្មការវិនិយោគនៃ ក.អ.ក. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដែលនេះជាកិច្ចប្រជុំផ្ទៃក្នុងផ្នែកបច្ចេកទេស ដើម្បីពិភាក្សាគ្នាឱ្យបានលម្អិតលើការងាររៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ។
លោក ហឿន សំនៀង បានបញ្ជាក់ថា៖ «នេះជាកិច្ចប្រជុំលើកទី២ ហើយ ដើម្បីពិភាក្សាលើការរៀបចំឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដោយអនុវត្តស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះក្នុងគោលបំណងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត»។
ទោះជាយ៉ាងណា ប្រធានអ្នកនាំពាក្យនៃ CDC បានលើកឡើងថា កិច្ចពិភាក្សានៅធ្វើឡើងជាច្រើនលើកទៀត ដោយមិនទាន់អាចកំណត់ពីទីតាំងដែលត្រូវជ្រើសរើសធ្វើតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នៅឡើយទេ។
លោកបន្ថែមថា៖ «គោលបំណងនៃការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ មានគោលបំណងធំ គឺទាក់ទាញការវិនិយោគមកពីជប៉ុនបន្ថែមទៀត។ យើងបានខិតខំបង្កើតច្បាប់ស្តីពីវិនិយោគ និងការលើកទឹកចិត្តនានា រួមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះផងគឺសំដៅរុញកំណើនការវិនិយោគដោយផ្ទាល់មកកាន់ប្រទេសយើង»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្ម តែងតែគាំទ្រឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ព្រោះថា ការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនេះ វាជួយច្រើនក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា។
លោកបញ្ជាក់ថា៖ «ការវិនិយោគបើករោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺវាមានភាពងាយស្រួលក្នុងការបំពេញបែបបទ ការលើកលែងពន្ធ តាមច្បាប់វិនិយោគថ្មី ខណៈតំបន់សេដ្ឋកិច្ចពិសេសនឹងធ្វើឱ្យកាន់តែមានផាសុកភាពបន្ថែមទៀតសម្រាប់អ្នកវិនិយោគ»។
បើតាមលោក លឹម ហេង ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ ជាម៉ូដែលគំរូ ដែលអាចទាញបាននូវទំនុកចិត្តអ្នកវិនិយោគមកពីគ្រប់បណ្តាប្រទេសខណៈដែលការវិនិយោគរបស់ជប៉ុនកន្លងទៅមានភាពច្បាស់លាស់ ហ្មត់ចត់ និងគិតគូរច្រើនដល់បរិស្ថាន។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្នុងឆមាសទី៣ ឆ្នាំ ២០២៣ ជប៉ុនជាប្រទេសដែលបានបោះទុនវិនិយោគជាប់លំដាប់ថ្នាក់ទី៤ នៅកម្ពុជា ដោយមានទុនវិនិយោគប្រមាណ ១១,៣ ទ្រីលានរៀល ដែលស្មើនឹង ១១,៦ ភាគរយ នៃទុនវិនិយោគផ្ទាល់ពីបរទេសសរុបរបស់កម្ពុជា៕