ភ្នំពេញៈ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ការបណ្តុះបណ្តាលបន្ថែមដែលក្រសួងបានរៀបចំឡើងសម្រាប់មន្ត្រីកសិកម្មឃុំទាំង ២៥០ នាក់ គឺដើម្បីជួយមន្ត្រីកសិកម្មឃុំឱ្យត្រៀមខ្លួនបានល្អ មុននឹងជួយកសិករនៅតាមឃុំដែលមានផលិតកម្មស្រូវនៅក្នុងខេត្តចំនួន ១៧។
លោក យ៉ង សាំងកុមារ បានថ្លែងបែបនេះនៅថ្ងៃទី ១៣ ខែកុម្ភៈ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ ដែលជាក្របខ័ណ្ឌថ្មីរបស់ក្រសួងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីមុននឹងចុះទៅតាមឃុំនានានៅខែមីនា ឆ្នាំ ២០២៤។
លោកបានបន្តថា ការបណ្តុះបណ្តាលកន្លងមកទាំងការបណ្តុះបណ្តាលដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ រួមទាំងការបណ្តុះបណ្តាលរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកុម្ភៈនេះដែរ គឺជាការតម្រង់ទិសបន្ថែមក៏ដូចជាការគាំទ្រ និងពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំទាំង ២៥០ នាក់ មុននឹងអនុញ្ញាតឱ្យពួកគេចុះជួយកសិករផ្ទាល់។
លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា៖ «ចំពោះការបណ្តុះបណ្តាលក្នុងរយៈពេល ៤ ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងជួយដល់ប្អូនៗដើម្បីត្រៀមខ្លួនបានល្អប្រសើរក្នុងការបំពេញតួនាទី និងការទទួលខុសរបស់យើង ដូចដែលបានចែងក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល»។
«ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេសក្នុងអាណត្តិទី៧ នេះដែលជំហានដំបូងមានចំនួន ២៥០ នាក់, បន្ទាប់មក ៨០០ នាក់ និងសម្រាប់ឆ្នាំ ២០២៥ ចំនួន ៥៥០ នាក់ សរុបទូទាំងប្រទេសមានចំនួន ១ ៦០០ នាក់នេះ គឺធ្វើយ៉ាងណាឱ្យប្រជាកសិករយើងគ្រប់រូប នៅគ្រប់ទីកន្លែងទទួលបានសេវាគាំទ្របច្ចេកទេសកសិកម្មពីមន្ត្រីកសិកម្មឃុំ នៅក្នុងឃុំសង្កាត់ទាំងជាង ១ ៥០០»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក យ៉ង សាំងកុមារ។
ទន្ទឹមនឹងនោះ លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទដែលចូលរួមបើកវគ្គបណ្តុះបណ្តាលនេះបានលើកឡើងដែរថា ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមបណ្តាឃុំ-សង្កាត់ គឺជាការបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានសកម្មភាពកសិកម្មដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ ទាំងនោះទទួលបានសេវាកសិកម្ម និងការប្រឹក្សាយោបល់ បច្ចេកទេសផ្សេងៗ។
លោកបានបន្ថែមថា មន្ត្រីកសិកម្មឃុំទាំង ២៥០ នាក់នឹងត្រូវចាត់បញ្ជូនឱ្យទៅបំពេញការងារនៅតាមឃុំដែលបានជ្រើសរើសចំនួន ២៥០ ឃុំ ក្នុងស្រុកចំនួន ៨៩ នៃខេត្តចំនួន ១៧ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលតម្រង់ទិសនេះ។ កម្មវិធីសម្រាប់បណ្តុះបណ្តាលដំបូងនាពេលនេះគឺសុទ្ធសឹងតែជាកម្មវិធីល្អៗមុខជំនាញសំខាន់ៗ និងមានសារប្រយោជន៍សម្រាប់មន្ត្រីកសិកម្មឃុំ។
លោកថា៖ «កម្មវិធីដែលក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាល តម្រង់ទិសដំបូងដែលមានរយៈពេល ៤ ថ្ងៃ សម្រាប់ក្មួយៗនាពេលនេះ គឺមានលក្ខណពិសេសនិងមានសារៈសំខាន់ខ្លាំងណាស់ព្រោះមាតិកាឬប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់ការបណ្តុះបណ្តាលមានលក្ខណៈជាពហុជំនាញ មានគ្រប់អនុវិស័យទាក់ទងនឹងវិស័យកសិកម្មដែលត្រូវបានលើកយកមកបណ្តុះបណ្តាល រួមទាំងការងារទាក់ទងនឹងការងារដឹកនាំ និងគ្រប់គ្រងផងដែរ»។
ជាមន្ត្រីកសិកម្ម ១ រូប លោក ញិន រ៉ា ដែលត្រូវទៅបម្រើការងារនៅឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារដែលជាស្រុកកំណើតរបស់លោក បានបង្ហាញពីក្តីរីករាយចំពោះលទ្ធផលប្រឡងជាប់ក្របខ័ណ្ឌជាមន្ត្រីកសិកម្មឃុំ ដោយលោករំពឹងថា នឹងយកចំណេះដឹងដែលទទួលបានពីការសិក្សានាពេលកន្លងទៅ និងបានពីវគ្គបណ្តុះបណ្តាលជាមួយក្រសួងកសិកម្មកន្លងមកយកទៅចែករំលែក និងបណ្តុះបណ្តាលបន្តដល់ប្រជាកសិករនៅក្នុងឃុំរបស់លោក។
លោក ញិន រ៉ា បានបង្ហាញពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តដូច្នេះថា៖ «ខ្ញុំប្តេជ្ញាចិត្តថា នឹងប្រើប្រាស់ចំណេះដឹងដែលខ្ញុំមាន ទៅជួយកសិករក្នុងឃុំ ស្រុករបស់ខ្ញុំ ជាពិសេសលើបច្ចេកទេស និងទីផ្សារ ជាដើម ដែលជាបញ្ហាដែលកសិករ នៅឃុំរបស់ខ្ញុំជួបប្រទះនាពេលកន្លងមក»។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល ៤ ថ្ងៃនេះ មន្ត្រីកសិកម្មឃុំទាំងអស់នឹងទទួលបានចំណេះដឹង ពហុជំនាញបន្ថែម និងបានយល់ដឹងពីបេសកកម្ម រចនាសម្ព័ន្ធគ្រប់គ្រង, ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃកម្ពុជា, ក្រមសីលធម៌មន្ត្រីរាជការ,ការគ្រប់គ្រងបុគ្គលិក, មូលដ្ឋានគ្រឹះទាក់ទងនឹងបែបបទរដ្ឋបាល និងរចនាសម្ព័ន្ធ និងការគ្រប់គ្រងមន្ត្រីកសិកម្មឃុំ-សង្កាត់ បន្ថែមលើតួនាទីភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ ដែលបានកំណត់ក្នុងរចនាសម្ព័ន្ធដឹកនាំ និងតួនាទីភារកិច្ចរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម៕