​ក្រសួង​-​ស្ថាប័ន​ចំនួន​៤ បាន​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល និង​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ក្រើនរំឭក ដោយ​កុំ​យក​ថ្ងៃទី​១៤​កុម្ភៈ «​ទិវា​នៃ​សេចក្តីស្រឡាញ់​» ទៅ​ប្រព្រឹត្ត​សកម្មភាព​ប្រាសចាក​សីលធម៌ វប្បធម៌ ក៏ដូចជា​ប្រពៃណី​ខ្មែរ​។

​ក្រសួង​កិច្ចការនារី បាន​លើកឡើងថា កន្លងមក​មាន​ប្រជាពលរដ្ឋ និង​យុវជន យុវនារី​មួយចំនួន នៅមាន​ការយល់​ខុស និង​ភាន់ច្រឡំ​លើ​អត្ថន័យ​នៃ​ថ្ងៃទី​១៤ ខែកុម្ភៈ ដែល​មនុស្ស​មួយចំនួន បាន​យក​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ ទៅ​ប្រព្រឹត្ត​សកម្ម ភាព​ដែល​ពុំគួរ​គប្បី ប្រាសចាក​សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​។ 

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​សូម​ក្រើនរំឭក​ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន យុវនារី​ខ្មែរ មេត្តា​ប្រកាន់ខ្ជាប់​នូវ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ចូលរួម​ថែរក្សា លើកស្ទួយ កិត្យានុភាព​ជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ដែលជា​មរតក​ដ៏​ថ្លៃថ្លា​បន្សល់ទុក​តាំងពី​បុរាណកាល​មក ហើយ​គួរ​សិក្សា​ស្រាវជ្រាវ ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ​លើ​អត្ថន័យ និង​ខ្លឹមសារ​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​»​។ 

ទន្ទឹមនឹង​នេះដែរ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​ផ្សព្វផ្សាយ​អប់រំ ពន្យល់​ណែនាំ ក្រើនរំឭក​ដល់​កូនចៅ ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នៃ​ក្តី​ស្រឡាញ់​ថ្ងៃទី​១៤​ កុម្ភៈ ឱ្យស្រប​តាម​គន្លង​ប្រពៃណី​ដ៏​ល្អ​ត្រកាល​របស់​ខ្មែរ ដើម្បី​ជា​កិត្តិយស និង​ភាពថ្លៃថ្នូរ​របស់ខ្លួន របស់​ក្រុមគ្រួសារ​ខ្លួន ពិសេស​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​នៃ​សង្គមជាតិ​។​

ចំណែក រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃ​ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប់​ជាប្រចាំ និង​ត្រូវ​ផ្សព្វផ្សាយ​ពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដល់​សិស្សានុសិស្ស​ឱ្យបាន​ទូលំទូលាយ ដើម្បី​ចៀសវាង​ការយល់ច្រឡំ​ដែលនាំឱ្យ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​របស់​ខ្មែរ​។​

​បន្ថែម​ពីនេះ​ក្រសួង​អប់រំ ក៏បាន​ណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ត្រូវមាន​ទំនាក់ទំនង​ជាមួយ​មាតាបិតា ឬ​អ្នកអាណាព្យាបាល​សិស្ស និង​សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ដែល​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី​ផងដែរ​។​

ដោយឡែក ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះដែរ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​អំពាវនាវ​ដល់​ពលរដ្ឋ ជាពិសេស​យុវវ័យ កុំ​ធ្វើ​សកម្មភាព​អ្វីដែល​ប្រាសចាក​ពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ និង​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្ទាល់ខ្លួន​ផងដែរ​។ ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ដាក់ចេញ​ពាក្យស្លោក​ថា «​ស្រឡាញ់​ពិត ថែ​ជីវិត​ចាក​ពី​មេរោគ​អេដស៍​»​។​

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បានឱ្យដឹងថា​៖ «​សូម​ស្នើ​ក្មួយៗ​ប្រើប្រាស់​ទិវា​នៃ​ក្តី​ស្រឡាញ់ ទៅជា​ការស្រឡាញ់​ខ្លួនឯង ស្រឡាញ់​គ្រួសារ ស្រឡាញ់​បងប្អូន ស្រឡាញ់​ញាតិមិត្ត ស្រឡាញ់​ប្រទេសជាតិ ស្រឡាញ់​វប្បធម៌ ប្រពៃណី ដូនតា​ខ្មែរ​ដ៏​ផូរផង់​របស់​យើង​»​។​

​បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ មកដល់​ពេលបច្ចុប្បន្ន​នេះ ការឆ្លង​រីក​រាលដាល​មេរោគ​អេដស៍ នៅ​កំពុង​បន្ត​កើតមាន​ក្នុងចំណោម​ក្រុម​ប្រជាជន​គន្លឹះ ជាពិសេស​ក្រុម​យុវវ័យ​បុរស​រួមភេទ​ជាមួយ​បុរស​។ 

​តាម​ការប៉ាន់ប្រមាណ​នៅ​ឆ្នាំ​២០២៣​ នេះ អ្នក​ផ្ទុកមេរោគ​អេដស៍ មាន​ចំនួន​ប្រមាណ ៧៦០០០ ​នាក់ អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​មាន​ប្រមាណ ១៤០០​ នាក់ នៅក្នុង ១​ ឆ្នាំ ឬ​ប្រមាណ​ ៤​ នាក់​ នៅក្នុង ១​ ថ្ងៃ​។ ក្នុងចំណោម​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ប្រមាណ ៤២% គឺជា​យុវវ័យ​ដែលមាន​អាយុ​ពី​១៥-២៤​ឆ្នាំ​៕

ជាមួយគ្នានេះដែរ យោងតាម​របាយការណ៍​របស់លោក តុង សុ​ប្រាជ្ញ អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​សុខភាព​សាធារណៈ បាន​បង្ហាញថា យុវវ័យ​កម្ពុ​ជា ជាង​ពាក់កណ្ដាល បាន​ធ្លាក់ចុះ​ចំពោះ​ការរួម​ភេទ​ក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ បើ​ធៀប​នឹង ១៥​ឆ្នាំមុន ពី​ ១២,៤% ក្នុង​ឆ្នាំ​២០០៩ មក​សល់​ត្រឹម ២,២% ក្នុង​ឆ្នាំ​២០២៤​ នេះ​។​

​លោក​បានឱ្យដឹងថា គម្រោង​ស្រាវជ្រាវ​នេះ បានធ្វើ​ទៅលើ​យុវវ័យ​ ដែលមាន​ទ្រព្យសម្បតិ្ត​បង្គួរ​ដែលមាន​អាយុ​ពី ១៥ ​ឆ្នាំ ទៅ ២៤​ ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​។ ដោយឡែក​យុវវ័យ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ ត្រូវបាន​បែង​ចែកចេញជា​ ៤​ ផ្នែក គឺ​យុវជន​ដែលមាន​គូសង្សារ យុវជន​ដែល​មិនមាន​គូ យុវនារី​ដែលមាន​គូសង្សារ និង​យុវនារី​ដែល​មិនមាន​គូដែលមាន​ចំនួន​សរុប ១៤៦៩​ នាក់ (​ស្រី​ ៨០៥ ​នាក់​)​។ 

ក្នុង​របាយការណ៍​បាន​បង្ហាញថា ៖ «​យុវវ័យ មានការ​ចាប់អារម្មណ៍​ ចំពោះ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់​តិចជាង​ជិត​ពាក់កណ្តាល មាន​ពី ៦១,២% ក្នុង​ឆ្នាំ​២០០៩ មក​សល់​ត្រឹមតែ​ ៣៤,៤% ក្នុង​ឆ្នាំ​២០២៤​។ ចំណែក​យុវវ័យ ​ដែលមាន​គូស្នេហ៍ ​ដែល​ចាប់អារម្មណ៍​វិញ បាន​ថយ​ពី​ ៨១% ក្នុង​ឆ្នាំ​២០០៩ មក ៣៩,០% ក្នុង​ឆ្នាំ​២០២៤»​។ 

លោក ​តុង សុ​ប្រាជ្ញ​ បញ្ជាក់​តាមរយៈ​របាយការណ៍​ថា​៖ «​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ទំនាក់ទំនង​ផ្លូវភេទ ​ក្នុងចំណោម​យុវវ័យ ដែល​អាច​នឹង​រួមភេទ​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រឡាញ់ មានការ​ធ្លាក់ចុះ ៥​ដង បើ​ធៀប​នឹង​ការសិក្សា​កាលពី ​១៥ ​ឆ្នាំ មុន គឺមាន ១២,៤% ក្នុង​ឆ្នាំ​២០០៩ មក​សល់​ត្រឹមតែ ២,២% ក្នុង​ឆ្នាំ​២០២៤​នេះ​»​។​

ការដែល​មានបំណង​រួមភេទ​ក្នុង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជាក់លាក់​គឺ​ការដែល​និយម​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នេះ​ថា ជា​ថ្ងៃ​ពិសេស​សម្រាប់​យុវវ័យ​នោះ គឺមាន​ទិន្នាការ​ធ្លាក់ចុះ​ជាង​ពាក់កណ្ដាល បើ​ធៀប​នឹង ១៥ ​ឆ្នាំ មុន​»៕